បើអ្នកចង់ផ្តិតយកទិដ្ឋភាពផ្កាយពេលយប់​ឲ្យ​បានល្អ គួរជៀសវាងប៉ុន្មានចំនុចនេះ

  • 2017-12-14 03:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ទិដ្ឋភាព​ផ្កាយ​ពេល​យប់ អាច​មើល​ទៅ​ពិបាក​បន្តិច​សម្រាប់​អ្នក​ថតរូប​ដំបូង តែ​ធាតុ​ពិត​មិន​ពិបាក​ទាំងស្រុង​នោះ​ទេ ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​សិក្សា​ពី​ចំនុច​គួស​ជៀសវាង​ពី​អ្នក​មាន​បទពិសោធន៍​។ លោក Mahmood Alsawaf ជា​អ្នក​ថតរូប​ទិដ្ឋភាព​ផ្កាយ ឬ​ធាតុ​ផ្សេងៗ​លើ​មេឃ​ពេល​យប់ បាន​ចែករំលែក​ចំនុច​គួរ​ជៀសវាង និង​ការ​អនុវត្ត​ដ៏​ល្អ​ក្នុង​ការ​ចាប់​យក​រូបភាព​ប្រភេទ Milky Way ឬ ពន្លឺ​ឆ្នូត​ផ្កាយ​។ 

ចំនុច​គួរ​ជៀសវាង និង​គួរ​ធ្វើ​

១. ការ​ថតរូប​ទិដ្ឋភាព Milky Way ក្នុង​ទម្រង់ JPG

អ្នក​គួរ​តែ​ថត​ដោយ​ប្រើ​ទម្រង់ RAW ព្រោះ​ពេល​ថត​ក្នុង​ទម្រង់ JPG អ្នក​នឹង​បាត់បង់​នូវ​ទិន្នន័យ​មាន​សារៈសំខាន់​ជាច្រើន ដែល​អ្នក​ត្រូវការ​ពេល​កាត់ត​ពេល​ក្រោយ​។ 

២. ការ​រៀបចំ​ពេល​ងងឹត​

អ្នក​គួរ​ទៅ​ទីតាំង​មុន​ថ្ងៃ​លិច ជ្រើសរើស​ទិដ្ឋភាព​ខាងមុខ​ដ៏​ល្អ និង​រៀបចំ​ដំឡើង​កាមេរ៉ា​អ្នក​។ អ្នក​ប្រហែល​ជា​មិន​អាច​រៀបចំ​បាន​ត្រឹមត្រូវ​នោះ​ទេ​ពេល​ងងឹត​។

៣. មិន​មាន​ការ​រៀបចំ​ជា​មុន​

អ្នក​គួរ​ថត​ចំ​ថ្ងៃ​ដែល​គ្មាន​ព្រះចន្ទ និង​ត្រួត​ពិនិត្យ​មើល​លក្ខខណ្ឌ​អាកាសធាតុ និង​ដំណើរ​វិវត្ត​របស់​ព្រះចន្ទ មុន​ពេល​ចេញ​ទៅ​ផ្ដិត​យក​រូបភាព​។ ពេល​អ្នក​ចេញ​ទៅ​ថត​ដោយ​មិន​បាន​គិត​គូរ​ជា​មុន ពពក​ក្រាស​ពេល​យប់ ឬ​ព្រះចន្ទ​ពេញលេញ នឹង​ប៉ះពាល់​ដល់​ទិដ្ឋភាព​ផ្កាយ​។ 

៤. ការ​ថតរូប​ក្នុង​តំបន់​មាន​ពន្លឺ​

អ្នក​គួរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុង ដើម្បី​ជៀសវាង​ពី​ពន្លឺ​អំពូល​ពី​ក្នុង​ក្រុង ព្រោះ​ពន្លឺ​ទាំងនោះ​អាច​ប៉ះពាល់​ដល់​ទិដ្ឋភាព​ផ្កាយ​អ្នក​ចង់​ថត​។ 

៥. ចំណាយ​ពេល​ច្រើន​ពេក​ជាមួយ​នឹង​ឧបករណ៍​

អ្នក​ប្រហែល​ជា​គិត​ថា​ការ​មាន​ត្រឹម DSLR កម្រិត​ដំបូង ជាមួយ​នឹង Kit lens មិន​អាច​ថតរូប​ផ្កាយ​បាន​ទេ​។ តាម​ពិត​មិនមែន​ដូច្នេះ​ទាំងស្រុង​នោះ​ទេ គ្រាន់​តែ​អ្នក​ប្រើ Settings ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​នឹង​លក្ខណៈ​ទិដ្ឋភាព​ពេល​យប់ ហើយ​មាន​ចំណេះដឹង​ខ្លះ​ក្នុង​ការ​កាត់ត អ្នក​នឹង​អាច​ផលិត​បាន​រូបភាព​ល្អ​។ 

ឧបករណ៍​អ្វី​អ្នក​ត្រូវការ​មាន​

អ្នក​អាច​ប្រើ​កាមេរ៉ា DSLR ជាមួយនឹង Wide angle lens។

ប្រសិនបើ​អ្នក​ចង់​ថត​ពន្លឺ​ឆ្នូត​របស់​ផ្កាយ ធ្វើ​ដូចម្តេច​

សម្រាប់​ការ​ថតរូប​ពន្លឺ​ឆ្នូត​របស់​ផ្កាយ ដំបូង​អ្នក​ត្រូវ​ចេញ​ពី​ក្រុង ដើម្បី​កុំ​ឲ្យ​​ពន្លឺ​ក្នុង​ក្រុង​រំខាន​ដល់​ទិដ្ឋភាព​ផ្កាយ​។ អ្នក​គួរ​មាន​ត្រី​វិស័យ ប្រសិនបើ​អ្នក​មិន​ដឹង​ការ​កំណត់​ទិសដៅ (ជើង ត្បូង លិច និង​កើត​)​ ដែល​អាច​ឲ្យ​អ្នក​ទទួល​បាន​រូបរាង​ផ្សេង​គ្នា​សម្រាប់​ផ្លូវ​របស់​ពន្លឺ​ឆ្នូត​ផ្កាយ​។ ឧទាហរណ៍ ប្រសិនបើ​កាមេរ៉ា​បែរ​មុខ​ទៅ​ជើង អ្នក​នឹង​ទទួល​បាន​ផ្លូវ​ពន្លឺ​ឆ្នូត​របស់​ផ្កាយ​ជា​រង្វង់​បែប​នេះ​។ 

អ្វី​ទៅ​ជា​រូបមន្ត ៥០០

រូបមន្ត ៥០០ មាន​សារៈសំខាន់​ណាស់ ពេល​ថត​ទិដ្ឋភាព Milky Way ដែល​អាច​ឲ្យ​អ្នក​ជៀសវាង​នូវ​ការ​កើតឡើង​នូវ​ពន្លឺ​ឆ្នូត​របស់​ផ្កាយ ពេល Focal length មិន​ត្រូវ​សមាមាត្រ​ទៅ​នឹង​រយៈពេល Shutter speed អ្នក​ប្រើ​។ 

  • 500/Focal length = ទទួល​បាន Shutter speed ត្រឹមត្រូវ​
  • ឧទាហរណ៍​៖ 500/20mm = 25 seconds (កាមេរ៉ា Full frame)

ប្រសិនបើ​កាមេរ៉ា​អ្នក​មាន​កត្តា​តម្រឹម គួរ​បញ្ចូល​ក្នុង​ការ​គណនា​។ កាមេរ៉ា Canon មួយ​ចំនួន​មាន​កត្តា​តម្រឹម 1.6 ដូច្នេះ​ធ្វើ​បែប​នេះ​។

  • 500/Focal length, គុណ​នឹង 1.6
  • ឧទាហរណ៍៖ 500/20mm x 1.6 = 15 seconds

មួយវិញទៀត អ្នក​អាច​ប្រើ​កម្មវិធី Star walk និង Stellarium ដើម្បី​ជំនួយ​ក្នុង​ការ​រៀបចំ​ទាំង​ពេលវេលា និង​ទីតាំង ក្នុង​ការ​ថត​ទិដ្ឋភាព​ផ្កាយ ឬ Milky Way របស់​អ្នក​៕

ប្រភព៖ https://snapshot.canon-asia.com/article/en/astrophotography-what-to-avoid-when-shooting-stars

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Snapshot   ប្រែ​សម្រួល៖ ប៊ុនធឿន