ជំងឺធ្មេញ​អាច​បណ្តាល​អោយ​បាក់តេរី​ចូល​ទៅ​ក្នុង​លំហូរឈាម​របស់​អ្នក ហើយ​នឹង​បង្ករ​ជា​ផល​វិបាក​នៅ​កន្លែង​ណាមួយ​នៃ​រាង​កាយ​របស់​អ្នក។ ឬពេល​ខ្លះ​ សញ្ញា​នៃ​ជំងឺ​អាច​​បង្ហាញ​ជា​ដំបូង​នៅ​ក្នុង​មាត់​របស់​អ្នក។

ទោះ​បី​ជាយ៉ាង​ណា​​ភ្នែក​អាច​​ជា​ទ្វារ​​វិញ្ញាណ មាត់​​ជា​បង្អួច​នៃ​សុខ​ភាព​រាង​កាយ​របស់​អ្នក។ ស្ថាន​ភាព​នៃ​សុខ​ភាព​មាត់​របស់​អ្នក​អាច​ផ្តល់​តំរុយ​ជា​ច្រើន​ពី​សុខ​ភាព​រាង​កាយ​របស់​អ្នក​ទាំ​ង​មូល។ សុខ​ភាព​មាត់​និង​សុខ​ភាព​រួម​របស់​អ្នកអាច​មាន​ទំនាក់​ទំនង​នឹង​គ្នា​ជាង​ការ​ដែល​អ្នក​ដឹង។

សុខភាព​រួម​របស់​មនុស្ស​មាន​ទំនាក់​ទំនង​ជា​មួយ​ស្ថានភាព​សុខ​ភាព​ផ្សេង​ទៀត​លើស​ពី​មាត់។ ពេល​ខ្លះ​សញ្ញា​ដំបូង​របស់​ជំងឺ​បង្ហាញ​នៅ​ក្នុង​មាត់។ នៅ​ក្នុ​ង​ករណី​ផ្សេង​ទៀត កង្វល់នៅ​ក្នុង​មាត់​របស់​អ្នក​ ដូច​ជា​ជំងឺ​ធ្មេញអាច​បង្ករ​អោយ​មាន​បញ្ហា​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយរបស់​អ្នក។ ស្វែង​យល់​ទាំង​អស់​គ្នា​ជា​មួយ​សប្បាយ​ទាក់​ទិន​នឹង​សុខភាព​មាត់​និង​សុខ​ភាពរួម​។

ទំនាក់​ទំនង​រវាង​សុខភាព​មាត់​និង​សុខភាព​រួម

ជាទូ​ទៅ​មាត់​ប្រមូល​ផ្តុំ​ដោយ​បាក់តេរី។ ជាធម្មតា​អ្នក​អាច​គ្រប់​គ្រង​បាក់តេរី​ទាំង​នេះ​បាន​ជា​មួយ​នឹង​ការ​ថែ​ទាំ​សុខភាព​​មាត់​​អោយ​បាន​ល្អ ដូច​ជា​ការ​ដុស​ធ្មេញ​ប្រចាំ​ថ្ងៃ​និង​ការ​ខ្ពល់​មាត់។ ទឹក​មាត់​ក៏​ជា​កូន​សោ​សំខាន់​​សំរាប់​ការ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​ផងដែ។ ទឹក​មាត់​មាន​អង់ស៊ីម​ដែល​អាច​កំចាត់​បាក់តេរី​តាម​វិធី​ជា​ច្រើន។ តែ​បាក់​តេរី​ដែល​មាន​គ្រោះ​ថ្នាក់ខ្លាំង​ពេល​ខ្លះ​មិន​អាច​គ្រប់​គ្រង​បាន​ទេ ដែល​បណ្តាល​អោយ​មាន​ជំងឺ​ធ្មេញ​ធ្ងន់​ធ្ងរ។

នៅ​ពេល​ធ្មេញ​មាន​សុខភាព​ល្អ បាក់​តេរីនៅ​ក្នុង​មាត់​មិន​ចូល​ក្នុង​លំហូរ​ឈាម​ទេ។ ទោះ​យ៉ាង​ណា​ជំងឺ​ធ្មេញ​អាច​​​បណ្តាល​អោយ​បាក់​តេរី​ចូល​ទៅ​ក្នុង​លំហូរ​ឈាម​បាន។ ពេល​ខ្លះ​ការ​ព្យាបាល​ធ្មេញ​ដែល​ខ្វះ​វិជ្ជាជីវៈ​ក៏​អាច​បណ្តាល​អោយ​បាក់​តេរី​ចូល​ក្នុង​លំហូរ​ឈាម​ដែរ។ ហើយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ ឬ​ព្យាបាល​ដែល​កាត់​បន្ថយ​លំហូរ​ទឹក​មាត់ ឬ​ធ្វើ​អោយ​ខូច​តុល្យ​ភាពនៃ​បាក់​តេរី​ក្នុង​មាត់ ក៏​អាច​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​សុខ​ភាព​មាត់​  ដែល​ធ្វើ​អោយ​បាក់​តេរី​កាន់​តែ​ងាយ​ចូល​ទៅ​ក្នុង​​លំហូរ​ឈាម។ អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​ជឿថា​បាក់តេរី​ទាំង​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​បញ្ហា​​ផ្សេង​ទៀត​នៃ​រាងកាយ។

សុខភាព​មាត់​និង​ស្ថាន​ភាព​សុខភាព​ផ្សេង​ទៀត

ទាំង​នេះ​គឺ​ជំងឺ​ខ្លះៗ​ដែល​មានជាប់​ពាក់​ព័ន្ធ​នឹង​សុខភាព​មាត់៖

-​ ជំងឺ​សរសៃ​ឈាម​បេះដូង ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ប្រភេទ​ជា​ច្រើន​នៃ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​មាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​សុខ​ភាព​មាត់។ ដែល​រាប់​បញ្ចូល​​ទាំង​ជំងឺ​បេះ​ដូង និង ការ​ស្ទះ​សរសៃ​ឈាម។

-​ការ​មាន​ផ្ទៃ​ពោះ និង ការ​សម្រាល ជំងឺ​ធ្មេញ​មាន​ទំនាក់​ទំនង​នឹង​ការ​សម្រាល​មិន​​គ្រប់​ខែ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ស្ត្រី​ត្រូវ​រក្សា​​សុខ​ភាព​មាត់​អោយ​បាន​ល្អ​មុន​ពេល​មាន​ផ្ទៃ​ពោះ​និង​ក្រោយ​ពេល​សម្រាល។

-រោគទឹកនោមផ្អែម ជំងឺ​ទឹក​នោម​ផ្អែម​បង្កើន​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ធ្មេញ ដង្កូវ​ស៊ីធ្មេញ បាក់​ធ្មេញ ស្ងួត​មាត់ និង ជំងឺ​ឆ្លង​ក្នុង​មាត់​ជា​ច្រើន។ សុខ​ភាព​មាត់​ធ្មេញ​មិន​ល្អ​ធ្វើ​អោយ​ជំងឺ​ទឹក​នោម​ផ្អែម​កាន់​តែ​ពិបាក​ព្យាបាល។

- HIV/AIDS បញ្ហាមាត់​គឺ​ជា​រឿង​មួយ​មាន​ជា​ទូ​ទៅ​ចំពោះ​អ្នក​មាន​ជំងឺ HIV/AIDS។ រោគ​សញ្ញា​ដែល​មាន​ជាទូទៅ​គឺ ដំបៅ​មាត់ មាត់ស្ងួត និង ការឈឺ​ចាប់​ក្នុង​មាត់​ផ្សេងទៀត។

-​ស្ថានភាព​ផ្សេងទៀត ស្ថាន​ភាព​ផ្សេង​ទៀត​ជា​ច្រើនអាច​មាន​​នៅ​ក្នុង​មាត់​​មុន​ពេល​អ្នក​ជំងឺ​ដឹង​ថា​មាន​បញ្ហា​។ បញ្ហា​ទាំង​នោះ​អាច​រួម​មាន៖ ជំងឺ​មហារីក បញ្ហាទទួលទានអាហារជាដើម។

តើយើងអាច​ធ្វើ​អ្វី​ខ្លះ​ចំពោះ​សុខ​ភាព​មាត់!

ប្រសិន​បើ​ប្រិយមិត្ត​មិន​ទាន់​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ក្នុង​ការ​ថែរក្សា​មាត់​ និង ធ្មេញ​ទេ ទំនាក់​ទំនង​សុខ​ភាព​មាត់​និង​សុខ​ភាព​រួម​របស់​អ្នក​នឹង​កាន់​តែ​មាន​ខ្លាំង​ឡើង។ ត្រូវ​ដោះ​ស្រាយ​ដោយ​សំអាត​មាត់​ធ្មេញ​ជា​រៀង​រាល់​ថ្ងៃ។ ការ​ថែ​រក្សា​សុខ​ភាព​រួម​របស់​ប្រិយ​មិត្តនៅ​ថ្ងៃ​នេះ​មិនគ្រាន់​តែ​សំរាប់​ថ្ងៃនេះ​ទេ តែក៏​សំរាប់​អនាគតផង​ដែរ។

បកប្រែៈ ស្រ៊ុន ម៉េងគាង