Smart ឲ្យ​អាហារូបករណ៍​សិស្ស​ឆ្នើម ២០ នាក់ ម្នាក់បាន ១៥ ០០០ ដុល្លារ

  • 2017-12-19 07:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata បាន​ប្រកាស​បេក្ខភាព​សិស្ស ២០រូប​ដែល​នឹង​ទទួល​បាន​អាហារូបករណ៍​១០០% សម្រាប់​ការ​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​នានា​តាម​រយៈ​កម្មវិធី​អាហារូបករណ៍ SmartEdu ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ស្មើ​នឹង​ទឹកប្រាក់ ១៥ ០០០ដុល្លារ។

ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​ថា៖ "កម្មវិធី​អាហារូបករណ៍​របស់ Smart ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធានា​ថា និស្សិត​ឆ្លាត​វៃ និង​ដែល​មាន​សក្ដានុពល​បំផុត អាច​បន្ត​ការសិក្សា​របស់​ខ្លួន ដោយ​មិន​អា​ស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​នោះ​ទេ"។

ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន (ឆ្វេង)

ឯកឧត្ដម​បណ្ឌិត កាន ចាន់មេតា្ត រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បន្ថែម​ថា៖ "ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​កំណត់​អាទិភាព​ចម្បង​នានា ដើម្បី​អភិវឌ្ឍ​អ្នក​មាន​ទេពកោសល្យ​ផ្នែក ICT និង​កម្លាំង​ពលកម្ម​ផ្នែក​ឌីជីថល ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​ក្នុង​ឆ្នាំ​ខាងមុខ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​នៃ​សេដ្ឋកិច្ច​បែប​ឌីជីថល​របស់​កម្ពុជា"។

សិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​ទាំង ២០​នាក់ ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ចំណោម​បេក្ខជន​ជាង ១០០​នាក់​ទូទាំង​ប្រទេស ហើយ​ក្រៅ​ពី​ជំនួយ​ហិរញ្ញវត្ថុ ពួកគេ​នឹង​ទទួល​បាន​ឱកាស​ផ្សេងៗ ដូចជា​ការ​ចូលរួម​កម្មវិធី​អភិវឌ្ឍន៍ ក៏​ដូចជា​លទ្ធភាព​ទទួល​បាន​ការងារ​ធ្វើ​នៅ Smart បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។

លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ Smart Axiata បាន​និយាយ​ថា៖ " Smart មាន​កិត្តិយស​ដែល​បាន​រួម​ចំណែក​វិជ្ជមាន​សម្រាប់​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា ហើយ​បាន​គាំទ្រ​សិស្ស​ទាំង​នេះ ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ការសិក្សា​ខ្ពស់​មួយ​កម្រិត​ទៀត"។

លោក រុន សីហា សិស្ស​ទទួល​បាន​អាហារូបករណ៍ SmartEdu សម្រាប់​ឆ្នាំ​២០១៧ បាន​លើក​ឡើង​ថា៖ "ខ្ញុំ​គិត​ថា​អាហារូបករណ៍​នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​សិស្ស ដែល​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ចង់​បន្ត​ការ​សិក្សា​របស់​ខ្លួន"។

ព័ត៌មាន​បន្ថែម តាម​ដាន​លើ​ផេក​ហ្វេសប៊ុក Smart for Cambodia ឬ​ចូល​វិបសាយ www.smart.com.kh

ដោយ៖ វិទូ