គ្រូ​ Atletico ថា Griezmann អាច​ចាក​ចេញ​ពី​ក្លឹប​បាន បើ​ចង់

  • 2017-12-15 12:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Atletico Madrid លោក Diego Simeone ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ Antoine Griezmann អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​អេស្ប៉ាញ​នេះ​បាន​នៅ​ពេល​វេលា​ណា​មួយ​នៅ​ពេល​អនាគត។

លោក Simeone បាន​និយាយ​ទៅ​សារព័ត៌មាន L'Equipeថា៖ "ខ្ញុំ​ស្រលាញ់​កីឡាករ​ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​ក៏​ចង់​ឃើញ​ពួក​គេ​រីក​ចម្រើន​លូត​លាស់​ទៅ​មុខ​ដែរ"។ អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​នេះ បាន​បន្ត​ទៀត​ថា៖ "បើ​សិន​ជា​មាន​កីឡាករ​ខ្ញុំ​មួយ មក​ប្រាប់​ខ្ញុំ​ថា គេ​ចង់​ចាក​ចេញ​ពី​ក្លឹប Atletico ទៅ​លេង​ឲ្យ​ក្លឹប​មួយ​ទៀត ក្នុង​ករណី​កីឡាករ​នោះ​ជា Griezmann ច្បាស់​ណាស់​ខ្ញុំ​នឹង​មិន​ថា​អី​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​គេ​បាន​ប្រឹង​ប្រែង​ណាស់​ដើម្បី​ខ្ញុំ​កន្លង​មក ហើយ​ខ្ញុំ​ក៏​ច្បាស់​ក្នុង​ចិត្ត​ដែរ​ថា គេ​ចង់​អភិវឌ្ឍ​ខ្លួន​បន្ត​ទៅ​ទៀត"។ លោក Simeone បាន​គូស​បញ្ជាក់​ទៀត​ថា៖ "ពិត​ណាស់ Griezmann នឹង​អាច​ចាក​ចេញ​ពី​ក្លឹប នៅ​ពេល​វេលា​ណា​មួយ​នា​ពេល​អនាគត ដូច​ក្នុង​ករណី Costa និង Turan អ៊ីចឹង"។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ថ្មីៗ​នេះ មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន ដែល​ថា Griezmann អាច​នឹង​ចូល​រួម​ជាមួយ Barcelona ឬ Manchester United នៅ​រដូវ​កាល​ក្រោយ។

ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann បាន​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ឡើង​វិញ​ហើយ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ បើ​ទោះ​ជា​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​មិន​សូវ​បាន​ល្អ​ក៏​ដោយ។ គិត​មក​ទល់​ពេល​នេះ Griezmann ស៊ុត​បាន ៧​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ចំនួន ១៨​លើក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី