ព្រឹក​នេះ​ត្រជាក់​ខ្លាំង ដឹង​ថា​សីតុណ្ហភាព​នៅ​ភ្នំពេញ​ធ្លាក់​នៅ​​ប៉ុន្មាន​អង្សា​ទេ?

  • 2017-12-19 02:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បាន​រំកិល​មក​គ្រប​ដណ្ដប់​​លើ​ជ្រោយ​ឥណ្ឌូ​ចិន ធ្វើ​ឲ្យ​តំបន់​ជិត​នោះ​ចុះ​ត្រជាក់​ខុស​ពី​ធម្មតា រួម​ទាំង​ប្រទេស​​កម្ពុជា​ផង។ ចំណែក​សីតុណ្ហភាព​នៅ​ភ្នំពេញ បាន​ធ្លាក់​មក​នៅ​ត្រឹម ១៨​អង្សាសេ​ប៉ុណ្ណោះ ចាប់​ពី​វេលា​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង ៧ព្រឹក និង​កើន​ឡើង​ដល់១៩ អង្សាសេ នៅ​វេលា​ម៉ោង៨ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​អារម្មណ៍​ថា​រងា​ប្លែក។

មិន​ខុស​ព្យាករ​ណ៍របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ថានភាព​អាកាសធាតុ​ប្រទេស​កម្ពុជា​ពិត​ជា​មាន​ការ​ប្រែ​ប្រួល​ចុះ​ត្រជាក់​ខុស​ពី​ធម្មតា ដោយសារ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បាន​រំកិល​មក​គ្រប​ដណ្ដប់​លើ​ជ្រោយ​ឥណ្ឌូចិន។ សីតុណ្ហភាព​គ្រប់​ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា សុទ្ធតែ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​រង្វង់ ២០​អង្សាសេ​នា​ពេល​ព្រលឹម និង​អាច​កើន​ដល់ ២៥-២៧​អង្សាសេ​នា​ពេល​ថ្ងៃ​ត្រង់។ ដោយ​ឡែក​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និង​ប៉ៃលិន​ជា​ដើម សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់​ក្រោម ២០​អង្សាសេ​នា​ពេល​ព្រលឹម។

តាម​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ថានភាព​ត្រជាក់​ខ្លាំង​បែប​នេះ អាច​មាន​រហូត​ដល់​ថ្ងៃ​២២។ ក្នុង​នោះ សីតុណ្ហភាព​ខុស​គ្នា​ទៅ​តាម​តំបន់​ដូច​ខាង​ក្រោម៖

១. តំបន់​ជួរភ្នំ​ដងរែក សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មកនៅ​ក្នុង​រង្វង់ ១៣​អង្សារសេ។

២. បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា៖ ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរ​មានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា នឹង​ថយចុះ​មក​នៅក្នុង​រង្វង់ ១៥​អង្សារសេ។

៣. បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា៖ ខេត្ត​ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​កោះកុង សីតុណ្ហភាព​អប្បបរមា នឹង​ថយចុះ មកនៅ​ក្នុង​រង្វង់ ១៧-១៨​អង្សារសេ។

៤. បណ្តា​រាជធានី-ខេត្ត​ផ្សេងទៀត សីតុណ្ហភាព​អប្បបរមា នឹង​ថយចុះ​មកនៅ​ក្នុង​រង្វង់ ១៩-២០​អង្សាសេ លើកលែងតែ​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ ដែលមិន​សូវចុះ​ត្រជាក់​ខ្លាំង៕ ​

ចុចអានអត្ថបទ៖

អត្ថបទ៖ គង់ វិសាល