ទេសភាព​កម្ពុជា ស្អាត​​ខ្លាំង រហូត​ទទួល​បាន​ពាន​១​ពី​​មហោស្រព​​ភាពយន្ត​អន្តរជាតិ

  • 2017-12-13 07:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​មោទនភាព​ភាព​​ដ៏​ធំ​១​ ដោយ​​ថ្មីៗ​នេះ ​ទេសភាព​​​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ពាន​​រង្វាន់​១ពី​​មហោស្រព​ភាពយន្ត​១​​នៅ​ប្រទេស​ឥណ្ឌា។

ពាន​រង្វាន់​​ក្ដៅៗ​ដែល​ខ្មែរ​ទទួល​បាន​នោះ​គឺ​ជា​ ពាន​ប្រទេស​ដែល​មាន​ "ទីតាំង​ថត​ភាពយន្ត​លេចធ្លោ​ប្រចាំ​ឆ្នាំ២០១៧" ឬ​​មាន​ន័យ​ជា​ភាសា​អន្តរជាតិ​ថា​ “Emergin Film Shooting Location of The Year 2017"។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ថត​ភាពយន្ត ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ​នេះ។

​លោក ជៀប សុវិជ្ជា មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​​​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ "International Film Business Award ​ដែល​ធ្វើ​ឡើង​ក្នុង​មហោស្រព​ភាពយន្ត​ឥណ្ឌា ឬ Indywood Film Carnival ​មាន​ទីតាំង​នៅ​តំបន់​​​ Ramoji Film City ​​ទី​ក្រុង Hyderabad ប្រទេស​ឥណ្ឌា​កាល​ពី​ដើម​ខែ ធ្នូ ​ឆ្នាំ ២០១៧​នេះ ដែល​មាន​ប្រទេស​ជា​ច្រើន​​​ជុំ​វិញ​ពិភព​លោក​​ចូល​រួម។

Indywood Film Carnival ជា​ព្រឹត្តិការណ៍​​មួយ​ដែល​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ Telangana និង​​​​ជា​មហោស្រព​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​​ប្រជុំ​ទៅ​ដោយ​ភាពយន្ត​ និង​រូបភាព​ឯកសារ​​​ជា​ច្រើន។ ​​កម្មវិធី​នេះ ក៏​ជា​​ជំនួប​សម្រាប់​សមិទ្ធិករ ផលិតករ និង​អ្នក​ឯក​ទេស​​ភាពយន្ត​ ដែល​មាន​ស្នាដៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង ជុំ​វិញ​ពិភពលោក ដែល​បាន​រៀប​ចំ​៣លើក​ហើយ គិត​ឆ្នាំ​២០១៧​នេះ។

លោក ជៀប សុវិជ្ជា

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មហោស្រព​ដដែល​នេះ កម្ពុជា​ មិន​បាន​យក​ភាពយន្ត​ទៅ​​បង្ហាញ​ទេ ផ្ទុយ​ទៅ​វិញ​ កម្ពុជា​ បាន​យក​​​រូប​ភាព និង វីដេអូ ពី​ទេសភាព​នៅ​តំបន់​ផ្សេងៗ​ដូចជា ​​ឆ្នេរ​សមុទ្រ ព្រៃ​ភ្នំ ស្ទឹង បឹង បួរ ប្រាសាទ ទីក្រុង ទៅ​បង្ហាញ​។ ដោយសារតែ ទេសភាព​ឆ្នេរ​សមុទ្រ​កម្ពុជា សម្រស់​ប្រាសាទ មាន​ភាព​ទាក់​ទាញ ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​ខាង​លើ​ ក្រោម​ការ​វាយ​តម្លៃ​ពី​​គណៈកម្មការ​។

នាយក​មជ្ឈមណ្ឌល​​ដដែល​ លើក​​ឡើង​ទៀត​ថា ពាន​​រង្វាន់​ខាង​លើ បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​​មួយ លើ​វិស័យ​​ភាពយន្ត​កម្ពុជា។ ​លើស​ពី​នេះ វា​​ក៏​ជា​ឱកាស​​ដែល​កម្ពុជា​បាន​បង្ហាញ​ខ្លួន ដល់​ផលិតករ​ភាពយន្ត​អាជីព​នៅ​ប្រទេស​ឥណ្ឌា និង បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​​ឲ្យ​​ស្គាល់​វិស័យ​ភាពយន្ត​​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា​ ព្រម​ទាំង​អាច​ជួយ​ជំរុញ​ដល់​ វិស័យ​ទេសចរណ៍ និង សេដ្ឋកិច្ច​ផង​ដែរ។​

ពាន "ទីតាំង​ថត​ភាពយន្ត​លេចធ្លោ​ប្រចាំ​ឆ្នាំ២០១៧"

ត្បិត​បាន​ផ្ដល់​ពានរង្វាន់​ឲ្យ​ប្រទេស​កម្ពុជា​ ក៏​ពិត​មែន ប្រទេស​ឥណ្ឌា មិន​ធ្លាប់​បាន​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​ឡើយ។ លោក​មាន​សុទិដ្ឋិនិយម​ថា តាម​រយៈ​​ពានរង្វាន់​ខាង​លើ ប្រទេស​កម្ពុជា នឹង​ទទួល​គម្រោង​ភាពយន្ត Bollywood មក​កាន់​ប្រទេស​កម្ពុជា​យើង​កាន់​តែ​​ច្រើន ក្នុង​ពេល​ឆាប់ៗ​នេះ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម