ក្ដៅៗ! ​ចាប់​បាន​ទឹក​ម្ទេស-​សៀង​-​ស៊ីអ៊ីវ​ គ្មានគុណភាព​ជាង៩០តោន​​

  • 2017-12-14 04:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំង​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ធ្វើការ​បង្ក្រាប​នៅ​ទីតាំង​សិប្បកម្ម​មួយ​កន្លែង យីហោ "សិប្បកម្ម​ភ្នំមាស" ដែល​មាន​ផលិត​ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង និង​ទឹក​ស៊ីអ៊ីវចំនួន​ជាង​៩០​តោន ​ស្ថិតនៅ​ភូមិ​គោរដ្ឋាន ​សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧។ ​

​កម្លាំង​ប្រតិបត្តិ​ការ​ពិសេស ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ ទូច ​យុ​ទ្ធា ​និង​លោក​ឧត្តមសេនីយ៍ ទូច ​គង្គា ​ប្រធាន​អនុប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស បាន​រក​ឃើញ​សារធាតុ​គីមី ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ផលិតផល​ខាងលើ ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ដែល​ជា​អ្នក​បរិភោគ ធ្ងន់ធ្ងរ​បំផុត។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ​ក្នុង​មួយ​ថ្ងៃ "សិប្បកម្ម​ភ្នំមាស" ផលិត ទឹកត្រី ទឹក​ម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង និង​ទឹកស៊ីអ៊ីវ ប្រមាណ​ពី ១៥០០០ ទៅ ២០០០០ ដប សម្រាប់​ចែកចាយ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​សៀមរាប។​ ការពិនិត្យ​ជាបឋម​ឃើញ​ថា​ផលិត​ខុស​ស្តង់ដារ៖ ទី​១-​ ប្រើប្រាស់​សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ​។ ទី​២- ​ការ​វេច​ខ្ចប់​ពុំមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ ទី៣​- ​មិនបាន​ចុះបញ្ជី​ផលិតផល​ (​ចប​ផ​) ​ និង​ទី៤​-​ លើក​ស្លាក​យីហោ​សិប្បកម្ម​មិនបាន​តាម​ការ​កំណត់​របស់​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម​៕

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត