យុវវ័យក្នុងវេទិកា ICT Trackback
បច្ចុប្បន្នគេសង្កេតឃើញថា យុវវ័យខ្មែរចំនួនកាន់តែកើនឡើងដែលមានការចាប់អារម្មណ៍លើវិស័យ ICT ដោយសារពួកគេមើលឃើញថា វិស័យនេះកំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះនៅក្នុងវេទិកាមួយមានឈ្មោះថា “កម្ពុជាបើកទូលាយ ឬ Open Cambodia” ជាវេទិកាដែលផ្ដោតសំខាន់លើការប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា គេសង្កេតឃើញមានយុវជនយុវនារីខ្មែរជាច្រើនមកពីស្ថាប័នផ្សេងៗ បានចូលរួមក្នុងសកម្មភាពនេះយ៉ាងផុលផុស និងយ៉ាងសស្រាក់សស្រាំ។ តើការចូលរួមរបស់ពួកគេក្នុងវេទិកានេះទទួលបានអត្ថប្រយោជន៍ និងចំណេះដឹងអីខ្លះទៅ?
ជួបជាមួយធីម ច័ន្ទឬទ្ធី អ្នកដែលបានបង្កើត Moon OS ខ្មែរដំបូងគេបានឲ្យដឹងថា វេទិកានេះមានអត្ថប្រយោជន៍ ព្រោះអាចឲ្យគេបានដឹងនូវរឿងរ៉ាវជាច្រើនដែលកំពុងកើតមានទាក់ទិននឹងបច្ចេកវិទ្យាព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន។ “…ខ្ញុំអាចស្គាល់បច្ចេកវិទ្យាថ្មីៗដែលគេកំពុងតែអភិវឌ្ឍ ជាពិសេសអាចឲ្យគេទទួលបានចំណេះដឹងជាគន្លឹះពីអ្នកជំនាញដែលមានបទពិសោធន៍។
លើសពីនេះ វេទិកានេះជាការចែករំលែកនូវចំណេះដឹង ឬការរកឃើញថ្មីឲ្យគ្នាទៅវិញទៅមកសម្រាប់ទុកជាប្រយោជន៍ប្រើប្រាស់”។
ទោះបីមានការងារមមាញឹកយ៉ាងណាប៉ុន្តែ មុនីរ៉េត នៅតែឆ្លៀតឱកាសមកចូលរួមជាមួយយុវវ័យជាច្រើនទៀតនាឱកាសនោះដែរ។ បុគ្គលិករូបនេះបានឲ្យដឹងថា៖ “វេទិកានេះធ្វើឲ្យខ្ញុំយល់ដឹងបានច្រើនពាក់ព័ន្ធនឹងការប្រើកម្មវិធីថ្មីៗលើប្រព័ន្ធកុំព្យូទ័រ។ កម្មវិធីមួយចំនួនអត់សូវបានស្គាល់ ហើយពេលខ្លះក៏អត់ដឹងពីប្រយោជន៍ប្រើប្រាស់របស់វានោះដែរ។ ដូច្នេះការចូលរួមនេះអាចឲ្យខ្ញុំទទួលបានគំនិតថ្មីបន្ថែមដើម្បីយកមកអភិវឌ្ឍខ្លួនឯងឲ្យកាន់តែមានភាពល្អប្រសើរ”។
និស្សិតសិក្សាជំនាញសង្គមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គីមហុង ទោះបីមិនសូវមានចំណេះដឹងជ្រៅជ្រះផ្នែកព័ត៌មានវិទ្យា ប៉ុន្តែក៏បានបង្ហាញគំនិតគាំទ្រឲ្យមានវេទិកានេះដែរ។ គីមហុង បានលើកឡើងថា វេទិកានេះបានផ្ដល់ឱកាសដ៏ល្អដល់យុវវ័យអាចយកស្នាដៃ និងគំនិតដែលខ្លួនមានយកមកសិក្សារួមគ្នាក្នុងគោលដៅស្វែងរកចំណុចខ្វះខាត និងធ្វើការកែលម្អបន្ថែមទៀត។
កម្ពុជាបើកទូលាយ ឬ Open Cambodia ជាវេទិកាដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចិម ដោយសហការជាមួយដៃគូមកពី Mozillia/Aspiration និងក្រុមដើម្បីផ្លាស់ប្ដូរសង្គម និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Washington ក្រោមការឧបត្ថម្ភពី USAID របស់អាមេរិក។ វេទិកានេះធ្វើឡើងដើម្បីជួបជុំគ្នារវាងអ្នកបង្កើត Open Source នៅកម្ពុជាជាមួយអ្នកជំនាញមកពីអាមេរិកក្នុងកិច្ចការអភិវឌ្ឍ Open Web។



តើមិត្តយុវវ័យធ្លាប់បានចូលរួមវេទិកាបែបនេះពីមុនដែរឬទេ? តើយល់ឃើញយ៉ាងណាដែរ!
អត្ថបទ៖ ឌី ប៊ុណ្ណារ៉ា











