ពិតជាពិសេស! បុគ្គលិកលក្ខណៈតួអង្គសំខាន់ៗក្នុងរឿងភាគ «ផ្ទះគ្រូទាយ»

  • 2017-12-19 08:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តភាគ «ផ្ទះគ្រូទាយ» ហេតុតែមានសាច់រឿងអប់រំកម្សាន្ត អភិនីហារ និងមន្តអាគម អាថ៌កំបាំងដ៏ល្អបែបនោះ ទើបអ្នកនិពន្ធ និងដឹកនាំរឿងបានរៀបចំបុគ្គលិកលក្ខណៈនៃតួសម្តែងយ៉ាងស័ក្តិសមបំផុត។ ក្នុងនោះ Sabay នឹងលើកយកតួអង្គ៦រូប ដែលជាតួអង្គសំខាន់ៗក្នុងរឿង និងលក្ខណៈពិសេសរបស់តួអង្គដែលមានពិតក្នុងសង្គមខ្មែរ៖

គ្រូទាយ លីម អិត និងភរិយា

ទស្សនិកជន និងអ្នកគាំទ្រស្នាដៃនិពន្ធរបស់ពេជ្រ បណ្ឌិត ប្រលោមលោក «ផ្ទះគ្រូទាយ» ពិតជាដឹងហើយថា តួអង្គ មេមត់ ប្រាកដជាតួអង្គអាក្រក់ក្នុងរឿងនេះជាក់ជាមិនខាន ហើយគាត់ក៏ជាតួអង្គសំខាន់ដែលរុញច្រានសម្ពាធសាច់រឿងឱ្យល្អមើល នឹងមានភាពប្រទាក់ក្រឡាយ៉ាងល្អឥតខ្ចោះ។

តួអង្គគ្រូទាយ លីម អិត នេះសម្តែងដោយលោក សុខ សុធន ដែលមានបទពិសោធន៌ជាច្រើនលើការផលិតភាពយន្តខ្មែរជាច្រើនឆ្នាំ លោកក៏ជាផលិតករ និងធ្លាប់ទទួលបានពានរង្វាន់តារាសម្តែងរងឆ្នើមក្នុងមហោស្រពភាពយន្តបរទេសក្នុងរឿង «ដុំហ្វិលចុងក្រោយ» "The last Reel" ទៀតផង។

តាមរយៈអ្នកនិពន្ធ មីុសន សុធារី ប្រាប់ Sabay ឱ្យដឹងថា តួមេមត់ ឈ្មោះ លីម អិត ឬគ្រូអិត ជាគ្រូទាយ គឺពិតជាចេះវិជ្ជាងងឹតនេះប្រាកដ ដោយសារគាត់ត្រូវលង់ខ្លួនកាន់តែជ្រៅជាមួយអាគមរបស់ខ្លួន និងបានសាបព្រោះអំពើមិនល្អ ខ្មៅងងឹតឥតដកថយ បណ្តាលឱ្យអាគមរបស់ខ្លួនសាបរលាបបាត់ទៅ ហើយប្រែខ្លួនជាមនុស្សឆ្គួត ដោយបន្តការសូត្រអាគមរបស់ខ្លួនមិនឈប់​ទោះជាឥតប្រយោជន៍។

តួអង្គគ្រូទាយ

ចំណែកតួអង្គដែលតែងតែជួយជ្រោមជ្រែងតាអិត គ្រូទាយ ចិត្តលោភ គឺត្រូវជាភរិយា តាអិត ដែលមាននាមប្រឌិតថា យ៉ា សុភី ដែលធាតុពិតជាតួអង្គប្រពន្ធចុង និងមានចរិតកោងកាចឆ្នាស់ឆ្នើម ហើយថែមទាំងគាំទ្រមេមត់ ឱ្យទទួលយកការសូកប៉ាន់ លាភសក្ការៈ បញ្ចេះមេមត់ អិត ឱ្យធ្វើអំពើអាក្រក់ អន្តរាយដល់អ្នកផងដោយគ្មានញញើត និងជាអ្នកបង្គាប់ឱ្យតាអិតសម្លាប់ប្រពន្ធដើម ដើម្បីបង្កើតជាអាគមរបស់ខ្លួនដោយឥតកោតក្រែង។ តួអង្គនេះសម្តែងដោយ អ្នកស្រី មាស ផល្លី ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យភាពយន្ត។

តួអង្គ យ៉ា សុភី ប្រពន្ធចុងគ្រូទាយ

តួអង្គឯកនៃរឿង «ផ្ទះគ្រូទាយ» មាននាមប្រឌិតថា សៅ វិបុល ដែលជាកមស្លូតត្រង់ ជាកូនកសិករ ត្រូវបានឪពុកម្តាយយកមកផ្ញើ តាអិត គ្រូទាយ ឱ្យធ្វើជាក្មេងបម្រើដើម្បីបានរៀនសូត្រ និងសន្សំលុយកាក់រៀនបន្តនៅភ្នំពេញ។ នេះជាទម្លាប់របស់ប្រជាជនខ្មែរ ដែលតែងតែផ្ញើកូននឹងគ្រួសារណាដែលមានធូរធារជាងខ្លួន ដើម្បីឱ្យកូនមានឱកាសល្អជាមុន នេះបើតាមការរៀបរាប់របស់អ្នកនិពន្ធ ម៉ីសន សុធារី។

អ្នកនិពន្ធ មីុសន សុធារី

តែ វិបុល ជាក្មេងជំទង់ដែលចង់ចេះចង់ដឹង និងសង្ស័យសកម្មភាពរបស់គ្រូទាយ ហើយតែងតែចេញពីផ្ទះនៅពេលយប់រាល់ម៉ោង ១២ ជាមួយប្រពន្ធគ្រូទាយទៅកាន់ចម្ការក្រោយផ្ទះ ហើយថែមទាំងមានការលាក់បាំងជាច្រើន ហេតុនេះបណ្តាលឱ្យរូបគេត្រូវ តាអិត សូត្រអាគមឱ្យក្លាយជាមនុស្ស គ និយាយអ្វីមិនបានដើម្បីលាក់ការណ៍របស់ខ្លួន។ តួអង្គឯកសម្តែងដោយយុវជនភារា។

តួអង្គឯក សៅ វិបុល

តួអង្គសំខាន់ម្នាក់ទៀតដែល ជួយ វិបុល ឱ្យជោគជ័យក្នុងការប្រឆាំងនឹងតាអិត គឺ តួអង្គ ពូប៊ុនធឿន ដែលជាបាវបម្រើតាហោ លីម អិត ធ្វើចម្ការ។ ព្រោះតែដឹងរឿងតាអិតច្រើនពេក ហោចាស់ចិត្តមារនោះ ក៏សូត្រអាគមធ្វើឱ្យពូធឿន គ និយាយអ្វីមិនបាន។ គាត់ក៏ស្អប់តាអិត តែក៏ខ្លាចអំណាចរបស់តាអិតដែរ ដោយមានចិត្តចង់ជួយក្មេងៗដែលតាមប្រុងយកទៅបូជាផងនោះ ពូធឿន ក៏រូមដៃជាមួយតួវិបុលដោយមិនខ្លាចស្លាប់ តតាំងនឹងតាអិត វាយកម្ចេចរូបសំណាកស័ក្តិសិទ្ធរបស់តាអិត បណ្តាលឱ្យតាអិតក្លាយជាអស់ឬទ្ធិ ក្លាយជាមនុស្សឆ្គួតតែម្តង ។

តួអង្គ ពូធឿន សម្តែងដោយលោក ម៉ម សារិក

ក្នុងនោះក៏មានតួ មីង ម៉ាច ដែលជាចុងភៅក្នុងផ្ទះគ្រូទាយ ដែលជាអ្នកជំនិត ការពាររឿងសម្ងាត់របស់ហោ ដោយការភ័យក្លាច តែរូបគាត់ក៏តែងតែជួយការពារ តួ វិបុល ដោយការអាណិត។ ចំណែកតួអង្គ ម្នាក់ទៀតដែលមានឈ្មោះថា វាសនា ត្រូវជាមិត្តភ័ក្រ្តរបស់ តួវិបុល ត្រូវបានតាអិតធ្វើឱ្យជ្រុះសក់អស់ពីក្បាល ដើម្បីជួយមន្រ្តីម្នាក់ឱ្យមានសក់វិញ។ ចុងក្រោយរូបគេត្រូវបានជួយសង្រោះឱ្យមានសក់វិញ ដោយសារអាគម តាអិតត្រូវរលាយក្រោមស្នាដៃរបស់វិបុល និង ពូធឿន។

តួអង្គ មីង ម៉ាច ​សម្តែងដោយអ្នកស្រី រ័ត្ន វុត្ថា
តួអង្គ វេសនា សម្តែងដោយ ភារិន

ចុចអាន

-ដឹងថាអ្នកនិពន្ធលះបង់យ៉ាងណា ទម្រាំសរសេររឿង «ផ្ទះគ្រូទាយ» ចប់?​

-រឿងបែបមន្តអាគមទេ តែផ្តល់សារអប់រំឡើងអេម

-ជក់ចិត្ត ត្រឹម១០សន្លឹកក្រៅឆាករឿង «ផ្ទះគ្រូទាយ»

អត្ថបទ៖ Sunny