លី តឺហួរ​​ ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ដ៏​អស្ចារ្យ​ក្នុង​ជីវិត

  • 2017-12-18 06:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ពេល​វេលា​មួយ​ដ៏​អស្ចារ្យ​ និង​មានន័យ​បំផុត​សម្រាប់​តារា​សម្ដែង​ហុងកុង​ Andy Lau (លី តឺហួរ) ដែល​បាន​ទទួល​កិត្តិយស​ធំធេង​ បន្ទាប់​ពី​ក្រាញ​ននៀល​តស៊ូ​ក្នុង​ពិភព​សិល្បៈ។

តារាប្រុស​វ័យ​ ៥៦​ឆ្នាំ​ រូបនេះ​ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​ ហើយ​ពេល​នោះ​ដែរ​ លោក​ក៏​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ ក្នុង​ការ​ដែល​លោក​ខិតខំ​រួម​ចំណែក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​នេះ ពី​សាកលវិទ្យាល័យ Hong Kong Shue Yan។

ព្រឹទ្ធបុរស​របស់​សាកលវិទ្យាល័យ​ នៃ​នាយកដ្ឋាន​សារព័ត៌មាន​ និង​ទំនាក់ទំនង​ លោក​សាស្ត្រាចារ្យ​ Liang Tian Wei បាន​មាន​ប្រសាសន៍​ថា​ Andy បាន​ប្រឹង​អស់​ពី​កម្លាំង​កាយ​ ចិត្ត​ដើម្បី​អាជីព​មួយ​នេះ អស់​រយៈ​ជា​ច្រើន​ឆ្នាំ។ សាស្ត្រាចារ្យ​ដដែល​ក៏​បាន​ កោត​សរសើរ​អស់​ពី​ចិត្ត​ចំពោះ​ តារា​ប្រុស​រូប​នេះ​ និង​បាន​ឲ្យ​ឈ្មោះ​ថា​ជា "ស្ដេច​អាស៊ី” ដែល​បាន​ទាក់ទាញ​ការ​ចូលចិត្ត​ពី​មនុស្ស​ជា​ច្រើន​នាក់។

ជាមួយ​គ្នា​នោះ​ តារា​សម្ដែង​ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ថា​ជា​ លី​ តឺហួរ​ក៏​បាន​ឡើង​ថ្លែង​ពី​អារម្មណ៍​របស់​ខ្លួន​ ដោយ​មិន​និយាយ​អ្វី​ច្រើន​ ក្រៅ​ពី​អរគុណ​ជាពិសេស​ដល់​អ្នក​គ្រប់​គ្នា។

នេះ​ជា​កិត្តិយស​ មិន​អាច​កាត់​ថ្លៃ​បាន​ សម្រាប់​ Andy Lau ហើយ​ក៏​ជា​ពានរង្វាន់​អស្ចារ្យ​ថ្មី​សម្រាប់​ជីវិត​ដែល​លោក​ទទួល​បាន​ ក្នុង​នាម​ជា​តារា​សម្ដែង​មាន​អ្នក​គាំទ្រ​ច្រើន​ស្ទើរ​ពាសពេញ​ពិភពលោក៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី