សំរាម​ទម្លាក់​សម្រស់​ឆ្នេរខ្សាច់​មួយ​កន្លែង ​​នៅ​ព្រះសីហនុ

  • 2017-12-17 03:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សាច់​ស​ម៉ត់ ​​លាត​សន្ធឹង​ប្រហែល​ពីរ​គីឡូម៉ែត្រ​តាម​មាត់​សមុទ្រ​​ ​​ហាក់​ជ្រុះ​បាត់​នូវ​សោភណភាព និង​សម្រស់​របស់​ខ្លួន​ដោយ​សារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​បោះ​ចោល​សំរាម​​​​គ្មាន​សណ្ដាប់​ធ្នាប់​ និង​ការ​ថែ​រក្សា​អនាម័យ​ឲ្យ​​​បាន​ត្រឹម​ត្រូវ​។ ទៅ​ហួស​ឆ្នេរ​អូឈើទាល​បន្តិច ឆ្នេរខ្សាច់​នេះ​​ត្រូវ​បាន​អ្នក​ខេត្ត​ព្រះសីហនុ​ហៅថា “ឆ្នេរអារីស្តុន​​” ។ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ទីតាំង​នេះ​មាន​ការ​ហ៊ុមព័ទ្ធ​​មិន​ឱ្យ​អ្នក​ដំណើរ​ឆ្លងកាត់​ ស្រូប​​​យកខ្យល់​អាកាស​បានទេ​។ ប៉ុន្តែ​រយៈពេល​ចុង​ក្រោយនេះ ​​បាន​បើក​ឱ្យ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លំហែរ​កម្សាន្ត​​បាន។

 

“ពេល​មក​ដល់​សមុទ្រ​ដំបូង ខ្ញុំ​ឃើញ​​ទឹក​សមុទ្រធំល្វឹង​ល្វើយ​ដូចជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ ប៉ុន្តែ​ត្រលប់​មក​វិញ​ពេល​ឃើញ​សំរាម​បោះចោល​ពាសវាលពាសកាល​បែប​នេះ​មាន​អារម្មណ៍សោកស្តាយ​ខ្លាំង​ណាស់​”។​ នេះបើតាមការរៀបរាប់​របស់​យុវជន ម៉ា សុភ័ក្រ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ទៅកម្សាន្ត​នៅខេត្ត​ព្រះសីហនុ​កាល​ពីពេលថ្មីៗ​នេះ។

សុភ័ក្រ​ ឱ្យ​ដឹងទៀត​ថា គ្រប់​ដំណើរ​កម្សាន្តអ្នក​ទេសចរ​រមែង​ចង់​ទៅ​ទីកន្លែង​ដែ​ល​មាន​បរិស្ថាន​ល្អ​ស្អាត​។ ប៉ុន្តែ​​​បើ​មាន​ការ​បោះចោល​សំរាម​ គ្មាន​អនាម័យ​​ និង​សណ្តាប់​នោះ​ នឹង​លែង​ក្លាយជា​ទី​ចាប់អារម្មណ៍របស់​អ្នក​ទេសចរ​ទៀត​ហើយ។ សុភ័ក្រ បន្ថែម​ទៀត​ថា ការ​​រក្សា​បាន​​​នូវ​បរិស្ថាន​ស្អាត​មិនត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​កម្សាន្ត​ទេ។ ប៉ុន្តែ​ទីតាំង​នេះក៏​អាច​ដណ្ដើម​បាន​នូវ​កេរ្តិ៍ឈ្មោះជាឆ្នេរ​ខ្សាច់​ល្អស្អាត​ ដាច់​គេ​នៅតំបន់​អាស៊ីផងដែរ។ ដូច្នេះ​ដើម្បី​រក្សា​បាន​នូវ​បរិស្ថាន​ស្អាត​​នៅ​តំបន់​ឆ្នេរ ​គ្រប់​គ្នា​ត្រូវ​មាន​វិធាន​ការ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ប្រកាន់​ភ្ជាប់​ពេល​មាន​សំរាម​នៅ​ជាប់​ដៃ​​ត្រូវ​បោះចូល​ក្នុងធុង​សំរាម​។  

ចំណែក​​យុវជន អៀង សុភក្តី និស្សិត​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​​នៅ​ពេល​ឃើញ​​​​សំរាម​ និង​កម្ទេចកំទី​ជាច្រើន​​ត្រូវ​បាន​បោះចោល​ពាស​វាលពាសកាល​នៅលើ​ឆ្នេរខ្សាច់​សក្បុស​បែប​នេះ។

សុភក្តី​ ឱ្យដឹងថា ដើម្បី​ឱ្យ​ឆ្នេរ​ស្អាត​ មាន​បរិស្ថាន​ល្អ​គឺត្រូវ​ផ្តើម​ពីយើង​ទាំងអស់​គ្នា​ ដោយ​ការ​បរិភោគ​អាហារ ហើយ​ចេះវេច​ខ្ចប់​ និង​យក​ទៅ​បោះ​ចោល​ក្នុងធុង​សំរាម​ដោយ​ខ្លួន​ឯង។ “​វា​គួរ​ឱ្យ​ខ្មាសអៀន​​ ដែល​អ្នក​ខ្លះ ចង់ស្អាត ចង់​ល្អ ប៉ុន្តែ​រូបភាព​ជាក់ស្តែង​ពេល​ញ៉ាំ ​រួច​ បែរជា​​បោះចោល​ឆ្វេង​ស្តាំ​​មិន​គិត​ដល់​បរិស្ថាន​ និង​អារម្មណ៍អ្នក​ដទៃ​”។

កញ្ញា ដានី និស្សិតវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា យល់​ថា​ មូលហេតុ​ដែ​ល​សំរាម​ត្រូវ​បាន​បោះចោល​​អាច​​មកពីការ​យល់ដឹង​​របស់​ជា​ពលរដ្ឋ​នៅ​មាន​កម្រិត​។ កញ្ញាថា​​ ក្រៅពី​បង្ក​ផល​ប៉ះពាល់​ដល់​សោភណភាព និង​អនាម័យ​​ សំរាម​ក៏​អាច​ ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវទេសចរ​ផងដែរ។ កញ្ញា​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​បង្កើន​ការ​យកចិត្តទុកដាក់​​ទៅ​បញ្ហា​បរិស្ថាន​។ “មិនថា​​ភ្ញៀវខ្មែរ ឬ​បរទេស​ទេ​ គ្រប់​គ្នា​គេចង់​ទៅ​ស្រូបខ្យល់​អាកាស​ លេងទឹកសមុទ្រ​ និងឆ្នេរខ្សាច់ ប៉ុន្តែកាល​​​ណា​មើលទៅ​សុទ្ធ​តែ​សំរាម​​ គឺ​ច្បាស់​ជា​លែង​ចង់​ទៅ​ហើយ​​”។  

អ្នកស្រី​ គង់ រឿន​ អាជីវករ​លក់​ដូរ​ភេសជ្ជ​នៅ​​ម្ដុំ​​ ឆ្នេរអារីស្តុន​​ ឱ្យ​ដឹង​ថា តំបន់​ឆ្នេរ​នេះ​ហាក់​មិនត្រូវ​បាន​ថែរក្សា និង​យកចិត្ត​ទុកដាក់​សំអាត​បរិស្ថាន​ពី​អាជ្ញាធរ​ដូច​នៅ​ម្ដុំ​​ឆ្នេរអូឈើទាល​​ទេ។ ​បន្ថែមលើ​នេះ​ យុវជន​មួយ​ចំនួន​ថែមទាំង​ផឹក​ស៊ី​ស្រវឹង​នៅ​ពេលយប់​វាយ​កម្ទេច​សម្ភារៈ​សាធារណៈ​មួយចំនួន​ដូច​ជា កៅអី ឆ័ត្រ​ និង​បង់​អង្គុយ​លេង ដែល​ទទួល​បាន​​ការ​ឧត្ថម្ភពី​ក្រុម​ហ៊ុនស្រាបៀរមួយ​ទៀត​ផង។ “គួរ​ឱ្យ​ស្ដាយ​យើង​មាន​ឆ្នេរ​ខ្សាច់ស្អាត​ និង​កន្លែង​អង្គុយ​​លេង​ត្រឹម​ត្រូវ​ ដែល​ក្រុមហ៊ុន​គេ​ជួយ​ធ្វើ​ ប៉ុន្តែ​បែរ​មិន​នាំ​គ្នា​ថែរក្សាបរិស្ថាន​ ទៅ​ជា​បោះចោល​ពាសវាលពាសកាល​ ថែមទាំង​ស្រវឹង​វាយ​កម្ទេច​​កៅអី និង​បង់​អង្គុយលេង​ថែមទៀត”។

ឆ្នេរ​សមុទ្រ​ប្រទេសកម្ពុជា មាន​ប្រវែងសរុប ៤៤០គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់ឆ្នេរសមុទ្រ​រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង៤ នេះ ត្រូវបាន​ដាក់​បញ្ចូល​ជាសមាជិក​ពេញសិទ្ធិ​របស់​ក្លឹបឆ្នេរ​សមុទ្រ ដែលស្អាត​បំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

អត្ថបទ៖ សុផល

រូបថត៖ ទូរសព្ទដៃ

អត្ថបទពេញនិយម