​អស្ចារ្យណាស់! ​​វត្ថុ​បុរាណ​អាយុ​រាប់​ពាន់ឆ្នាំ​ ​កប់​ក្នុង​ប្រាសាទ​តាព្រហ្ម​បង្ហាញ​រូបរាង​​

  • 2017-12-13 08:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​វត្ថុ​សិល្បៈ​បុរាណ​មាន​អាយុ​ជាងមួយពាន់​ឆ្នាំ​​ត្រូវបាន​រកឃើញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នៅក្នុង​កំណាយ​ជួសជុល​សាល​របាំ​ប្រាសាទ​តាព្រហ្ម​កាលពី​ឆ្នាំ​២០១២​ នា​ពេល​នេះបាន​បង្ហាញ​រូបរាង​ និងកំពុងបញ្ជូនទៅរក្សា​ទុក​ក្រសួងវ​ប្បធម៌ និង​វិចិត្រ​សិល្បៈ​ជា​អ្នក​រក្សា​ទុក​ជំនួស​វិញ។ វត្ថុ​បុរាណ​ដែលរកឃើញ​នោះមាន​ដូចជាសន្លឹកមាស​ ចិញ្ចៀន​មាស និង​ព្រះពុទ្ធ​រូប។ ​ពិធី​ប្រគល់​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១២ ខែ​ធ្នូ​ម្សិលមិញ។ នេះបើ​តាម​ប្រភព​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យដឹង​នៅថ្ងៃ​ទី១៣ ខែ​ធ្នូ​នេះ។

(រូបភាពពី​អាជ្ញាធរ​ជាតិ​អប្សរា)

លោក គង់ វីរៈ បាន​ឱ្យដឹង​ថា ក្នុង​ឱកាស​មក​ពិនិត្យ​ទទួល​វត្ថុ​សិល្បៈ​បុរាណ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដែលបាន​ពីការ​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ កំណាយ​ជួសជុល​ផ្សេងៗ​នៅក្នុង​តំបន់​អង្គរ​កន្លងមក​គឺមាន​ដូចជា៖ មកុដ​មាស ឬភ្នួង​សក់​មួយ សន្លឹក​មាស​ដែលចារ​ជា​យ័ន្ត​ផ្សេងៗ​សម្រាប់​បញ្ចុះ​នៅតាម​បល្ល័ង្ក​នៅក្នុង​ប្រាសាទ​ចំនួន ១៦​សន្លឹក ចិញ្ចៀន​មាស ១វង់ និង​ព្រះពុទ្ធ​រូប​ចំនួន​២អង្គ។

លោក អ៊ឹម សុខរិទ្ធី អនុ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ បាន បញ្ជាក់​ពី​សាវតា​របស់​វត្ថុ​សិល្បៈ​ទាំងបី​ប្រភេទ​ដែល​ប្រគល់​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រួមមាន៖

(រូបភាពពី​អាជ្ញាធរ​ជាតិ​អប្សរា)

ទី១​គឺ សន្លឹកមាស​ និង​ចិញ្ចៀន​មាស១​វង់៖ មាន​អាយុកាល​នៅ​ស.វទី៧ ឬទី​៨​នៃគ.ស ជា​វត្ថុបុរាណ​ដែលបាន​ពីការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) នៅ​បារាយណ៍​ទឹកថ្លា​កាលពី​ដើមឆ្នាំ​២០០០ ស្តី​អំពី​មរតក​វប្បធម៌ ការ​រៀបចំ​ក្រុង​មុន​សម័យ​អង្គរ ការ​រៀបចំ​កសាង​ប្រាសាទ ទំនៀម​ទម្លាប់ និង​ពិធី​ផ្សេងៗ​ទាក់ទង​នឹងការ​កសាង​ប្រាសាទ។

(រូបភាពពី​អាជ្ញាធរ​ជាតិ​អប្សរា)

ទី២​គឺ ពិន​សម្រាប់​លម្អ​ភ្នួងសក់ ឬ​មកុដ​នោះ មាន​អាយុកាល​នៅ​ស.វទី​១២ ​អំឡុង​ពេល​កសាង​ប្រាសាទ គឺ​បាន​រកឃើញ​នៅក្នុង​កំណាយ​ជួសជុល​សាលរបាំ​នៅ​ប្រាសាទ​តាព្រហ្ម​ដោយ​ស្ថាប័ន​ឥណ្ឌា (ASI) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ខែ​មីនា ឆ្នាំ​២០១២។

(រូបភាពពី​អាជ្ញាធរ​ជាតិ​អប្សរា)

ទី៣ គឺជា​អំណោយ​ព្រះពុទ្ធ​រូប ២អង្គ​ដែល​អ្នក​ភ្នំ​គូលែន​ប្រគល់​ឱ្យ​កាលពី​ឆ្នាំ​២០១៥ តែ​មិនទាន់​អាច​សន្និដ្ឋាន​ពី​កាលបរិច្ឆេទ និង​ប្រវត្តិ​នៃ​រូប​បាន​នៅឡើយ៕

អត្ថបទ៖ ស៊ិន សាវ៉េត