​ ដើម្បី​រក្សា​កិត្តិនាម ​«ស្ករ​ត្នោត»​ ការផលិត​ស្ករត្នោត​ចេញ​​ពី​ស្ករស​ ត្រូវ​ហាម​ឃាត់​ដាច់ខាត

  • 2017-12-13 07:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​លទ្ធ​ផល​​នៃ​ការ​ពិសោធន៍​ ​លើ​ផលិត​​ផល​ស្ករត្នោត​ធ្វើ​ពី​ស្ករស​នៅ​ខេត្ត​តាកែវ ​បាន​បង្ហាញ​ថា គ្មាន​សារ​ធាតុ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ក៏​ដោយ ​ប៉ុន្តែ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​បាន​សម្រេច​​ហាមឃាត់​ការ​ផលិត និង​បិទ​ទីតាំង​ ​ដែល​ផលិត​ស្ករត្នោត​ពី​ស្ករ​ទាំងអស់ ដោយ​មិន​ឲ្យ​ផលិត​បន្ត​ទៀត​ឡើយ​ ​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​ស្ករត្នោត​ ដ៏​ល្បីល្បាញ​របស់​ជាតិ​។

លោក ហេង សោភណ្ឌ អគ្គនាយក​រង​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ប្រាប់​ sabay ឱ្យ​ដឹង​ថា ក្រោយ​ការ​ពិសោធន៍​សំណាក​ស្ករ​ត្នោត​ធ្វើ​ពី​ស្ករស​ នៅ​តាកែវ​ រក​ឃើញ​ថា ពុំ​មាន​សារធាតុ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​នោះ​ទេ។ លទ្ធផល​ពិសោធន៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​យក​សំណាក​ស្ករស​ទៅ​ត្រួតពិនិត្យ​កាល​ពី​សប្ដាហ៍​មុន។ ទោះ​ជា​លទ្ធផល​មិន​ប៉ះពាល់​ដល់​សុខភាព​ក្ដី ក៏​ក្រសួង​បាន​សម្រេច​បិទ​ជា​ផ្លូវការ​នៅ​​ទីតាំង ក្នុង​ខេត្ត​តាកែវ និង ការ​បិទ​ទូទាំង​ប្រទេស​នូវ​រាល់​កន្លែង​ទាំង​ឡាយ​ណា ដែល​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ។

“យើង​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​​មើល​ទីតាំង​​​ផ្សេង​ទៀត​​ក្រែង​មាន​ការកែច្នៃ​បែប​នេះ​ ហើយ​​យើង​ក៏​​​មិន​បា​ន​ដាក់​ទោស​ទណ្ឌ​អ្វី ​ដល់​អ្នក​ដែល​ផលិត​ស្ករ​ក្លែង​ក្លាយ​ទាំង​នោះ​ដែរ ​ពី​ព្រោះ​ពួកគេ​ក៏​មិន​រឹង​ទទឹង ​លើ​ការ​អនុវត្ត​ទាំង​នេះដែ​រ​”។ លោក ហេង សោភណ្ឌ បន្ថែម​។

កាលពី​សប្ដាហ៍​មុន​ អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​ ដែល​ផលិត​ស្ករត្នោត​ចេញពី​ស្ករស នៅ​ស្រុក​បាទី ខេត្ត​តាកែវ ចំនួន ៤៨ទីតាំង។

លោក ហេង សោភណ្ឌ បាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​អាជ្ញាធរ​ធ្លាប់​បាន​កោះ​ប្រ​ជុំ ​ជា​មួយ​ម្ចាស់​សិប្បកម្ម​​ទាំង​នេះ ​តាំង​ពីជាង១ឆ្នាំមុន និង​បានណែនាំ ឱ្យ​សុំ​ច្បាប់​អនុញ្ញាត ក៏ដូចជា​ឱ្យ​បិទ​ស្លាក​សញ្ញា​លើ​ស្ក​រ​ ដែល​បាន​កែច្នៃ​នោះថា​ជា​ ​«ស្ករ​ក្រហម​កែ​ច្នៃ​ពី​ស្ក​រស»​ ​ក៏​ប៉ុន្តែ​ម្ចាស់​ទីតាំង​​មិន​បាន​អនុវត្ត​តាម​ឡើ​យ​​ ដូច្នេះ​វិធាន​ការណ៍​របស់​ក្រសួង​នា​ពេ​ល​នេះ ​គឺ​ជាវិ​ធាន​ការណ៍​ត្រឹម​ត្រូវ ​ព្រោះ​កា​រផលិត​នេះ ​គ្មាន​អនាម័យ ​គ្មាន​បច្ចេកទេស​ ​និង​ក្លែង​បន្លំ ​ដោយ​យក​ស្ករស​ ​និង​ខ្លាញ់ ​​កែច្នៃ ជា​ស្ករត្នោត​ទៅវិញ៕

អត្ថបទ៖ សុផល

រូបភាព៖ ប្រភព​ផ្ដល់​ឲ្យ​