Toyota ​និង​ Panasonic ពិចារណាអភិវឌ្ឍ​អាគុយរថយន្ត​អគ្គិសនី​

  • 2017-12-14 14:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota Motor ​និង​ Panasonic កំពុងពិចារណាផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ Electric Vehicles (EVs) ​ដែល​ការ​ចាប់ដៃ​គូ​នេះ​អាច​ជួយ​ឱ្យ​ Toyota ​ផលិត​រថយន្ត​ Evs ​ខណៈ​ Panasonic ​នឹង​ពង្រីក​ការ​នាំ​មុខ​ទីផ្សារ​របស់​ខ្លួន​ក្នុងទីផ្សារ​ថ្ម​លីចូម​ (li-thium) ។

ក្រុមហ៊ុន​ជប៉ុន​ទាំងពីរ​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​សិក្សាពីលទ្ធភាពនៃអាជីវកម្មអាគុយរថយន្តប្រណិត ក្នុង​គោល​បំណង​ដើម្បី​ដោះស្រាយ​តម្រូវ​ការ​កើន​ឡើង​ខ្លាំង​ និង​ការ​រំពឹង​ទុក​សម្រាប់​រថយន្ត​អគ្គិសនី​ ។ ក្រុមហ៊ុន​Toyota ​និយាយ​ថា​ គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​ការ​បង្កើត​ថ្ម​ល្អ​ជាង​គេ​បំផុត​រាង​ចតុកោណ​ផ្ទុយ​នឹង​រាង​ស៊ីឡាំង​ហើយ​វា​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ Toyota ​ផង​ដែរ​។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ក្រុមហ៊ុន​បាន​បណ្តាក់​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ Mazda ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Denso ​ដើម្បី​បង្កើន​ល្បឿន​អភិវឌ្ឍ​ផ្នែក​រថយន្ត​ EVs ​សម្រាប់​ប្រើប្រាស់​ជា​គំរូ​ផ្លូវការ​មួយ​ខណៈ​ខ្លួន​គ្រោង​នឹង​បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​ ២០២០ ​ក្នុង​ទឹកដី​ប្រទេស​ចិន​ និង​ឥណ្ឌា​ដែល​ជា​កន្លែង​ខ្លួន​បាន​ចាប់​ដៃគូ​ជាមួយ​ Suzuki Motor Corp ។

ដោយ​ឡែក​ Panasonic ​គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្ម​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​និង​ជា​ដៃគូ​សំខាន់​ផលិត​ថ្ម​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ Tesla ។ យោងតាម​ប្រភព​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Nomura Research ​បង្ហាញ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​ ២០១៧ ​ថា​ Panasonic ​បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​ ២៩% ​សម្រាប់​ថ្ម​ដែល​ប្រើ​ក្នុង​រថយន្ត​បញ្ជូល​ភ្លើង​ និង​រថយន្ត​ EVs ។ រីឯ​ដៃគូ​ប្រជែង​ LG Chem ​មាន​១៣%​ ខណៈ​ក្រុមហ៊ុន​ចិន​ BYD មាន​១០% ​និង​ក្រុមហ៊ុន​ Contemporary Amperex Technology ​មាន​ ៩% ។

គួរ​បញ្ជាក់​ថា​ នេះ​មិនមែន​ជា​កិច្ច​ព្រមព្រៀង​លើក​ទី​១​រវាង​ក្រុមហ៊ុន​ Panasonic ​និង​ Toyota ​នោះ​ទេ​ពោល​គឺ​ក្រុមហ៊ុន​ទាំង​ពីរ​ធ្លាប់​បណ្តាក់​ទុន​ជាមួយ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៦ ​ដែល​ហៅ​ថា​ Primearth EV Energy Co ​គឺ​ជា​ក្រុមហ៊ុន​ផលិត​ថ្ម​លីចូម​និង​ថ្ម​នីកែល​សម្រាប់​រថយន្ត​របស់​ Toyota ​ក្នុង​នោះ​ Toyota ​គ្រប់​គ្រង​ភាគហ៊ុន​ ៨០,៥% ​ចំណែក​ភាគហ៊ុន​សេសសល់​ Panasonic ​ជា​អ្នក​កាន់​កាប់​ ៕


ប្រភព៖ autonews   ប្រែ​សម្រួល៖ សិរីបុទ្រ