ទីបំផុត កំពូល​អ្នកលេង​សៀក​គេ​ខ្លាច​គ្រប់​គ្នា​ ក្លាយ​ជាជើងឯក Asia's Got Talent (វីដេអូ)

  • 2017-12-15 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដែល​កម្មវិធី​ Asia's Got Talent បាន​ដំណើរ​ការ​ និង​ស្វែង​រក​ជើង​ខ្លាំង​ប្រចាំ​កម្មវិធី​នៅ​រដូវ​កាល​ទី​ ២។ បេក្ខជន-បេក្ខនារី​ជាច្រើន​បាន​ចូល​រួម​បង្ហាញ​ទេពកោសល្យ​អស្ចារ្យ​ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ និង​បាន​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន។

យ៉ាង​ណា​មិញ​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ​ កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​នេះ​ បាន​រក​ឃើញ​ម្ចាស់​ជយលាភី​ហើយ​ប្រចាំ​រដូវ​កាល​ថ្មី​ហើយ។ ជើង​ខ្លាំង​រូប​នោះ​ គឺ​កំពូល​អ្នក​ថ្ពិន​ភ្នែក​ពោរពេញ​ដោយ​ទេពកោសល្យ​ជនជាតិ​ឥណ្ឌូណេស៊ី​ The Sacred Riana។

តាម​រយៈ​សមត្ថភាព​អស្ចារ្យ​ និង​ការ​សម្ដែង​សៀក​គួរ​ឲ្យ​ខ្លាច​របស់​នាង​ បាន​យក​ឈ្នះ​បេក្ខភាព​ផ្សេង​ទៀត​ ដែល​មក​ពី​ជុំ​វិញ​ទ្វីប​អាស៊ី​ សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ដោយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នូវ​រង្វាន់​ជយលាភី​ ទឹក​ប្រាក់​ ១០០ ០០០ដុល្លារ​អាមេរិក។

ជាក់ស្ដែង​សម្រាប់​ លទ្ធផល​ជ័យជំនះ​គឺ​ផ្អែក​លើ​ ចំនួន​បោះឆ្នោត​ជា​សាធារណៈ។ នេះ​ស​បញ្ជាក់​ថា​ ស្រីស្អាត​ The Sacred Riana បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជា​ច្រើន​ គាំទ្រ​ និង​ពេញ​ចិត្ត​ការ​សម្ដែង​បែប​បន្លាចៗ​ របស់​នាង​ជា​ខ្លាំង។

ដោយ​ឡែក​ចំពោះ​អ្នក​ចាត់​ការ​របស់​នាង​ លោក​ Bow Vernon វិញ​ក៏​បាន​និយាយ​ដែរ​ថា៖ "Riana ពិត​ជា​សប្បាយ​ចិត្ត​ និង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​បាន​ទទួល​ជោគជ័យ​នេះ។ នាង​ចូល​រួម​ក្នុង​កម្មវិធី​ ព្រោះ​គ្រាន់​តែ​ចង់​បង្ហាញ​ ពី​ការ​សម្ដែង​ប្លែកៗ​ទៅ​កាន់​មហាជន​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​ ទាំង​អស់​គ្នា​ស្រឡាញ់​នាង​ ព្រោះ​អ្នក​ពិត​ជា​មិន​ធ្លាប់​បាន​ឃើញ​ការ​សម្ដែង​ប្រភេទ​នេះ​ពីមុន​មក​ទេ”។

ដោយសារ​នាង​មិន​និយាយ​ស្ដី​ទាំង​អំឡុង​ពេល​សម្ដែង និង​ពេល​ដឹង​ថា​ខ្លួន​ឈ្នះ​ទៅ​ហើយ​នោះ​ ក៏​បង្កើត​ជា​ចម្ងល់​។ ដូចនេះ​ អ្នក​ចាត់ការ​ដដែល​បាន​ទម្លាយ​ថា៖ "ធម្មជាតិ​របស់​នាង​ ជា​មនុស្ស​ស្ងប់ស្ងាត់​ស្រាប់​ ដូចនេះ​វា​ជា​រឿង​ងាយ​ស្រួល​ដែល​ សម្ដែង​ដោយ​មិន​សូវ​និយាយ​ស្ដី​ ព្រោះ​ធម្មតា​នាង​ក៏​មិន​ចេះ​មាត់​កអ្វី​ដែរ”។

កន្លង​មក​ប្រិយមិត្ត​ច្បាស់​ជា​ធ្លាប់​បាន​ទស្សនា​ការ​សម្ដែង​របស់​ស្រី​ស្អាត​សក់​វែង​រូប​នេះ​ក្នុង​កម្មវិធី​ Asia's Got Talent តាំង​ពី​វគ្គ​ Audition​ មក។ តាម​រយៈ​ការ​សម្ដែង​របស់​នាង​នីមួយ​ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ឆាក​ និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ដោត​ការ​ចាប់​អារម្មណ៍​គ្រប់ៗ​គ្នា៕

ទស្សនាការ​សម្ដែង​វគ្គ​ផ្ដាច់​ព្រ័ត្ររបស់ Riana៖

ចុចអាន៖ខ្លាំងបាត់! បេក្ខនារី Asia's Got Talent ធ្វើ​ឲ្យ​គណៈកម្មការ​ខ្លាច​គ្រប់​គ្នា ព្រោះ​ឫកពាចម្លែក

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ យី សុធារី