តារាចំរៀងហង្សមាសមកដល់ភ្លាមសម្តែងភ្លែត Trackback
ក្នុងខណៈដែលតារាចំរៀងផលិតកម្មរស្មីហង្សមាសមួយចំនួនស្រវាស្រទេញក្នុងការចាកចេញទៅសម្តែងនៅបរទេសជាបន្តបន្ទាប់ហើយប្រជាប្រិយភាពរបស់តារាប្រុសស្រីមួយចំនួននៃផលិតកម្មនេះកំពុងស្រុតចុះក្នុងសញ្ញាគួរអោយបារម្ភនោះអ្នកចាត់ចែងការងារផលិតកម្មរស្មីហង្សមាសលោកអ៊ឹងសុងលាភនិយាយនឹងសប្បាយថាផលិតកម្មនេះមានសុទិដ្ឋិចំពោះការរំពឹងទទួលបានការគំាទ្រថែមទៀត។
តារា៣រូបដែលទើបតែត្រឡប់មកពីសម្តែងនៅប្រទេសបារំាងគឺលោកណុបបាយ៉ារិទ្ធនាងពេជ្រសោភានិងនាងឈិតសុវណ្ណបញ្ញានឹងបង្ហាញខ្លួនលើឆាកដន្ត្រីជាលើកដំបូងជូនជនរួមជាតិក្នុងស្រុកនៅថ្ងៃស្អែកនេះហើយដែលបណ្តាញផ្សព្វផ្សាយនិងអ្នកវិភាគទីផ្សារចំរៀងក្នុងស្រុកកំពុងរង់ចាំអ៊ុតមើលថាតើអ្នកគំាទ្ររាប់រយនាក់នឹងទៅស្វាគមន៍ពួកគេដល់ឆាកដន្ត្រីដូចកាលពីមុនដែររឺទេបន្ទាប់ពីអវត្តមានពីប្រទេសមួយខែមកនេះ។
នៅខណៈដែលតារាចំរៀងនៅផលិតកម្មថ្មីមួយ១ចំនួនសំរុកចេញបទញាប់រន្ថើនហើយនៅពីក្រោយដោយអ្នកនិពន្ធខ្លាំងៗដូចជាចន្ទ័មល្លីកា ខេមរៈភិរុណ មាសសុខរតនៈយឹមតាស្រង់ជាដើមនោះគេឃើញបទចំរៀងថ្មីៗរបស់រស្មីហង្សមាសហាក់មិនសូវជាផ្ទុះលើសផលិតកម្មថ្មីៗប៉ុន្មានទេ។ទោះបីផលិតកម្មនេះមានអ្នកនិពន្ធល្បីៗជាច្រើនប៉ុន្តែកាលពីពេលថ្មីៗនេះលោកសុខជំនោរម្នាក់ក្នុងចំណោមអ្នកនិពន្ធល្បីៗរបស់ផលិតកម្មនេះប្រាប់បណ្តាញផ្សព្វផ្សាយពីអារម្មណ៍ខ្វល់ខ្វាយរបស់នារីម្ចាស់ចិត្តលោកគឺសុគន្ធនីសា។
យ៉ាងណាមិញអ្នកនិពន្ធក្នុងផលិតកម្មថ្មីមួយដែលកំពុងវាយលុកក្នុងចំណោមយុវវ័យនិយាយប្រាប់សប្បាយថាផលិតកម្មរស្មីហង្សមាសមិនបានស្ថិតក្នុងស្ថានភាពគួរអោយបារម្ភទេព្រោះយ៉ាងហោចណាស់ក៏គេមានទីផ្សាររួចទៅហើយ។លោកថាទោះបីមិនច្បាស់ពីអនាគតរបស់អ្នកចំរៀងមួយចំនួន
ក្នុងផលិតកម្មនេះតែថាគេមានកូនអុកបីក្នុងដៃរួចទៅហើយគឹព្រាបសុវត្ដិ ឆនសុវណ្ណរាជនិងឳកសុគន្ធកញ្ញា។
ប្រការសំខាន់មួយទៀតគឺការតាមដានសកម្មភាពការងាររឺទាក់ទងទៅតារាចំរៀងក្នុងផលិតកម្មនេះដើម្បីសាកសួរពីអារម្មណ៍ពិតរបស់ពួកគេពីអនាគតនៃអាជីពរបស់ខ្លួនតែងជួបការលំបាកដោយសារថាគេត្រូវមានការអនុញ្ញាតពីក្រុមហ៊ុនក្នុងពេលនិយាយជាមួយអ្នកយកព័ត៌មាន។ទន្ទឹមនឹងនោះគេឃើញលោកសុខជំនោរនិងនាងឳកសុគន្ធកញ្ញានៅតែមានទំនាក់ទំនងល្អជាមួយបណ្តាញផ្សព្វផ្សាយ។
ទោះយ៉ាងណាលោកអ៊ឹងសុងលាភអះអាងថាក្រុមហ៊ុនមិនដែលព្រងើយកន្តើយចំពោះការខិតខំរិះរកយុទ្ធសាស្រ្តក្នុងការបង្កើនប្រជាប្រិយភាពតារាចំរៀងរបស់ខ្លួននោះទេ។
អត្ថបទៈវេជ្ជនា
កែសំរួលៈម៉ីសន សុធារី











