គ្រាន់​តែ​មើល​ពណ៌​ថ្នាំ ក៏​អាច​ដឹង​ថា​រថយន្តល្អ​ឬ​មិន​ល្អ​ដែរ

  • 2017-12-22 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់ទិញ​រថយន្ត​​ល្អ​មួយ​​មិន​​ងាយ​ទេ បើ​អ្នក​មិន​មាន​ជំនាញ ជា​ពិសេស​បើ​ទៅរកទិញ​រថយន្ត​ប្រភេទ​មួយ​ទឹក​ទៀត។ ធម្មតា​​ទេ​ ដែល​អ្នកទិញ​ចង់​បាន​រថយន្ត​ល្អ​ធូរ​ថ្លៃ ឯ​អ្នក​លក់​ចង់​លក់​បាន​ថ្លៃ។

តាម​អ្នកមាន​បទពិសោធន៍​មើល​រថយន្ត​ប្រាប់​ថា ក្រៅ​ពី​ការ​ពិនិត្យ​គ្រឿង​ក្នុង ពណ៌​ខាងក្រៅ​ក៏​ជា​ផ្នែកមួយ​ដែល​អាច​វាយ​តម្លៃ​រថយន្ត​មួយ​ល្អ​ឬ​មិន​ល្អ​ដែរ។

លោក ឡេង ឡាយ ជាង​ជួស​ជុល​រថយន្ត និង​ជា​អ្នក​ជំនាញ​មើល​រថយន្ត​មួយ​ទឹក​បាន​ប្រាប់ Sabay ថា​ អ្នក​ទៅ​ទិញ​រថយន្ត ភាគ​ច្រើន​តែង​ចង់​បាន​រថយន្ត​ស្អាត ម៉ាស៊ីន​ល្អ និង​មាន​គ្រឿង​បង្គំ​រឹង​មាំ។ ពួកគេ​តែង​នាំ​អ្នក​ជំនាញ​ឲ្យ​ទៅ​ជួយ​មើល​ ព្រោះ​ខ្លាច​មិន​បាន​រថយន្ត​​ត្រូវ​ចិត្ត​ រហូត​ទៅ​ទិញ​​នៅ​កន្លែង​ទម្លាក់​ពី​កុងតឺន័រ​ផ្ទាល់​​ទៀត​ផង​។

លោក​ប្រាប់​ចំណុច​មួយ​ដែល​អ្នក​ទិញ​រថយន្ត​មួយ​ទឹក​តែង​មើល​រំលង គឺ​ពណ៌​រថយន្ត។ រថយន្ត​ដែល​មាន​ពណ៌​ខុស​ប្លែក​ពី​គេ​ភាគច្រើន​ជា​រថយន្តដែល​នៅ​ស្អាត ល្អ​ពុំសូវ​ប្រើ​ប្រាស់​បាន​យូរ។

លោក​បញ្ជាក់​ថា អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​តែង​ប្ដូរ​ស៊េរី យក​ពណ៌​​ពេញ​និយម។ ទោះបី​ជា​រថយន្ត​ដែល​មាន​ពណ៌​ខុស​ពី​គេ​មិន​សូវ​ពេញ​និយម​ប្រើ​ប្រាស់​ក៏​ពិត​មែន តែ​អ្នក​ដែល​ចង់​បាន​រថយន្ត​នៅ​ស្អាត​ប្រើ​បាន​យូរ គួរ​ងាក​មក​ចាប់​អារម្មណ៍​រថយន្ត​ដែល​មាន​ពណ៌​ខុស​ពី​គេ​វិញ។

ងាក​មក​លោក សៅ រិទ្ធី ជា​អ្នក​ជំនាញ​មើល​រថយន្តបាន​ប្រាប់ Sabay ថា​ ចង់​ដឹង​ថា​រថយន្ត​នៅ​ថ្នាំ ហ្ស៊ីន ឬ បាញ់​ថ្នាំ​ថ្មី​ គេ​អាច​មើល​ដឹង​ដោយ​ភ្នែក​ទទេ​​បាន បើ​រថយន្ត​នេះ​ត្រូវ​បាន​គេ​បាញ់​ថ្នាំ​ថ្មី​អាច​មើល​​នៅ​​តាម​ចន្លោះ​ទ្វារ ត្រចៀក​រថយន្ត និង​មាន​ពណ៌​ខុស​គ្នា ពណ៌​ហ្ស៊ីន មាន​រាង​ស្រអាប់​រលោង​។

លោក​ថា ពណ៌​ដែល​គេ​បាញ់​ថ្មី​រាង​ភ្លឺ​ចែក​ដាច់​ពី​គ្នា ឬ​អាច​យក​ដៃ​ស្ទាប​នៅ​តាម​គែម​ទ្វា​រនឹង​មាន​ស្នាម​គ្រើម ទោះ​ជា​ត្រូវ​បាន​គេ​ប៊ូលា​ថ្មី​ក៏ដោយ ជាពិសេស​មាន​ឆ្នូត​ដែល​គេ​យក​ស្គុត​មក​បិត​តាម​ចន្លោះ​គែម​ទ្វារ​នេះ​ដើម្បី​បាញ់​ថ្នាំ​ថ្មី​ និង​មាន​កម្ទេច​ថ្នាំ​ដែល​នៅ​ជាប់​ចន្លោះ​គែម​ទ្វារ​នេះ​ដែល​យើង​អាច​​មើល​ឃើញ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី