រក​ឃើញ​សំបុក​កន្ធាយ​ក្បាល​កង្កែប​ជិតផុតពូជ សម្រាប់​រដូវ​កាល​ពង​កូន​ឆ្នាំនេះ នៅទន្លេមេគង្គ

  • 2017-12-19 07:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន ០១សំបុក ត្រូវ​បាន​ក្រុម អ្នក​អភិរក្ស​នៃ​រដ្ឋបាល​ជលផល អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ និង​ប្រជា​សហគមន៍ រក​ឃើញ​ជា​លើក​ដំបូង​នៅ​ក្នុង​រដូវកាល​ពង​កូន​ឆ្នាំ​នេះ​នៅ​ឆ្នេរ​ខ្សាច់​ដង​ទន្លេ​មេ​គង្គ​ចន្លោះ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ដែលជា​ទីកន្លែង​ពង​កូន​តែ​មួយគត់​នៅ​ក្នុង​ប្រទេសកម្ពុជា​នៅថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។ សំបុក​កន្ធាយ​ក្បាល​កង្កែប​នេះ ត្រូវ​បាន​ប្រជា​សហគមន៍​ការពារ រហូត​ដល់​ពង​កន្ធាយ​ទាំងអស់​នោះ​ញាស់ ហើយ​កូន​កន្ធាយ​នឹង ត្រូវលែង​ឲ្យ​ទៅ​រក​នៅ​ក្នុង​ទន្លេ​វិញ។

កន្ធាយក្បាលកង្កែប

សត្វ​កន្ធាយ​ក្បាល​កង្កែប (ឬ​រមិច) ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​នៅ​លើ​សាកលលោក។  ពួកវា​ត្រូវ​បាន​គេ​គិត​ថា​ផុតពូជ​ពី​កម្ពុជា​ទៅ​ហើយ រហូត​ដល់​ឆ្នាំ ២០០៧​ពួកវា​ត្រូវ​បាន​គេ​រក​ឃើញ​ម្តងទៀត​នៅ​ក្នុង​បរិវេណ ៤៨​គីឡូម៉ែត្រ​ នៅ​ដង​ទន្លេ​មេគង្គ​ចន្លោះ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង។ គម្រោង អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​ដង​ទន្លេមេគង្គ កន្លងមក​អនុវត្ត​ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ ហើយ​បាន​ផ្ទេរ​មក​ឲ្យ​អង្គការWCS សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រភេទ​សត្វ​អណ្តើក។

កម្មវិធី​ការពារ​សំបុក​លើក​ទឹកចិត្ត​ឲ្យ​ប្រជាសហគមន៍​រស់​នៅ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ចូលរួម​ការពារ​សត្វកន្ធាយ​ក្បាលកង្កែប ដោយ​បាន​ជ្រើសរើស​អតីត​អ្នក​ប្រមូល​ពង និង​មេពូជ​កន្ធាយ​ក្បាល​កង្កែប​ឲ្យ​មក​ធ្វើការងារ​ជាបុគ្គលិក​របស់​គម្រោងដើម្បីស្វែងរក និង​ការពារ​សំបុក​សត្វកន្ធាយ​ក្បាល​កង្កែប ជំនួស​ឲ្យ​ការ​ប្រមូល​យកពង និង​មេពូជ​យក​ទៅហូប និង​លក់។ រហូត​មកដល់​ពេលនេះ សំបុក​ពង​ចំនួន ៣៧៨ ត្រូវបាន​ការពារ ហើយ​ជា​លទ្ធផល​ទទួល​បាន​កូន​ញាស់​ចំនួន ៨ ៥២៨កូន។

លោក សោម ស៊ីថា ទីប្រឹក្សា​បច្ចេកទេស​គម្រោង​អភិរក្ស​សត្វ​អណ្តើក បាន​និយាយ​ថា៖ “ចាប់ពី​ឥឡូវនេះ រហូត​ដល់​ខែ​មិថុនា គឺជា​អំឡុង​ពេល​សត្វ​កន្ធាយ​ក្បាល​កង្កែប​ពងកូន។ នេះ​គឺជា​សំបុកទី ០១​ដែល​យើង​បាន​រកឃើញ​នៅក្នុង​ឆ្នាំនេះ។ យើង​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​រដ្ឋបាល​ជលផល និង​ប្រជា​សហគមន៍​ដើម្បី​ស្វែង​រក​សំបុក​បន្ថែមទៀត​នៅ​តាម​ដង​ទន្លេមេគង្គ ដើម្បី​ការពារ​ពួកវា​ពីការ​ប្រមូល​យក​ពង​កូន​ ជាដើម”។  

លោក សោម ស៊ីថា បាន​បន្ត​ថា៖ “កន្ធាយ​ក្បាល​កង្កែប គឺជា​ប្រភេទ​ដ៏​កម្រ​ដែល​អាច​នឹង​ផុតពូជ​នៅ​ក្នុង​ពេល​អនាគត ប្រសិន​បើ​យើង​មិនមាន​វិធាន​អភិរក្ស​ពួកវា​ឲ្យ​បាន​សមស្រប​ទេ​នោះ។ ពួកវា​មិនមាន​ច្រើន​ក្បាល​ទេ ដែល​រស់​នៅ​ក្នុង​ធម្មជាតិ។ ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ចូលរួម​ការពារ​ប្រភេទសត្វ​ដ៏កម្​រមួយនេះ​បាន ដោយ​បញ្ឈប់​ការ​ទិញ ឬ​ក៏បរិភោគ​សាច់ ឬ​ពង​របស់វា”។

ការងារ​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប​ទទួលបាន​ការ​គាំទ្រ​ពីម្ចាស់​ជំនួយ​ដូចជា Critical Ecosystem Partnership Fund (CEPF) អង្គការ​អភិរក្ស​អន្តរជាតិ និង​សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​ប្រភេទសត្វ​អណ្តើក៕

អត្ថបទ៖ សុផល

រូបថត៖ WCS

អត្ថបទពេញនិយម
អត្ថបទថ្មី