គ្រូ Spurs នឹង​ចាក់​ភ្លេង​ឮៗ បើ​យក​ឈ្នះ Man City បាន

  • 2017-12-16 07:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino គ្រូ​បង្វឹក​ក្រុម Tottenham Hotspur រំពឹង​ថា កូន​ក្រុម​របស់​លោក​នឹង​អាច​បញ្ចប់​កំណត់ត្រា​របស់ Manchester City ដោយ​រារាំង​មិន​ឲ្យ​ក្រុម​មេឃ​ខៀវ​ឈ្នះ​១៥​ប្រកួត​ជាប់ៗគ្នា ​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន Etihad វេលា​ម៉ោង ០០:៣០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៧។ លើស​ពី​នេះ លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ក្រុម​របស់​លោក​ឈ្នះ ក៏​លោក​មិន​ខ្លាច​ក្នុង​ការ​ចាក់​ភ្លេង​ឮៗ ដែរ​។

ការ​បញ្ជាក់​របស់​លោក Pochettino ធ្វើ​ឡើង​បន្ទាប់​ពី Manchester City បាន​ចាក់​ភ្លេង​ខ្លាំងៗ ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ពេល​ប្រកួត​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Manchester United កាល​ពី​សប្ដាហ៍​មុន ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី រួច​ឈាន​ដល់​ការ​វាយតប់​គ្នា​រវាង​ក្រុម​គ្រូ​បង្វឹក និង​កីឡាករ​របស់​ក្រុម​ទាំង​ពីរ​ថែម​ទៀត​ផង។

ក្រោយ​ត្រូវ​បាន​សួរ​ទាក់ទង​ការ​ការ​ចាក់ភ្លេង​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ លោក Pochettino បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ចង់​ធ្វើ​អ៊ីចឹង​។ នៅ​ពេល​ពួក​យើង​ឈ្នះ Huddersfield ឬ Stoke កីឡាករ​របស់​យើង​បាន​បើក​សំឡេង​ឮៗ។ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ តែ​បើ​អ្នក​ចាញ់ អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ។ ពេល​អ្នក​ទៅ​ដល់​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ អ្នក​មាន​អារម្មណ៍​ថា អ្នក​ចង់​ទៅ​ផ្ទះ​វិញ​តែ​ម្ដង​»។

យ៉ាង​ណា​ក៏ដោយ គ្រូ​បង្វឹក Spurs បាន​អះអាង​ថា ទោះ​បីជា​ក្រុម​លោក​ចាញ់ ហើយ​ត្រូវ​ក្រុម​ម្ខាង​ទៀត​ចាក់​ភ្លេង​បញ្ឈឺ ក៏​លោក​មិន​មាន​អារម្មណ៍​ខឹង​អ្វី​ឡើយ។ លោក​ថា វា​ជា​រឿង​ល្អ ហើយ​ត្រូវ​ចេះ​គោរព​សិទ្ធិ​របស់​គេ​។

Spurs កំពុង​តាម​ពីក្រោយ Man City ចំនួន ១៨​ពិន្ទុ ខណៈ​ក្រុម​មេឃ​ខៀវ​បច្ចុប្បន្ន ឈរ​កំពូល​តារាង​ មាន ៤៩ពិន្ទុ ក្នុង ១៧​ប្រកួត​កន្លង​ទៅ៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖ លាភ

អត្ថបទពេញនិយម
អត្ថបទថ្មី