៤​ជំហាន ​ជួយឲ្យ​​ផែនការ​ឆ្នាំថ្មី​​ទទួល​បាន​ជោគជ័យ​ទាំង​វ័យក្មេង​

  • 2017-12-13 22:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរស់​នៅក្នុង​ជីវិតដដែល​ពិតជាធ្វើ​ឲ្យមនុស្ស​កាន់តែគ្មាន​ភាពក្លាហាន​ក្នុងការ​ចាប់​ផ្ដើមធ្វើអ្វី​ថ្មីៗ​នោះ​ទេ។​ មនុស្ស​ម្នាក់ៗ​ត្រូវមាន​គោលដៅ​ផ្ទាល់​ខ្លួន ហើយ​គោលដៅ​នីមួយៗ​ដាច់ខាត​ត្រូវតែ​មាន​ផែនការ​ជាមុន​ ទើប​អាច​សម្រេច​បាន។ ​ផែនការ​ជារឿង​ដែល​លោកអ្នក​ត្រូវគិត​ទុក​ជាមុន​នូវរឿង​ដែល​ចង់សម្រេច​នៅពេល​ណា​មួយ ​ប៉ុន្តែកុំយូរ​ពេក វា​អាចឲ្យ​អ្នក​មានលេស​មិនធ្វើវា ឬបន្លាយ​ពេល​វេលា​អត់បានការ​។

ទន្ទឹម​នឹង​នេះ​ លោកស្រី​ ប៉ែន បុប្ផា ​គ្រូបណ្ដុះ​បណ្ដាល​ជម្រុញ​លើកទឹកចិត្ត​និងភាព​ជាអ្នក​ដឹកនាំ​ បាន​ថ្លែង​ថា​៖ «គោលដៅ​យើង​គួរកំណត់​ឲ្យវែង​បំផុត​ត្រឹម​ ៤ ទៅ ៥ ឆ្នាំ​ យើង​ត្រូវ​សម្រេច​អ្វី ​ហើយ​ក្នុងគោលដៅ​នោះ យើង​ត្រូវគិត​ពីផែនការ​មួយឆ្នាំៗ​ឲ្យច្បាស់​ ហើយ​ត្រូវកំណត់​វិន័យឲ្យ​ខ្លួនឯង​ផងដែរ​»។ ​ឧទារហណ៍ ​បើអ្នក​ចង់​ក្លាយ​ជា​មនុស្សជោគជ័យទាំងវ័យក្មេង​ គួរណាស់​ត្រូវមាន​ផែនការ​ជាក់លាក់​ ដើម្បីធ្វើវា​ឲ្យក្លាយ​ជាការ​ពិត។​

(លោកស្រី​ ប៉ែន បុប្ផា ​គ្រូបណ្ដុះ​បណ្ដាល​ជម្រុញ​លើកទឹកចិត្ត​និងភាព​ជាអ្នក​ដឹកនាំ​)

​លោក​ស្រី​ថា ​ដើម្បី​សម្រេច​ផែនការ​រយៈ​​មួយឆ្នាំ​ គួររៀន​ដើរជា​ជំហានៗ​ដូចជា​៖

នៅ​ត្រីមាស​ទី១​. រៀន​ស្គាល់​គេ​

មាន​វិធីច្រើន​យ៉ាង​ដែលយើង​អាចបង្កើត​ទំនាក់ទំនង​ទៅកាន់​អ្នកដទៃ​ ប៉ុន្តែ​មិនមែន​ទាក់​ទង​គ្រប់​ប្រភេទ​មនុស្ស​ទាំងអស់​នោះទេ​។ ​លោកអ្នក​អាច​ស្វែងយល់​ពីមជ្ឈដ្ឋាន​មនុស្ស ​ដែលត្រូវ​នឹងអ្វី​ដែល​អ្នកចង់​បាន តួយ៉ាង​គោលដៅ​របស់អ្នក​គឺចង់​រកស៊ី​ មិនគួរ​ចំណាយ​ពេល​នឹងមនុស្ស​ចូលចិត្ត​ដើរ​លេង​សប្បាយ​​ទេ។ ​ហេតុ​ដូច្នេះ​ ​មនុស្សដែល​គួរ​ស្គាល់ ​លោក​អ្នកអាចស្វែងរក​នៅតាម​សិក្ខាសាលា ឬកម្មវិធី​ជួបជុំណា​ដែល​មាន​ប្រយោជន៍​​ និង​ស្ដាប់​បទពិសោធ​ពីអ្នក​ជោគជ័យ​ឲ្យច្រើន។

​នៅត្រីមាសទី២. រៀនពីគេ

​ត្រង់ចំនុច​នេះ​ ​លោកអ្នក​ត្រូវពីការងារ​ដែល​កំពុង​ធ្វើ ​កុំមាន​លេស​ កុំបោះ​បង់ និង​រៀនសូត្រ​ដោះស្រាយ​រឿង​លំបាកៗ​។ អ្វីដែល​សំខាន់​នោះ​ ក្រុមហ៊ុនដែលធ្វើការ មិនតម្រូវឲ្យធំឬ តូចទេ តែជា​ក្រុមហ៊ុន​ដែលអ្នកអាច​រៀនសូត្រ​បានថ្មីៗ​ និង​ពង្រីក​សមត្ថភាព​បាន​លឿន​រហ័ស​។ ចំណុចនេះ​សំខាន់​ណាស់​ ព្រោះវា​ជា​ជំហាន​នៃ​កាំជណ្ដើរ​ ដើម្បីឆ្ពោះ​ទៅមុខ​ថែម​ទៀត​។

ត្រីមាសទី៣. ​រៀន​ធ្វើអ្វី​ថ្មីៗ​

រៀនសាកល្បងធ្វើអ្វីថ្មី កុំខ្លាចខុស​ច្រើន​ពេក​ ព្រោះថា​មនុស្ស​គ្រប់គ្នា ​មិនអាច​ធ្វើអ្វី​ដោយ​ជោគជ័យ​មួយរយ​ភាគរយ​ឡើយ ហើយក៏គ្មានអ្នកណា​ជោគជ័យ​ដែរ បើមិនសាងកំហុស​មុននោះ។

ត្រីមាសទី៤. ​រៀនមើល​ឡើង​វិញ

នេះជា​ដំណាក់​វិសោធនកម្ម​ ឬត្រួត​ពិនិត្យ​លើគម្រោង​ដែលអ្នក​បាន​អនុវត្ត។ ​យ៉ាងណា​មិញ ប្រសិន​បើមានគ្រូ​បង្គោល​ណា​ម្នាក់ ​សម្រាប់​ផ្ដល់​ប្រឹក្សា​ និង​កំណត់​ចំណាំ​ទង្វើទាំងអស់​របស់អ្នក​ នោះអាច​ជាកញ្ជក់ឆ្លុះ​យ៉ាងច្បាស់​ថា អ្នក​​នឹងមិន​ងាយ​ធ្វើរឿងមាន​កំហុស​ឡើយ​។ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម