រៀន​ចប់​រក​ការងារ​មិន​បាន​សោះ​ធ្វើ​ម៉េច​ទៅ? មិន​​ចេះ​អក្សរ​នឹង​គេ​ផង​តើ​អាច​រក​ការងារ​​ធ្វើបាន​​ដែរ​ឬទេ? ចង់បាន​បុគ្គលិក​និង​កម្មករ​ទៅ​រក​នៅ​ទីណា​ទៅ? ចង់​ផ្ដល់​​សេវា ​អប់រំ​បណ្ដុះបណ្ដាល ​ត្រូវ​ធ្វើ​យ៉ាង​ណា? ទាំង​នេះ​មិន​ជា​បញ្ហា​នោះ​ទេ Sabay អាច​ជួយ​លោក​អ្នក​បាន សូម​អញ្ជើញ​ជួប​ជា​មួយ​​លោក ភិន ពុធថន ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ដើម្បី​​ធ្វើ​​ការ​បកស្រាយ​នៅ​ចម្ងល់​​ទាំង​នេះ​៖

Sabay៖ ជម្រាប​សួរ​លោក ភិន ពុធថន អ្វី​ទៅ​ជា​ទីភ្នាក់ងារ​ជាតិ​​មុខ​របរនិង​ការងារ ?
ភិន ពុធថន បាទ​អរគុណ! ទី​ភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ វា​គឺ​ជា​កន្លែង​ផ្ដល់​សេវា​ការងារ និង​ផ្ដល់​ទី​ផ្សារ​ការងារ ដល់​អ្នក​ស្វែង​រក​ការងារ​ធ្វើ និយោជក​ដែល​ត្រូវ​ការ​បុគ្គលិក និង​អ្នក​ដែល​ចង់ ផ្ដល់​ការ​អប់រំ​បណ្ដុះបណ្ដាល។ ទីភ្នាក់ងារ​នេះ​គឺជាទីភ្នាក់ងារ​​​​ប្រតិបត្តិការ​ពិសេស​​របស់​រដ្ឋ បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​​លេខ ៦៧ អនក្របក ចុះ​ថ្ងៃ​ទី២៧ ខែ មេសា ឆ្នាំ២០០៩។

Sabay៖ តើ​ទីភ្នាក់ងារ​ជាតិ​​មុខ​របរ និង​ការងារ បង្កើត​ឡើង​ក្នុង​គោល​បំណង​អ្វី​ទៅ?
ភិន ពុធថន
បាទ!  ផ្អែក​តាម​​មាត្រា ២ នៃ​អនុក្រឹត្យ៦៧ អនក្របក ចុះ​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០០៩ ស្ដី​ពី​ការ​បង្កើត និង​ដាក់ឲ្យ​​ដំណើរការ ទីភ្នាក់ងារ​ជាតិ​​មុខ​របរ និង​ការងារ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើកកម្ពស់ ការ​ផ្ដល់​សេវា​ព័ត៌មាន​ទីផ្សារ​ការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ផ្ដល់​ឱកាស​ដល់អ្នក​​ស្វែង​រក​ការងារ​ធ្វើ និយោជិត និយោជក អ្នក​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក។

Sabay៖ ចុះ​បើ​ខ្ញុំ​ត្រូវ​ការស្វែង​រក​ការងារ​ធ្វើ ឬនិយោជិក​ត្រូវការ​បុគ្គលិក ឬក៏​ខ្ញុំ​ត្រូវ​ការ​ផ្ដល់​ការបណ្ដុះបណ្ដាល​ជំនាញ តើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច?
ភិន ពុធថន
បាទ! ​ងាយស្រួល​ទេ ប្រសិន​បើ​លោក​អ្នក​​ចេះ​ប្រើ​អ៊ីនធឺណិត សូម​​ចូល​ www.nea.gov.kh ​នោះ​លោក​អ្នក​នឹង​បាន​ដឹង អំពី​ការ​ណែនាំ​ជា​មិន​ខាន។ ចំណែក​អ្នក​ដែល​មិន​ចេះ​ប្រើ​អ៊ីនធឺណិត ឬ​មិន​ចេះ​អក្សរ លោក​អ្នក​​​គ្រាន់​តែ​​មក​កាន់​ការិយាល័យ​ទីភ្នាក់ងារ​ជាតិ​​មុខ​របរ​​​​​​​និង​ការងារ​ណា​​មួយ​ក្នុង​ចំណោម​​​ទីភ្នាក់ងារ​ទាំង​៤​របស់​យើង ​នោះ​ក្រុម​ការងារ​របស់​យើង​​​​​នឹង​ជួយ​បំពេញ​បែប​បទ​  ​រួច​ហើយ​ក្រុម​ការងារ​របស់​យើង​នឹង​ចុះ​ផ្សាយ​តាម​​ វេបសាយ​ជូន។ទីតាំង​នៃ​ទីភ្នាក់ងារ​ទាំង៤រួម​មាន៖
ទី១៖ មជ្ឈមណ្ឌល​​ការងារ​រាជធានី​ភ្នំពេញ
ស្ថិត​នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស តាម​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។
ទូរស័ព្ទ៖ ០២៣ ៦៣៣ ៦០០ , ០៧៧ ២៣៤ ៣៧៨ , ០១៦ ៦៦៧ ៨១២
E-mal: jc_pp@nea.gov.kh

ទី២ ៖មជ្ឈមណ្ឌល​ការងារ ​ខេត្ត​បាត់ដំបង
ទូរស័ព្ទ៖ ០៥៣ ៩៥៣ ៥៨០
E-mal: jc_battombang@nea.gov.kh
ទី៣៖ មជ្ឈមណ្ឌល​ការងារ ​ខេត្ត​សៀមរាប
ទូរស័ព្ទ៖ ០៦៣ ៩៦៩ ៣៩៦
E-mal: jc_siemreap@nea.gov.kh
ទី៤ ៖មជ្ឈមណ្ឌល​ការងារ ​ខេត្ត​​កំពត
ទូរស័ព្ទ៖ ០៣៣ ៩៣២ ១២២
E-mal: jc_kompot@nea.gov.kh

Sabay៖ មក​ដល់​ពេល​នេះ តើទី​ភ្នាក់ងារ​ជាតិ​មុខ​របរនិង​ការងារ បាន​ជួយ​រក​ការងារ​ជូន​ប្រជា​ពលរដ្ឋ​បាន​ប៉ុន្មាន​អ្នក​ហើយ? តើ​ការ​ងារ​ណា​​ខ្លះ​ដែល​ទី​ផ្សា​ត្រូវ​ការ​ច្រើន​ជាង​គេ?
ភិន ពុធថន
បាទ​! ដោយ​សារ​តែ​​ទីភ្នាក់ងារ​មុខ​របរ និង​ការងារ​​ទើប​តែ​បង្កើត យើង​​ទើប​តែ​ទទួល​បាន​អ្នក​ដាក់​ពាក្យ​​ស្វែង​រក​ការ​ងារ​ធ្វើ​ចំនួន​ជាង​៤០០០​នាក់​ប៉ុណ្ណោះ។ ចំណែក​ការងារ​វិញ ទីភ្នាក់ងារ​ជាតិ​មុខរបរ​បាន​​​ជួយ​រក​ការងារ​ជូន​ពួកគាត់​បាន​ជាង​៣០០​នាក់​ហើយ។ ក្នុងចំណោម​ការងារ​ទាំង​​អស់ មាន​តែ​ការ​ងារ​ជា​កម្មករ​រោងចក្រ​ទេ​ដែល​និយោជក​ត្រូវ​ការ​ជាង​គេ បន្ទាប់​មក​ទៀត​ដូច​ជា​ការ​ងារ​ទាក់ទង​នឹង​វិជ្ជាជីវៈ​បច្ចេកទេស។

Sabay៖ ជា​ចុង​ក្រោយ​តើ​លោក មាន​អ្វី​បន្ថែម​ទៀត​ទេ ទៅ​​កាន់​យុវវ័យ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​​​រក​ការងារ​ធ្វើ ?
ភិន ពុធថន បាទ​!​អរគុណ​ណាស់ សូម​យុវវ័យ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​មិន​ទាន់​មាន​ការ​ងារ​ធ្វើ ហើយ​ចង់​បាន​ការងារ​ធ្វើ សូម​ទាក់​ទង​តាម​អាសយដ្ឋាន​ខាង​លើ នោះ​ក្រុម​ការងារ​របស់​យើង​នឹង​​ជួយ​លោក​អ្នក​​បាន​ជា​មិន​ខាន ។ នៅ​ថ្ងៃ​​ស្អែក និង​ខានស្អែក​នេះ ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ ​មាន​ការ​តាំង​ពិព័រណ៍​​ដ៏​ធំ​មួយ​នៅ​កោះពេជ្រ សង្ឃឹម​ ថា នឹង​មាន​យុវវ័យ​ច្រើន​មក​ដាក់​ពាក្យ​ធ្វើ​ការ​តាម​រយៈ​ទី​ភ្នាក់ងារ​ជាតិ​មុខ​របរ​ជា​មិន​ខាន៕

ដោយ៖ ខុត សីហា