បន្ទាប់​ពី​មាន​ជន​អនាមិក​បង្ហោះ​រូប​អាក្រាត​ គង់ ច័ន្ទស្រីមុំ មាន​ការ​លើក​ឡើង​ថា អាច​ជា​រូប​កាត់ត​បង្ខូច​កេរ្តិ៍។ ឯ​អ្នក​ខ្លះ​ក៏​ធ្លោយ​ការ​សង្ស័យ​ថា តិច​សាមីខ្លួន​ធ្វើ​ដោយ​ខ្លួន​ឯង​ទៅ? ស្រីមុំ បាន​បដិសេធ​ទាំង​ថា មិន​អាច​នាង​ធ្វើ​រឿង​នេះ​ទេ និង​ថា រូប​ភាព​អាក្រាត​ហ្នឹង​ជា​រូប​កាត់ត។
គង់ ច័ន្ទ​ស្រី​មុំ ​ដែល​ជា​តារា​ត្រូវ​បាន​គេ​យក​រូប​ភាព​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ និយាយ​ដូច​ជា​​អស់​សំណើចថា​​គ្មាន​ហេតុ​ផល​ណា​ដែល​ខ្លួន​ត្រូវ​ធ្វើ​បែប​ហ្នឹង​នោះ​ទេ ព្រោះ​អី​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព ក៏​ដូច​ជា​កិត្តិយស​​​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អ្នក​សិល្បៈ​ឯទៀត​ផង​។

នាង​បាន​ឲ្យ​ដឹង​ថា “បង​គ្រាន់តែ​មើល​រូប​ក៏​ដឹង​ដែរ ខុស​គ្នា​ទាំង​ស្រុង​ផ្ទាល់​តែ​ម្ដង​គឺ​ ដៃ និង​សក់។ ជា​ពិសេស​សក់​ហ្នឹង​គឺ​មិន​ដូច​សោះ ព្រោះ​អី​សក់​នៅ​ក្នុង​រូប​វែង ហើយ​សក់​របស់​ខ្ញុំ​ខ្លី ពោល​គឺ​គេ​កាត់​យក​ត្រឹម​ក​យក​មក​ដាក់​តែ​ប៉ុណ្ណោះ”។

អ្នក​គ្រប់គ្រង​ផលិតកម្ម​ចម្រៀង​មួយ​ពុំ​បាន​គិត​ថា រូប​ភាព​នេះ បង្កើត​ឡើង​ពី​សាមី​ជន​រង​គ្រោះ​ឡើយ។ លោក​ នួន វិចិត្រ​ អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម​Bigman បាន​ឲ្យ​ដឹង​ថា​ ជា​ទូទៅ​អ្នក​សិល្បៈ​តែង​ទទួល​រង​​ការ​រិះគន់​ពី​សំណាក់​មតិ​សាធារណជន​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ។ តារា​ខ្លះ​អត់​បាន​ទាំង​ដឹង​រឿង​ផង មាន​គេ​បង្ហោះ​រួច​ទៅ​ហើយ ដូច​ជា​ករណី​​ តារា​សម្ដែង​ គង់ ច័ន្ទ​ស្រី​មុំ​ ជា​តឹក​តាង លោក​ថា ​គេ​យក​រូប​អាក្រាត​មក​កាត់​ត​ រួច​បង្ហោះដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​កំពុង​តែហក់​ឡើង។

រូបគង់ ចាន់ស្រីមុំត្រូវបានគេកាត់តដាក់តាម Facebook (ឆ្វេង) និងរូបអាក្រាតដើម(ស្តាំ

លោក​បាន​លើក​ឡើង​ថា ​”ខ្ញុំ​បាន​ធ្វើ​ការ និង​រស់​នៅ​ជា​មួយ​តារា​ជា​យូរ​​ណាស់​មក​ហើយ។ ខ្ញុំ​មិន​ជឿ​ថា​នាង​ធ្វើ​អីចឹង​នោះ​ទេ វា​គឺ​ជា​ការ​ធ្វើ​បាប​ពី​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។ មូលហេតុ​ដែល​ខ្ញុំ​បញ្ជាក់​ថា​តារា​គាត់​មិន​អាច​ធ្វើ​បែប​ហ្នឹង​ទៅ​រួច​នៅ​ត្រង់​ថា វា​ជា​រឿង​ឥត​ប្រយោជន៍​​ចំពោះ​គេ។ គេ​អាច​យក​ទង្វើ​បែប​នេះ​ទៅ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​ថត​អ្វី​ផ្សេង​បាន​លុយ​វា​មិន​ប្រសើរ​ជាង។ ប៉ុន្តែ​សង្គម​ខ្មែរ​យើង​មាន​មនុស្ស​បែប​នេះ​ច្រើន​ ចាំ​តែ​នៅ​ពី​ក្រោយ​ដើម្បី​រក​គ្រប់​មធ្យោបាយ​​ក្នុង​ការ​ធ្វើ​បាប​គេ”។

អ្នក​គ្រប់គ្រង​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​មក​លើ​ផលិតកម្ម​ខ្លួន​ លោក​អត់​មាន​​វិធានការ​អ្វី​នោះ​ទេ ពោល​គឺ​ពឹង​តែ​ទៅ​លើ​សមត្ថកិច្ច និង​ក្រសួង​ពាក់ព័ន្ធ​តែ​ប៉ុណ្ណោះ ដើម្បី​ជួយ​ដោះ​ស្រាយ។ ប៉ុន្តែ​លោក​មាន​ជំនឿ​ថា​ក្នុង​ផលិតកម្ម​របស់​ខ្លួន​មិន​អាច​មាន​បញ្ហា​បែប​ហ្នឹង​កើត​ឡើង​ឡើយ។

បើ​ទោះ​មាន​​ការ​អះ​អាង​ថា ករណី​នេះ កើត​ចេញ​ពី​ជន​ខិលខូច​ក៏​ដោយ ក៏​អ្នក​គាំទ្រ​សិល្បៈ​ខ្លះ​ដាក់​ការ​មន្ទិល​ថា ពេល​ខ្លះ​ក៏​អាច​កើត​ចេញ​ពី​សាមី​តារា​ដែរ ប៉ុន្តែ​គេ​ពុំ​សំដៅ​យក ​គង់ ​ច័ន្ទស្រីមុំ ដែល​កំពុង​មាន​រឿង​ឡើយ។ លោក មាស សារឿន​ និស្សិត​ឆ្នាំ​ទី​៣​នៃ​សាកលវិទ្យាល័យ​​ន័រតុន​បាន​​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ដូច​ជា​មិន​សូវ​ជឿ​លើ​រឿង​ហ្នឹង​ថា​មាន​​គេ​យក​រូប​ភាព​បង្ហោះ​បែប​ហ្នឹង ​ទេ ព្រោះ​អី​តារា​ខ្លះ​ចង់​ល្បី​ ឲ្យ​គេ​ស្គាល់​កាន់តែ​ច្រើន​ ធ្វើ​ជា​លេស​ដើម្បី​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​កាន់តែ​មាន​ការ​លេចធ្លោ​។

លោក​និយាយ​ថា “វា​មិន​ដែល​សុខៗ​គេ​យក​រូប​ភាព​ទៅ​អីចឹង​កើត​ទេ​បង​ ប្រាកដ​ជា​មាន​មូល​ហេតុ​របស់​វា។ ជួន​កាល​អត់​ដឹង​ធ្វើ​បែប​ណា​ឲ្យ​ល្បី​​ក៏​យក​លេស​ធ្វើ​ជា​ការ​បង្ហោះ​រូប​ អាក្រាត​បែប​ហ្នឹង​ទៅ​ដើម្បី​ឲ្យ​គេ​ស្គាល់​កាន់តែ​ច្រើន។ ខ្ញុំ​និយាយ​នេះ​មិន​មែន​តារា​ គង់ ច័ន្ទ​ស្រី​មុំ​ ដែល​កំពុង​ត្រូវ​គេ​ផ្សព្វផ្សាយ​នោះ​ទេ។ ខ្ញុំ​និយាយ​សរុប​តែ​ម្ដង ព្រោះ​អី​បើ​តាម​ខ្ញុំ​ដឹង​តារា​បរទេស​​មួយ​ចំនួន​តែង​តែ​ធ្វើ​អីចឹង​ ក្នុងការ​​ស្រូប​យក​ប្រជាប្រិយភាព”។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​គាំទ្រ​​សិល្បករ​ម្នាក់​ទៀត​ មិន​បាន​ទំលាក់​កំហុស​លើ​សិល្បករ​នោះ​ឡើយ។ ​ទីទី​រ៉ាយ​រ៉ាប់​ទៀត​ថា “ខ្ញុំ​បាន​ស្គាល់​បង ​គង់ ច័ន្ទ​ស្រី​មុំ​ ច្បាស់​ណាស់​ ខ្ញុំ​មិន​ជឿ​ថា​គាត់​ហ៊ាន​ធ្វើ​រឿង​​នេះ​ទេ។ បើ​គាត់​ធ្វើ​ពិត​មែន​នឹង​ប្រឈម​មុខ​នឹង​អ្នក​គាំទ្រ​របស់​គេ​រ៉ាប់​ម៉ឺន​ នាក់។ អ្វី​ដែល​សំខាន់​នោះ​គឺ​គាត់​ត្រូវ​បាត់បង់​ការ​គាំទ្រ​ទាំង​ស្រុង​ពី​ ទស្សនិកជន​ទូទៅ។ ម្យ៉ាង​ទៀត​បើ​តាម​យោបល់​ខ្ញុំ​ តារា​គេ​មិន​ចង់​ល្បី​ដោយសារ​តែ​ការ​បង្ហោះ​រូបភាព​អាក្រាត​បែប​នេះ​ទេ”។ លោក ទី​ទី​ បាន​ឲ្យ​ដឹង​ថា​ ការ​យក​រូប​​អាក្រាត​របស់​តារា​យក​ទៅ​បង្ហោះ​បែប​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​តារា​ម្នាក់​ហ្នឹង។ ជា​ពិសេស​អ្នក​គាំទ្រ​ផ្ទាល់​តែ​ម្ដង គេ​នឹង​លែង​មាន​ទំនុក​ចិត្ត ហើយ​កាន់​តែ​ស្អប់​តារា​នោះ​ បើ​គេ​ប្រព្រឹត្ត​រឿង​នេះ​ពិត​ប្រាកដ​មែន​នោះ។

អ្នក​គាំ​ទ្រ​រូប​នេះ ​បាន​ទទូច​ឲ្យ​​ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​យ៉ាង​ណា​​តាម​វែក​មុខ​ឲ្យ​ឃើញ​ អ្នក​ដែល​ប្រព្រឹត្ត ដើម្បី​យក​មក​​ដាក់​ទោស ព្រោះ​កំពុង​ច្រាន​សិល្បៈ​ចូល​ជ្រោះ។

ងាក​មក​កញ្ញា សុខ ពិសី​ តារា​ចម្រៀង​​ម្នាក់​ដែល​ធ្លាប់​គេ​យក​វីដេអូ​សិច​ទៅ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ​នោះ​ បាន​ប្រាប់​ឲ្យ​​ក្នុង​ន័យ​ដាក់​បន្ទុក​ចំពោះ​អ្នក​ផ្សេង​ក្រៅ​ពី​ស្រីមុំ​​ថា​ អត់​សម​ទាល់តែ​សោះ​ចំពោះ​ការ​​ដែល​ជន​ខិលខូច​មួយ​ចំនួន​បាន​យក​តម្លៃ​នារី​ខ្មែរ​​ទៅ​ជាន់​ឈ្លី​លេង​តាម​រយៈ​ការ​យក​រូប​ភាព​ទៅ​បង្ហោះ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ប្រ​ការ​នេះ​វា​ធ្វើ​ឲ្យ​តម្លៃ​សិល្បៈ​ខ្មែរ​ធ្លាក់​​ចុះ​កាន់តែ​ខ្លាំង​។

នាង​បាន​និយាយ​ថា “អ្នក​មិន​ធ្លាប់​បាន​គេ​យក​រូបភាព​ទៅ​បង្ហោះ​ ប្រាកដ​ជា​មិន​ដឹង​ថា​ឈឺ​ចាប់​កម្រិត​ណា​នោះ​ទេ។ ខ្ញុំ​ផ្ទាល់​បាន​ជួប​ប្រទះ​បញ្ហា​ហ្នឹង​ដោយ​គេ​យក​វីដេអូ​ពី​ណា​មក​ទេ​ ថា​ជា​វីដេអូ​សិច​​របស់ខ្ញុំ ​​​គឺ​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង។ នារី​ខ្មែរ​ឯ​ណា​ទៅ​ធ្វើ​រឿង​បែប​ហ្នឹង​កើត​ទៅ​បង​ បើ​អត់​មាន​អី​ជា​ប្រយោជន៍​ផង!”។

តារា​ចម្រៀង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នាង​សូម​ស្នើ​ដល់​ក្រសួង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការ​វែក​មុខ​រក​អ្នក​ប្រព្រឹត្ត​ឲ្យ​ឃើញ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ដោយ​រួម​ទាំង​រឿង​របស់​នាង​ផង ពិសី បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​ជន​ដែល​បាន​បង្ហោះ​​រូប​ភាព​វីដេអូ​សិច​របស់​ខ្លួន​មិន​ទាន់​វែក​មុខ​រក​ឃើញ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​នាង​នៅ​តែ​មាន​ជំនឿ​ជាក់​សើ​អាជ្ញាធរ​ថា​នឹង​អាច​រក​ឃើញ​នៅ​ពេល​ខាង​មុខ។

ទាក់ទិន​ទៅ​ហ្នឹង​ការ​បង្ហោះ​រូបភាព​អាក្រាត​កាយ​នេះ​ លោក​បណ្ឌិត​ ជា ច័ន្ទ​បរិបូណ៍​ ទីប្រឹក្សា​ផ្ទាល់​រាជរដ្ឋាភិបាល​បាន​មាន​ប្រសាសន៍ វា​មិន​ល្អ​ទាល់​តែ​​សោះ​ចំពោះ​​ការ​យក​រូបភាព​បែប​ហ្នឹង​ទៅ​បង្ហោះ​លើ​ ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​របស់​សិល្បករ ជា​ពិសេស​គឺ​ប៉ះពាល់​ទៅ​ហ្នឹង​សង្គម​ខ្មែរ​ផ្ទាល់​តែ​ម្ដង។

លោក​បាន​លើក​ឡើង​ថា “រឿង​អី​ ហេតុ​អី​បាន​ជា​ត្រូវ​យក​រូប​គេ​ទៅ​បង្ហោះ​បែប​ហ្នឹង​។ បើ​ទោះ​បី​ជា​គេ​បាន​ថត​បែប​ហ្នឹង​មែន​ក៏​មិន​អាច​យក​ទៅ​បង្ហោះ​បាន​ដែរ​ ព្រោះ​ជា​កម្មសិទ្ធិ​របស់​គេ ហើយ​បើ​និយាយ​ពី​ច្បាប់​វិញ​គឺ​ខុស​ទាំង​ស្រុង​តែ​ម្ដង។ ម្យ៉ាង​ទៀត​បើ​តារា​​បាន​ធ្វើ​ដោយ​ខ្លួន​ឯង​ពិត​មែន​ ក៏​មិន​ត្រូវ​ធ្វើ​បែប​ហ្នឹង​ដែរ ព្រោះ​អី​វា​អាច​ធ្វើ​ឲ្យ​កិត្តិយស​របស់​ខ្លួន​ធ្លាក់​ចុះ និង​លែង​មាន​ការ​គាំទ្រ​ទៀត”។

លោក​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ ទាំង​អ្នក​ថត​រូប​ក៏​ដូច​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ថត​គប្បី​កុំ​ឲ្យ​មាន​ បញ្ហា​ទាំង​ហ្នឹង​កើត​ឡើង​ជា​បន្ត​ទៀត។ លោក​ចាត់​ទុក​ថា​ការ​បង្ហោះ​រូប​បែប​នេះ នឹង​​ធ្វើឲ្យ​តម្លៃ​សិល្បៈ​ខ្មែរ​កាន់​តែ​ធ្លាក់​ចុះ។

ទាំង​អ្នក​រង​គ្រោះ អ្នក​គ្រប់គ្រង​ផលិតកម្ម អ្នក​គាំទ្រ​សិល្បៈ សុទ្ធ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ចំពោះ​រឿង​រូប​ភាព​អាក្រាត​បង្ហោះ​តាម​Facebook។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ិន ចន្ទ​សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ ផ្សព្វផ្សាយ​វប្បធម៌​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​​ឲ្យ​ដឹង​ថា​ ទង្វើ​ដែល​យក​​រូប​ភាព​របស់​គេ​យក​ទៅ​ផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បែប​នេះ​ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង។ ក្រសួង​វប្បធម៌​ ក៏​ដូច​ជា​​សមត្ថកិច្ច​តែងតែ​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ទប់​ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​ទាំង​ហ្នឹង​កើត​មាន​ឡើង។ ប៉ុន្តែ​ក្នុង​ករណី​នេះ​ ក៏​​លំបាក​ខ្លាំង​ណាស់​​ដែរ​ក្នុង​វែក​មុខ​យក​ជន​ខិលខូច​មក​ដាក់​ទោស​នោះ។

លោក​បាន​បន្ថែម​ទៀត​ថា​ក្នុង​នាម​​នាយកដ្ឋាន​ភាពយន្ត​ជា​អាណាព្យាបាល​លើ​អ្នក​សិល្បៈ​ នៅ​តែ​បន្ត​ការ​ទប់​ស្កាត់​ទង្វើ​បែប​ហ្នឹង​ឲ្យ​ទាល់​តែ​បាន បើ​ទោះ​ជា​ពេល​នេះ​មិន​ទាន់​រក​ឃើញ​យ៉ាង​ណា​ក៏​ដោយ។ បើ​បណ្ដោយ​ឲ្យ​​ទង្វើ​​នេះ​កាន់តែ​ច្រើន​វា​នឹង​អាច​ធ្វើ​ឲ្យ​តម្លៃ​សិល្បៈ​ក្នុង​ស្រុក​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ថែម​ទៀត និង​អាច​ទទួល​បាន​ការ​មាក់​ងាយ​ពី​បរទេស​ ក្នុង​នាម​ជា​ប្រទេស​មាន​វប្បធម៌​ផូរផង់។

ស្រី​មុំ​ ដែល​ជា​ជន​រង​គ្រោះ​​ក្នុង​រឿង​នេះ សម្ដែង​ការ​​ហួស​ចិត្ត និង​អស់​សំណើច​​ពេល​ឮ​ និង​ឃើញ​រូប​ភាព​។ ហួស​ចិត្ត​នៅ​ត្រង់​ថា​វា​អត់​មាន​កន្លែង​​ណា​ដូច​​នាង​បន្តិច​ទេ។ នាង​បាន​និយាយ​ថា​ខ្លួន​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មាន​​សមត្ថកិច្ច​ទេ ព្រោះ​អី​ខ្លួន​មិន​ជឿ​លើ​ប្រព័ន្ធ​ច្បាប់​ខ្មែរ​ថា​អាច​នឹង​ស្វែង​រក​អ្នក​​ខិលខូច​បាន​នោះ​ទេ។ ទង្វើ​របស់​ជន​ខិលខូច​ទាំង​ហ្នឹង​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ របស់​នារី​ខ្មែរ​ទាំង​អស់​មិន​ថា​រូប​ខ្លួន​ឡើយ នៅ​ពេល​មាន​រឿង​បែប​នេះ​កើត​ឡើង។

បន្ទាប់​ពី​រូប​អាក្រាត​របស់​គង់ ច័ន្ទ​ស្រីមុំ លេច​មួយ​រយៈ​ខ្លី ស្រាប់​តែ​តាម​Facebook មានបង្ហោះ​រូប​ថត​អាក្រាត​មួយ​ទៀត​ដែល​ទម្រង់​ដង​ខ្លួន​ដូច​នឹង​រូប​ថត​ស្រីមុំ ដែល​គេ​បង្ហោះ។ តាម​ទំព័រ​Facebookថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា រូប​ដែល​គេ​បង្ហោះ​លើក​ក្រោយ​នោះ​ជា​រូប​ដើម​ពិត​ប្រាកដ។ មាន​ការ​អះអាង​ថា រូប​ពិត​ក្រោយ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ដែល​មាន​នៅ​ស្រុក​ខ្មែរ​តាំង​ពី​មួយ​ឆ្នាំ​មុន​ម៉្លេះ។

គិត​ត្រឹម​ឆ្នាំ​២០០៩ មក​ទល់​នឹង​ពេល​នេះ​ មាន​តារា​បី​នាក់​ហើយ​ត្រូវ​បាន​ជន​ខិលខូចយក​រូបភាព​អាក្រាត​តារាទៅ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ទី​មួយ​ កញ្ញា ឌួង ហ្សូរីដា ត្រូវ​បាន​គេ​យក​រូប​ថត​របស់​​នាង​ដាក់​ដេញ​ថ្លៃ។​ទីពីរ កញ្ញា សុខ ពិសី​ ត្រូវ​បាន​គេ​យក​រូបភាព​វីដេអូ​សិច​បង្ហោះ​ពេញ​ទូរស័ព្ទ​ដៃ​មហាជន​ទូទៅ និង​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ចុង​ក្រោយ​គឺ​ កញ្ញា គង់ ច័ន្ទ​ស្រី​មុំ​ ​ជា​តារា​កំពុង​មាន​ប្រជាប្រិយភាព​ ត្រូវ​បាន​គេ​យក​រូបភាព​អាក្រាត​របស់​នាង​បង្ហោះ​តាម​ប្រព័ន្ធ​Facebook៕
អត្ថបទៈ អ៊ីង សុឡា