បុគ្គលិក​ថ្មី ចៀស​ឲ្យ​បាន​ដាច់​ខាត​កំហុស ៩យ៉ាង បើ​ចង់​ជាប់​ពេញ​សិទ្ធិ

  • 2017-12-18 03:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន ពេល​ចូល​ធ្វើ​ការ​ភ្លាម​អ្នក​មិន​អាច​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ទេ គឺ​ត្រូវ​ឆ្លងកាត់​ការងារ​សាក​ល្បង​រយៈពេល​ចន្លោះ​ពី ៣ ទៅ ៦ ខែ។ ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការងារ​នេះ គឺ​ជា​ការ​រៀន​សូត្រ​ពី​កន្លែង​ការងារ និង​បញ្ចេញ​សមត្ថភាព​របស់​អ្នក ដើម្បី​អាច​ឲ្យ​គេ​សម្រេច​បាន​ថា​នឹង​យក​ធ្វើ​ជា​បុគ្គលិក​ពេញ​សិទ្ធិ ឬ​អត់។ ក្នុង​រយៈពេល​នេះ ក្រុមហ៊ុន​នឹង​ធ្វើការ​វាយ​តម្លៃ​លើ​គ្រប់​ចំណុច​ទាំង​អស់។ ដូច​នេះ​ហើយ មិន​ត្រូវ​ធ្វើ​អ្វី​ដែល​អាច​ឲ្យ​គេ​ចាត់​ថ្នាក់​បាន​នោះ​ទេ។ ខាង​ក្រោម​នេះ គឺ​ជា​កំហុស​មួយ​ចំនួន​ដែល​អ្នក​គួរ​ជៀសវាង៖

១. សុំ​ឈប់​សម្រាក​ក្នុង​ពេល​ប៉ុន្មាន​ខែ​ដំបូង

ទង្វើ​បែប​នេះ អាច​នឹង​នាំ​ឲ្យ​អ្នក​គ្រប់​គ្រង​របស់​អ្នក​គិត​ថា៖ "ម្នាក់​នេះ​ទើប​តែ​ចូល​មក ហើយ​នៅ​ក្នុង​ពេល​សាក​ល្បង​ការងារ​សោះ សុំ​ឈប់​ម្ល៉ឹង​ៗ​ហើយ ចុះ​ទម្រាំ​បាន​ធ្វើ​ការងារ​ស៊ប់​ទៀត តើ​ឈប់​យ៉ាង​ណា​ទៅ"។ មិន​មែន​ថា​មិន​អាច​ឈប់​សោះ​នោះ​ទេ ប្រសិន​បើ​មាន​បញ្ហា​បន្ទាន់ និង​មាន​មូលហេតុ​ជាក់​លាក់ អ្នក​អាច​សុំ​ឈប់​បាន។ ម្យ៉ាង​វិញ​ទៀត បើ​អ្នក​មាន​ការងារ​អ្វី​ផ្សេង​ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ឈប់​ក្នុង​អំឡុង​ពេល​ការងារ​ដំបូង​នេះ គួរ​ប្រាប់​អ្នក​សម្ភាសន៍​ឲ្យ​បាន​ច្បាស់​ជា​មុន។

២. ទៅ​ធ្វើ​ការ​យឺត

ការ​ទៅ​ធ្វើ​ការ​យឺត គឺ​ជា​ទម្លាប់​អាក្រក់​មួយ​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​កែ​ខៃ​ឲ្យ​បាន​តាំង​ពី​ដំបូង។ ចំពោះ​អ្នក​ជា​បុគ្គលិក​ថ្មី គួរ​ជៀសវាង​ភាព​យឺតយ៉ាវ​ដាច់​ខាត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការងារ។ ការ​យឺតយ៉ាវ អាច​ឲ្យ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​មិន​គោរព​ពេល​វេលា ហើយ​ក៏​អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ជាប់​ការងារ​សាក​ល្បង​ដែរ។ ប្រសិន​បើ​មាន​​ធុរៈ​បន្ទាន់ គួរ​ប្រាប់​ដល់​កន្លែង​ការងារ​ឲ្យ​បាន​ច្បាស់ និង​គោរព​តាម​ពេល​វេលា​ដែល​អ្នក​សន្យា​ថា​នឹង​ទៅ​ដល់។

​​ ៣. រិះ​គន់​មេ​ថ្មី ប្រាប់​អ្នក​រួម​ការងារ

ជា​ការ​ពិត​ណាស់ ទោះ​ជា​អ្នកធ្វើការ​យូរ​មក​ហើយ​ក៏​ដោយ ក៏​មិន​ត្រូវ​រិះ​គន់​មេ​មុខ​អ្នក​រួម​ការងារ​ដែរ។ បើ​អ្នក​ទើប​តែ​ទទួល​បាន​ការងារ​ទៀត រឹតតែ​មិន​គួរ​និយាយ​ពី​រឿង​នេះ ព្រោះ​អាច​ធ្វើ​អ្នក​ដទៃ​គិត​ថា​អ្នក​ចាំ​តែ​ចាប់​កំហុស។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជាមួយ​មេ គួរ​តែ​និយាយ​​ផ្ទាល់​ជា​លក្ខណៈ​ទ្វេ​ភាគី​ជាមួយ​តែ​ម្ដង ជៀស​វាង​យក​បញ្ហា​នោះ​ទៅ​រអ៊ូ​ក្រោយ​ខ្នង​ដាក់​អ្នក​ដទៃ។ ​

៤. បង្ហើប​ពី​ចំណុច​អាក្រក់​នៅ​កន្លែង​ការងារ​ចាស់

នៅ​ពេល​ដែល​អ្នក​ចូល​ធ្វើ​ការ​ភ្លាម មិត្ត​រួម​ការងារ​ប្រាកដ​ជា​ចង់​ដឹង​ថា តើ​ហេតុ​អ្វី​បាន​ជា​អ្នក​លា​ឈប់​ពី​កន្លែង​ចាស់​មក​រក​ការងារ​ថ្មី។ ទោះ​យ៉ាង​ណា​ក៏​ដោយ សូម​កុំ​រីករាយ​និយាយ​ប្រាប់​គេ​ឲ្យ​សោះ បើ​ទោះ​ការងារ​ចាស់​នោះ​មាន​ចំណុច​អាក្រក់​ប៉ុណ្ណា​ក៏​ដោយ។ ការ​រៀប​រាប់​ពី​ចំណុច​អាក្រក់​នៅ​កន្លែង​ការងារ​ចាស់ អាច​នឹង​ធ្វើ​ឲ្យ​គេ​ម៉ៃ​ថា​អ្នក​ជា​មនុស្ស​មាត់​អត់​គ្រប ថ្ងៃ​នេះ​និយាយ​ដើម​កន្លែង​ចាស់ ថ្ងៃ​ក្រោយ​ប្រាកដ​ជា​និយាយ​ដើម​កន្លែង​នេះ ប្រាប់​ទៅ​កន្លែង​ថ្មី​ទៀត។ មុន​នឹង​ចែក​រំលែក​រឿង​អស់​នេះ គួរ​រង់ចាំ​ពេល​ណា​មួយ​ដែល​អ្នក​មាន​មិត្ត​រួម​ការងារ​អាច​ទុក​ចិត្ត​បាន និង​យល់​ចិត្ត​គ្នា​ច្បាស់​ជាមុន។

​​​​៥. ធ្វើ​រឿង​ខុស​គេ​ក្នុង​ពេល​ទទួល​ទាន​អាហារ​នៅ​កន្លែង​ការងារ

ជា​ការ​ពិត​ណាស់ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ វប្បធម៌​នៃ​ការ​ទទួល​ទាន​អាហារ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​កន្លែង​ការងារ។ កន្លែង​ខ្លះ​គេ​ចំណាយ​ពេល​ដល់​ទៅ​កន្លះ​ម៉ោង ដើម្បី​ទទួល​ទាន​អាហារ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ ឯ​កន្លែង​ខ្លះ​ទៀត​ញ៉ាំ​អាហារ​រៀងៗ​ខ្លួន​ប្រញាប់​រួសរាន់​ធ្វើការ​វិញ។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ឆ្លាត គួរ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង សិក្សា​ពី​វប្បធម៌​នៅ​កន្លែង​ការងារ​ថ្មី ដើម្បី​ដឹង​ថា​គេ​ប្រើ​ពេល​ប៉ុន្មាន​ទទួល​ទាន​អាហារ ហើយ​ចូលចិត្ត​ធ្វើអ្វី​ក្នុង​ពេល​នេះ កុំ​ឲ្យ​ឆ្គង​ខុស​គេ។

៦. មិន​ជួយ​សន្សំសំចៃ​ក្រុមហ៊ុន

ពេល​ចូល​ធ្វើ​ការ អ្នក​គួរ​ជួយ​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន មិន​គួរ​រិះ​គន់​ទៅ​លើក​ការ​ត្បិតត្បៀត​នៅ​កន្លែង​ការងារ​ទេ។ ប្រសិន​បើ​ត្រូវ​ទៅ​​បំពេញ​ការងារ​ឆ្ងាយ មិន​គួរ​គេង​សណ្ឋាគារ​ថ្លៃៗ ហើយ​ជិះ​ឡាន​ល្អៗ​នោះ​ទេ ត្រូវ​កាត់​បន្ថយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឯ​នៅ​កន្លែង​ការងារ​វិញ គួរ​ចេះ​មាន​ចិត្ត ជួយ​បិទ​ភ្លើង បិទ​កុំព្យូទ័រ ​នៅ​ម៉ោង​សម្រាក​ ជៀស​វាង​បើក​ចោល​នាំ​ឲ្យ​ខ្ជះខ្ជាយ​ភ្លើង។ ប្រការ​នេះ​អាច​មាន​ប្រយោជន៍​ច្រើន​ដល់​អ្នក ជា​ពិសេស​ពេល​អ្នក​ទើប​តែ​ចាប់​ផ្ដើម​ការងារ។ នៅ​ពេល​ក្រុមហ៊ុន​ចំណាយ​តិច ហើយ​​ឡើង​ចំណូល នោះ​ប្រាក់​ខែ​អាច​នឹង​ឡើង​លឿន​តាម​នោះ​ដែរ។

៧. ប្រើ​ពាក្យ​មិន​គួរ​សម ឬ​លេង​សើច​ច្រើន

អ្នក​ចូល​ធ្វើការ​ថ្មីៗ មិន​គួរ​ប្រើ​ពាក្យ​លេង​សើច​ច្រើន​ពេក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ដទៃ ក្នុង​ពេល​ដែល​អ្នក​ជា​សមាជិក​ថ្មី​នោះ។ គួរ​ប្រើ​ពេល​យូរ​បន្តិច ដើម្បី​ស្វែង​យល់​ពី​អ្នក​រួម​ការងារ ថា​គេ​ចូលចិត្ត​លេង​សើច​ឬ​អត់ មុន​ពេល​ដែល​អ្នក​បង្កើត​បរិយាកាស​នេះ​ឡើង។

​៨. ចំណាយ​ពេល​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​ការងារ

ពេល​អ្នក​ទើប​ចូល​ធ្វើការ​ថ្មីៗ ពិសេស​បី​ខែ​ដំបូង​នៃ​ការងារ​សាកល្បង គួរ​បញ្ចេញ​ឲ្យ​អស់​នូវ​សមត្ថភាព​ដែល​អ្នក​មាន ជៀសវាង​ចំណាយ​ពេល​លេង Facebook ឬ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ផ្សេង​ទៀត។ ការ​ធ្វើ​សកម្មភាព​ផ្សេង​ក្នុង​ពេល​ការងារ​ការងារ​ដំបូង ​អាច​ធ្វើ​ឲ្យ​អ្នក​រួម​ការងារ​គិត​ថា អ្នក​ជា​មនុស្ស​មិន​រវល់​​នឹង​ការងារ និង​មិន​ខ្ជះខ្ជាយ​ពេល​វេលា​អត់​ប្រយោជន៍។

​​​ ៩. ជជីក​សួរ​បុគ្គលិក​ចាស់​រឿង​ប្រាក់​ខែ

វា​ជា​រឿង​មិន​សម​ទាល់​តែ​សោះ ដែល​អ្នក​សួរ​បុគ្គលិក​ចាស់ៗ​រឿង​ប្រាក់​ខែ។ ការ​សួរ​និយាយ​រឿង​ប្រាក់​នៅ​កន្លែង​ការងារ នឹង​ធ្វើ​អ្នក​ធ្វើការ​ជាមួយ ក៏​ដូច​ជា​មេ​កើយ​របស់​អ្នក​គិត​ថា អ្នក​គ្មាន​ឆន្ទៈ​ក្នុង​ការងារ​ទេ ​ធ្វើ​ការ​ដើម្បី​តែ​ប្រាក់​ខែ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត រឿង​ប្រាក់​ខែ​គឺ​ជា​ការ​សម្ងាត់​របស់​ក្រុមហ៊ុន​នីមួយៗ ដើម្បី​កុំ​ឲ្យ​មាន​ការ​ច្រណែន​គ្នា។ ប្រសិន​បើ​អ្នក​មាន​សមត្ថភាព​ខ្ពស់ ប្រាក់​ខែ​ក៏​ឡើង​ច្រើន​តាម​ហ្នឹង​ដែរ៕ ​​

ចុចអានអត្ថបទ៖

ប្រភព៖ Sellick Partnership   ប្រែ​សម្រួល៖ គង់ វិសាល