Kaspersky ​ប្តឹង​រដ្ឋបាល​លោក​ត្រាំ​រឿង​ហាម​កូនចៅ​មិន​ឱ្យ​ប្រើ​សហ្វវែ​របស់​ខ្លួន​

  • 2017-12-19 11:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធើណិត​យក្ស​របស់​រុស្ស៊ី​ Kaspersky Lab ​កំពុង​ប្តឹង​ទៅ​មន្ទី​រដ្ឋបាល​លោក​ត្រាំ​ជុំវិញ​ការ​សម្រេច​ចិត្ត​ហាម​ទីភ្នាក់ងារ​សហព័ន្ធ​អាមេរិក​មិន​ឱ្យ​ប្រើប្រាស់​រាល់​ផលិតផល​របស់​ក្រុមហ៊ុន​ ។

កាល​ពី​ខែ​កញ្ញា​ក្រសួង​សន្តិសុខ​ Department of Homeland Security (DHS) ​បាន​ហាម​ប្រាម​ដល់​ទីភ្នាក់ងារ​សហព័ន្ធ​ទាំងអស់​មិន​ឱ្យ​ប្រើប្រាស់​ផលិតផល​កម្ចាស់​មេរោគ​របស់​ Kaspersky Lab ​ដោយ​លើក​ឡើង​ថា​មាន​ការ​ព្រួយ​បារម្ភ​រឿង​សន្តិសុខ​ជាតិ​ហើយ​ការ​ពិត​គឺ​ក្តី​បារម្ភ​កើត​មាន​ពី​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ក្រុង​ម៉ូស្កូ​តែម្តង​ ។ ស្ថានិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លោក​ Eugene Kaspersky ​បាន​ជំទាស់​ចំពោះ​សកម្មភាព​នេះ​ដោយ​ហៅ​ថា​ជា​ ទង្វើ​ឆ្កួតៗ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ ។

Kaspersky ​បាន​និយាយ​ក្នុង​លិខិត​ចំហរ​មួយ​ទៅ​កាន់​ទីភ្នាក់ងារ​ Department of Homeland Security ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា​ DHS ​បាន​ធ្វើ​ឱ្យ​ខូច​កេរិ៍្តឈ្មោះ​មុខ​មាត់​របស់​ Kaspersky Lab ​ហើយ​និង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ដោយ​គ្មាន​ភស្តុតាង​ណាមួយ​បង្ហាញ​ថា​ក្រុមហ៊ុន​ប្រព្រឹត្ត​ខុស​ឡើយ​ ។ ដោយ​ឡែក​សារព័ត៌មាន​ Reuters ​រាយ​ការណ៍​ថា​ រដ្ឋាភិបាល​បាន​ផ្អែក​លើ​របាយការណ៍​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​បាន​បញ្ជាក់​ជា​ភស្តុតាង​ក្នុង​ការ​ពិនិត្យ​មើល​សហ្វវែ​របស់​ Kaspersky ។ ក្រុមហ៊ុន​ស្នើ​ឱ្យ​តុលាការ​លុប​ចោល​ការ​ហាមឃាត់​និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​ផលិតផល​របស់​ក្រុមហ៊ុន​រុស្ស៊ី​មិន​បង្ក​ការ​គំរាម​កំហែង​ប្រព័ន្ធ​សន្តិសុខ​ដល់​កុំព្យូទ័រ​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ​ ។

គួរ​បញ្ជាក់​ថា​ តម្លៃ​នៃ​ការ​លក់​កម្មវិធី​សហ្វវែ​របស់​ Kaspersky ​ទៅ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​សរុប​តិច​ជាង​ ៥៤ ០០០ ដុល្លារ (​ប្រហែល​ជា​ ០,០៣% ​នៃ​ការ​លក់​សរុប​របស់​ខ្លួន​នៅ​ទឹក​ដី​អាមេរិក​) ។

ប្រភព៖ RT   ប្រែ​សម្រួល៖ សិរីបុទ្រ