ថៃ្ង​នេះ​កាល​ពី​ ១៥​ឆ្នាំ​មុន Ronaldo ប្រេស៊ីល​ឈ្នះ​ពាន Ballon D'or ជា​លើក​ទី ២​របស់​ខ្លួន

  • 2017-12-12 12:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០០២ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Ronaldo បាន​ឈ្នះ​ពាន​កីឡាករ​បាល់​ទាត់​ល្អ​បំផុត​ក្នុង​ពិភព​លោក Ballon D'or ជា​លើក​ទី ២​របស់​ខ្លួន បន្ទាប់​ពី​ឈ្នះ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ ១៩៩៧។

ដោយ​សារ​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ Ronaldo បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ ១៥លើក និង​ស៊ុត​ចូល​ត្រឹម​តែ​ ៧​គ្រាប់​ឲ្យ​ក្លឹប​អ៊ីតាលី Inter Milan កាល​ពី​រដូវ​កាល​ ២០០១/២០០២។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​កណ្ដាល​រូប​នេះ បាន​សះ​ពី​របួស​វិញ និង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ខ្លាំង​ណាស់ ក្នុង​ World Cup ឆ្នាំ ២០០២ ដែល​ធ្វើ​ឡើង​នៅ​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង។ ក្នុង​ព្រឹត្តិការណ៍​នេះ Ronaldo បាន​បំប៉ោង​សំណាញ់​ទី​រហូត​ដល់ ៨​គ្រាប់ ក្នុង​នោះ​ ២​គ្រាប់​ ស៊ុត​ចូល​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពេល​លេង​ជាមួយ​អាល្លឺម៉ង់ ជួយ​ឲ្យ​ប្រេស៊ីល​លើក​ពាន​ World Cup ​លើក​ទី ៥​របស់​ខ្លួន។

ក្នុង​ឆ្នាំ​ដដែល​ Ronaldo បាន​ចាក​ចេញ​ពី Inter ទៅ​ចូល​រួម​ជាមួយ​ក្លឹប Real Madrid នៅ​អេស្ប៉ាញ ក្នុង​ការ​ផ្ទេរ​មួយ​ដែល​មាន​តម្លៃ ៤៦​លាន​អឺរ៉ូ ហើយ​ក៏​ឈ្នះ Ballon D'or នៅ​ទី​នោះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី