បទ​ថ្មី​របស់​ ចេន សាយ​ចៃ រង​ការ​រិះ​គន់​១ទំហឹង ក្រោម​​ហេតុ​ផល​តិះដៀលគ្រូ​បង្រៀន

  • 2017-12-15 03:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"គ្រូ​បង្រៀន​ស្រវឹង​ស្រា"​ ជា​ចំណង​ជើង​បទ​ថ្មី​១​របស់​តារា​ចម្រៀង​ខ្មែរ-សុរិន្ទ ចេន សាយចៃ ដែល​ទើប​តែ​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ។ ក្រោយ​មាន​ការ​ចែក​រំលែក​ជា​បន្ត​បន្ទាប់​បទ​នេះ​ត្រូវ​បាន​អ្នក​ស្ដាប់​រិះគន់​ទៅលើអត្ថន័យ និង​ពិសេស​ចំណង​ជើង​បទ​នេះ ប៉ះ​ពាល់​ខ្លាំង​​ ព្រោះ​បាន​ត្មះ​ដៀល​ចំៗ​ដល់​បុគ្គល​ដែល​មាន​អាជីព​គ្រូ​បង្រៀន​ទាំង​ឡាយ។

ជាក់​ស្ដែង​នៅ​ព្រឹក​នេះ ម្ចាស់​ផលិត​កម្ម​ឥន្ទ្រា​និម្មិត អ្នកនាង ចាន់ណា សុខឃីម ដែល​មាន​អាជីព​ជា​គ្រូ​បង្រៀន​ផង បាន​បង្ហោះ​សារ​រិះ​គន់​ខ្លឹម​សារ​ចម្រៀង​ខាង​លើ​ថា៖ "ក្នុង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់ នាង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ នូវ​ការ​ផលិត​បទ​ចម្រៀង​ បែប​ដៀល​ត្មះ​ដល់​អា​ជីព ជា​គ្រូ​បង្រៀន" ។

អ្នក​ស្រី​បន្ត​ថា អត្ថន័យ​បទ​ចម្រៀង​បាន​រៀប​រាប់​ពី​លោក​គ្រូ​ម្នាក់​​ដែល​ស្រវឹង​ពី​២ ទៅ​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​ហេតុ​ម្ដេច​មិន​លើក​យក​ចំណុច​ល្អ​នៅ​ថ្ងៃ​​គ្រូ​រូប​​នោះ​មិន​ស្រវឹង។ ម៉្យាង​អ្នក​ស្រី​​យល់​ថា ចំណង​ជើង​ដូច​នេះ គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​អាជីព​ជា​គ្រូ​បង្រៀន​ជា​រួម។ ​​

ខាង​ស្ដាំទី​២ អ្ន​ក​នាង​ ចាន់ណា សុខឃីម

មួយ​វិញ​ទៀត គ្រូ​បង្រៀន​ស្ថិត​នៅ​ក្រោម​ស្ថាប័ន​អប់រំ ដែល​មាន​ក្រុម​អធិការ​កិច្ច និង ​ក្រុម​ការងារ​ពាក់ព័ន្ធ​ ជា​អ្នក​ត្រួត​ពិនិត្យ បើ​លោក​គ្រូ​អ្នក​គ្រូ ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌ វិជ្ជា​ជីវៈ ជា​គ្រូ​បង្រៀន ស្ថាប័ន​ពាក់ព័ន្ធ​មាន​សិទ្ធិក្នុង​ការ​បញ្ឈប់ ឬ ដោះ​ស្រាយ​ក្នុង​លក្ខខណ្ឌ​សម​ស្រប​ណាមួយ តែ​អ្នក​និពន្ធ​​ ហាក់​ចង់​បង្ហាញ​ពី​ចំណុច​អាក្រក់​តូច​មួយ មក​ជា​ធំ​ ដោយ​ព្យាយាម​ផលិត​ចម្រៀង​ក្នុង​អត្ថន័យ​មើល​ងាយ​ជា​សាធារណៈ​​។

អ្នក​នាង​រំលឹក​ទៀត​ថា គ្រូ​តាម​ជនបទ​មួយ​ចំនួន​ តស៊ូ​បង្រៀន​២​ពេល ​ដោយ​មិន​​ខ្វល់​ខ្វាយ​ពី​ប្រាក់​កម្រៃ​ ដោយ​សារ​ចង់​ឲ្យ​ក្មេងៗ​ចេះ​អាន​ចេះ​សរសេរ​ បង្រៀន​ទាំង​អត់​បន្ទប់​ផង ហេតុ​អ្វី​មិន​សរសេរ​ចម្រៀង​លើក​សរសើរ​ខ្លះ?

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​គាំ​ទ្រ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​លើក​ឡើង​ថា ខ្លឹម​សារ​ចម្រៀង​នេះ ពិត​ជា​មិន​សម​ប្រកប​មែន ត្បិត​អី​​គ្រូ​គឺ​ជា​អ្នក​អប់រំ​គេ ​ហើយ​កំហុស​បែប​នេះ​កើត​មាន​ទៅ​លើ​គ្រូ​មួយ​ចំនួន​ត្រូវ​​ប៉ុណ្ណោះ មិន​គួរ​ណា​យក​​មក​ធ្វើ​ជា​បញ្ហា​ធំ ដាក់​បន្ទុក​លើ​ស្ថាប័ន​គ្រូ​បង្រៀន​ឡើយ​។

ផ្ទុយ​ទៅ​វិញ យុវជន​ទើប​បញ្ចប់​បរិញ្ញាបត្រ​២​រូប​​ ប្រាប់​ពី​គំនិត​ផ្ទាល់​ខ្លួន​ថា បទ​នេះ​មាន​អត្ថន័យ​ល្អ​ ប្រកប​ដោយ​ខ្លឹមសារ​អប់​រំ ដោយ​បង្ហាញ​ពី​តថភាព​ពិត​ក្នុង​សង្គម​ខ្មែរ​។ ជា​មួយ​អត្ថន័យ​លួង​លោម ​​​អម​ដោយ​សំឡេង​ដ៏​គ្រលួច​របស់​អ្នក​នាង​ ចេន សាយចៃ យុវជន​ខាង​លើ​យល់​ថា សារ​ដែល​ផ្ញើ​តាម​ចម្រៀង​នេះ នឹង​ធ្វើ​ឲ្យ​គ្រូ​បង្រៀន​មួយ​ក្ដាប់​តូច​នោះ​ អាច​ស្ដាប់​យល់​ និង​ងាក​មក​ប្រកាន់​ខ្ជាប់​សីលធម៌​គ្រូ​បង្រៀន​វិញ។

អ្នក​និពន្ធ យឹម តាស្រង់

ក្នុង​នោះ​ លោក យឹម តាស្រង់ ដែល​ជា​អ្នក​និពន្ធ​ចម្រៀង​ខាង​លើ​ ធ្លាប់​បក​ស្រាយ​ក្នុង​វីដេអូ​ផលិត​បទ​នេះ​ថា "គ្រូបង្រៀន​ស្រវឹង​ស្រា" មិន​មែន​ជា​ចម្រៀង​ដែល​វាយ​ប្រហារ​ទៅ​គ្រូ​បង្រៀន​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា​នោះ​​ទេ។ លោក​និង​ក្រុម​ការងារ​​​គ្រាន់​តែ​​ចង់​រំលេច​ពី​រឿង​រ៉ាវ​ពិត​ខ្លះៗ​របស់​គ្រូ​បង្រៀន​​​មួយ​ចំនួន​តូច​ ដែល​ពិត​ជា​​ធ្លាប់​ធ្វើ​ទង្វើ​បែប​នេះ​មែន ហើយ​លោក​គ្មាន​បំណង​រិះគន់​ដល់​គ្រូ​ណា​ម្នាក់​ឡើយ​៕

អត្ថបទ៖ សុខណា