កីឡាករ​អាល្លឺម៉ង់​ម្នាក់ៗ​នឹង​បាន​ប្រាក់​រាប់​សែន​អឺរ៉ូ បើ​ជួយ​ប្រទេស​ឲ្យ​ឈ្នះ World Cup ឆ្នាំ​ក្រោយ

  • 2017-12-13 14:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​បាន​ប្រកាស​ថា កីឡាករ​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​ចំនួន ៣៥០០០០ អឺរ៉ូ បើ​សិន​ជា​អាច​ជួយ​អាល្លឺម៉ង់​ឈ្នះ World Cup ឆ្នាំ​ក្រោយ​នៅ​រុស្ស៊ី​បាន។

ទឹក​ប្រាក់​ចំនួន ៣៥ ម៊ឺន​អឺរ៉ូ នឹង​ត្រូវ​បាន​ផ្ដល់​ដល់​កីឡាករ​ បើ​សិន​ជា​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឲ្យ​បន្ត​រក្សា​ពាន​ជើង​ឯក​ពិភពលោក World Cup នៅ​ឆ្នាំ​ក្រោយ។ ទោះ​ជា​យ៉ាង​ណា សហព័ន្ធ​បាល់ទាត់​ប្រទេស​អឺរ៉ុប​មួយ​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា បើ​ឈ្នះ​ត្រឹម​ជើង​ឯក​រង​ នឹង​ទទួល​បាន​ម្នាក់​ចំនួន ២០​ម៊ឺន​អឺរ៉ូ។ បើ​លេង​បាន​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្របាន ១២៥០០០ អឺរ៉ូ និងបើបានត្រឹម​វគ្គ ៨​ក្រុម​ចុង​ក្រោយ​នឹង​ទទួល​បាន ៧៥០០០ អឺរ៉ូ។

ប្រធាន​សហព័ន្ធ​ Reinhard Grindel បាន​និយាយ​ថា៖ ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ គឺ​ជា​ការ​ជំរុញ​មួយ​យ៉ាង​ធំ​សម្រាប់​កីឡាករ​យើង ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ខិតខំ​ធ្វើ​ការ​លេង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឈ្នះ​ World Cup ពីរ​ដង​ជាប់​គ្នា ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាល្លឺម៉ង់​"។ លោក​បន្ត​ទៀត​ថា៖ "ទោះ​ជា​យ៉ាង​ណា ពួក​យើង​ដឹង​ថា វា​នឹង​មាន​ការ​លំបាក ព្រោះ​មាន​ក្រុម​ខ្លាំងៗ​ច្រើន​ណាស់​ក្នុង​ World Cup លើក​នេះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា អាល្លឺម៉ង់​បាន​លើក​ពាន World Cup កាល​ពី​ឆ្នាំ ២០១៤ បន្ទាប់​ពី​យក​ឈ្នះ​អាហ្សង់ទីន​ក្នុង​លទ្ធផល​ ១ ទល់​នឹង ០៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី