រឿងរ៉ាវ​ពី​ក្រោយ​ស្ត្រី​ជំនួញ​ជោគជ័យ​វ័យ​ក្មេង​ម្នាក់ តំណាង​កម្ពុជា​ទៅ​ប្រកួត​ពាន​ស្ត្រី​ខ្លាំង​កម្រិត​អាស៊ាន

  • 2017-12-14 08:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​មីនា ឆ្នាំ​២០១៨ នេះ កម្ពុជា​នឹង​បញ្ជូន​បេក្ខភាព​ស្ត្រី​ខ្លាំង​វ័យ​ក្មេង ១១ រូប ទៅ​ប្រកួត​ដណ្ដើម​ពាន​ស្ត្រី​នៃ​អនាគត​ថ្នាក់​អាស៊ាន (Women of the Future Awards South East Asia) ដំបូង​បំផុត​មិន​ធ្លាប់​មាន នៅ​សិង្ហបុរី បន្ទាប់​បាន​ប្រកាស​ជម្រុះ​ជ្រើស​រើស​យក​តែ ១១ រូប​ក្នុង​ចំណោម ២៥ រូប​កាល​ពី​ដើម​វិច្ឆិកា មុន។

លក្ខណៈ​ពិសេស​នៃ​កម្មវិធី​លំដាប់​អាស៊ាន​នេះ គឺ​យក​តែ​ស្ត្រី​វ័យ​ក្មេង​ជោគជ័យ​ដែល​មាន​អាយុ​ក្រោម ៣៥ ឆ្នាំ​ប៉ុណ្ណោះ ខណៈ​ប្រទេស​អាស៊ាន​ទាំង​១០ នឹង​ចូល​រួម មាន​បេក្ខជន​សរុប ១៥០ រូប​ឯណោះ។ ការ​ប្រកួត​ពាន Women of the Future Awards South East Asia ទើប​តែ​នៅ​អាស៊ី​លើក​ដំបូង​បំផុត បន្ទាប់​ពី​បង្កើត និង​ជោគជ័យ​នៅ​ចក្រភព​អង់គ្លេស​តាំង​ពី​ឆ្នាំ ២០០៦ មក​ម្ល៉េះ។

និយាយ​ពី​បេក្ខភាព​ទាំង ១១ រូប​នៅ​កម្ពុជា​​វិញ គឺ​មាន​ចម្រុះ​តែ​ម្ដង មិន​ថា​អ្នក​ជំនួញ អ្នក​សិល្បៈ និង​អ្នក​ធ្វើការ​រដ្ឋ-ឯកជន​នោះ​ឡើយ។

ខណៈ​ដែល​វិស័យ​អចលនទ្រព្យ​កំពុង​រីក​ចម្រើន​យ៉ាង​លឿន​នៅ​កម្ពុជា លោកស្រី ឡាវ មីឈែល (Michelle Lau) នាយក​ប្រតិបត្តិ​របស់ Phnom Penh City Center (PPCC) ដែល​ជា​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ធំ​នៅ​កណ្ដាល​ភ្នំពេញ ក៏​ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ចុង​ក្រោយ​ដែល​ត្រូវ​តំណាង​កម្ពុជា​ទៅ​ប្រកួត​ក្នុង​ផ្នែក​អចលនទ្រព្យ សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ។

ស្ត្រី​ជា​ម្ដាយ​កូន ៣ ជន​ជាតិ​ខ្មែរ​រូប​នេះ មាន​វ័យ​មិន​ទាល់ ៣០ ឆ្នាំ​នៅ​ឡើយ តែ​សមត្ថភាព​ខ្លាំង រហូត​ដល់​អាច​ដំណើរ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ទាំង​មូល​បាន ខណៈ​ប្រវត្តិ​សិក្សា​របស់​លោក​ស្រី គឺ​នៅ​សិង្ហបុរី និង​អូស្ត្រាលី។

ពេល​សួរ​ចំៗ​ថា​តើ​មូលហេតុ​ណា​ខ្លះ​ទើប​លោក​ស្រី​បាន​ជាប់​ជា​បេក្ខភាព​តំណាង​កម្ពុជា នាយក​ប្រតិបត្តិ​រូប​នេះ​បាន​តប​តាម​អ៊ីមែល​មក Sabay ថា ដោយ​សារ លក្ខណៈ​វិនិច្ឆ័យ​ក្នុង​កម្មវិធី គឺ​ត្រូវ​ការ​ស្ត្រី​វ័យ​ក្រោម​អាយុ ៣៥ ឆ្នាំ ដែល​មាន​ចំណង់ និង​ការ​តាំង​ចិត្ត​ការងារ​ខ្ពស់។ ម្យ៉ាង បើ​និយាយ​ពី​វិស័យ​សំណង​វិញ មាន​ស្ត្រី​តិចតួច​ណាស់។ លោក​ស្រី​ឈាន​ដល់​កម្រិត​នេះ ដោយ​សារ​មាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​ពី​ក្រុម​ការងារ​ព្យាយាម។

"ខ្ញុំ​ជឿ​ថា ការ​ឈាន​ដល់​ដំណាក់​កាល​នេះ [ជាប់​ជា​បេក្ខភាព​ចុង​ក្រោយ] ជា​ការ​ជោគជ័យ​រួច​ទៅ​ហើយ។ ការ​ឈរ​ឈ្មោះ​ប្រជែង​ជាមួយ​ស្ត្រី​ខ្លាំង​មក​ពី​ជុំវិញ​អាស៊ាន មិន​មែន​ជា​រឿង​ងាយ​ឡើយ។ ហើយ​បើ​ឈ្នះ​ពាន​មែន វា​ជា​ជោគជ័យ​បន្ថែម​មួយ​ទៀត​សម្រាប់​ខ្ញុំ​ផ្ទាល់"។

លោកស្រី ឡាវ មីឈែល រស់​នៅ​ប្រទេស​សិង្ហបុរី​តាំង​តូច ហើយ​ផ្លាស់​មក​រៀន និង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ Melbourne ប្រទេស​អូស្ត្រាលី។ ឆ្នាំ ២០១២ លោក​ស្រី​ក្លាយ​ជា​នាយក​ប្រតិបត្តិ PPCC ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ទីក្រុង និង​ជា Master Developer នៅ​កណ្ដាល​ភ្នំពេញ ផ្ដល់​នូវ​ការ​រស់​នៅ​ដ៏​សម្បូរ​បែប។

ពាន​នេះ មាន ៧ ផ្នែក​ផ្សេងៗ​គ្នា ដូចជា សិល្បៈ និង​វប្បធម៌, សហគមន៍ និង​សេវា​សាធារណៈ, សហគ្រិន​ភាព, ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង, វិជ្ជាជីវៈ និង​ជំនួញ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ឌីជីល និង អចលនទ្រព្យ សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ។ ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨ មីនា ២០១៨ នៅ​សិង្ហបុរី៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម