រយៈ​​ពេល​ចុង​ក្រោយ​នេះជីវិត​ឯក​ជន​តារា​ចម្រៀង​ឈឿន​ ឧត្តម​ត្រូវ​បាន​គឃើញមានភាព​​​​ហ៊ឺហា​ បន្ទាប់​ពី​ស្គាល់​ជិត​ស្និទ្ធ​ជា​មួយ​កូន​ស្រីថៅកែ​សាំង​ធំ​ម្នាក់​​ដែល​ជាប់​សែ​ឧកញ៉ា​បើ​ទោះ​ជា​កំលោះ​​វ័យ​៣១​ឆ្នាំ​រូប​នេះ​មិន​ទាន់​ទទួល​ស្គាល់​ថាពិតក្តី​។

តារា​​សិល្បៈ​​ជា​ច្រើន​​អះ​​អាង​នឹង​”សប្បាយ”​​ថា​ម្ចាស់​បទ​”រនោច​ខែ​ប្រាំង”​កំពុង​​​ត្រូវ​​​បាន​​កូន​​ស្រី​ថៅកែ​​សាំង​ធំ​​មួយ​​ផ្ដល់​ការ​​ឧបត្ថម្ភ​​អោយ​​រស់​​​ក្នុង​​ជីវ​ភា​ព​​ដែល​​មិ​ន​សូវ​​ខ្វល់​​នឹង​​ការ​​​ចេញ​​ច្រៀង​​បន្ទាប់​ពី​​នារី​​នោះ​​បាន​​​​ចង​​សម្ព័ន្ធ​ស្នេហ៍​ជា​​មួយ​​លោក​​មួយ​​រយៈ​​មក​ហើយ​។​អ្នក​​និ​យម​​​ដើរ​ហូបចុក​​ជា​​មួយ​តា​រា​​រូប​​នេះ​​អះ​​អាង​​ដូ​ច​គ្នា​​ថា​ឈឿន​​ឧត្តម​​មាន​​គូ​​កំណាន់​យូរ​​មក​​ហើយ​​ដោយ​នារី​​នោះ​​​មិន​អោយ​​លោក​​រាប់​​អាន​​​នា​រី​​ផ្សេង​ឬ​​ទទួល​​ចេញ​​ច្រៀង​​ក្រៅ​​ស្រុក​ដូច​​មុន​​ទៀត​​ផង។

ប្រភព​ជិត​ស្និទ្ធ​ផ្សេង​ទៀត​​លើក​​ឡើង​​​ប្រហា​ក់​ប្រហែ​ល​គ្នា​​​ថា​ «ឈឿន​ ឧ​ត្តម​​​មិនរៀប​​​កា​រ​ទេ​ព្រោះ​កំពុង​​តែ​ជាប់​ដៃ​​ជា​មួយ​​កូន​ស្រី​​ថៅកែ​​សាំង​​ម្នាក់​ទើប​​​ឥឡូវ​គេ​​ឡូយ​​ជាង​​មុន»។​ប្រភព​​ដែល​​គួរ​អោយ​​ទុក​ចិត្ត​​​​ទាំង​​នោះ​​​បន្ត​ថា​​​នារី​​ដែល​​​ស្រឡាញ់​​ឈឿនឧត្តម​ក៏មិន​មែន​មានវ័យ​ក្មេង​និង​ស្អាត​​ប៉ុន្មាន​ដែរ​ទេប៉ុន្តែ​​នាង​ជា​​នារី​​ស៊ីវីល័យ​​​ហើយ​​បាន​​ទាំង​ផ្ដល់​​ប្រាក់​កាស​​​អោយ​​តារា​​ចម្រៀង​​​រូប​​នេះ​​​រំលែក​​ចិញ្ចឹ​ម​បង​​ប្អូន​​មួយ​​ចំនួន​​អោយ​​ធូរ​ធារ​​​ជាង​មុន​ផង។ ពួក​​គេ​​និយាយ​​ថា​«សង្សារ​​ឈឿន​ឧត្តម​ជួយ​​ជ្រោម​​ជ្រែង​​​​ណាស់បង់​​ទាំង​លុយ​អោយ​​បង​ប្អូន​​​បាន​រៀ​ន​​សូត្រ​និង​​ផ្ដល់​​ប្រាក់​​កម្រៃ​​ដល់​​ម្ដាយ​​តារា​ចំ​រៀង​​រូប​នេះ​​​ទៀត​ព្រោះ​​​​មិន​ចង់​​អោយ​​គូស្នេហ៍​​​ពិបាក​ចិត្ត​ជាមួយ​​​បន្ទុក​គ្រួ​សារ​​អញ្ចឹង​​ហើយ​​ទើ​ប​តារា​ចំរៀង​រូ​បនេះ​​​សុខ​​ចិត្ត​​ស្រឡាញ់​​នាង​និង​​តាម​នាង​​គ្រប់​​ម៉ាត់​»។

ម្ចាស់ Sponsor​ម្នាក់​​បាន​​ថ្លែង​​ក្នុង​​របៀប​​សង្ស័យ​​ដូច​គ្នា​​ដែរ​​​ថា​មួយ​​រយៈ​នេះ​​ឈឿន​​ឧត្តម​​មិន​ព្រម​ទទួល​យក​ការ​អញ្ជើញ​ចេញ​​ទៅ​​ច្រៀ​ង​ក្រៅ​ស្រុក​សោះ​​ដោយ​​ថ្មី​ៗ​​​នេះ​បាន​​​បដិសេធ​​មិន​ទៅ​​ច្រៀង​​នៅ​​អា​មេរិក​​​ទៀត​​ផង​។​លោក​​បញ្ជាក់​​ថា«​ខ្ញុំ​មិន​​ដឹង​ថា​​គេ​មិន​ទៅ​​ព្រោះ​រឿង​​អី​ទេ​ប៉ុន្តែ​ឮ​​អ្នក​ដើរ​​ផឹក​​ស៊ី​​ជា​​មួយ​​គេ​ប្រាប់​ថា​​គេ​​មាន​​​ប្រពន្ធ​ហើយ​​ឯ​ត្រង់​​មាន​មែន​​ឬ​អត់​​ខ្ញុំ​​ក៏​មិន​​ច្បាស់​​ដែរ​!»។

ឆ្លើយ​តប​នឹង​ពាក្យ​សាយ​ភាយ​នេះ​ ឈឿន ឧត្តម លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ថាជា​រឿង​បំផ្លើស​ទេ​​ លោក​គ្មាន​អ្នក​ស្រឡាញ់ ឬ​មាន​អ្នក​ចិ​ញ្ចឹម​អី​ទេ ហើយ​លោក​ក៏​មិន​ស្គាល់​កូន​ស្រី​ថៅកែ​សាំង​ណា​ដែរ។ តារា​រូប​នេះ និយាយ​ថា «ព័ត៌មាន​ទាំង​នោះ គេ​ចេះ​តែ​ចុះ​ទេ ខ្ញុំ​ឯណា ទៅ​​ស្គាល់​កូន​អ្នក​មាន​ម្ល៉ឹងៗ បើ​មាន​គេ​ចិញ្ចឹម​មែន ឈប់​ពី​សិល្បៈ​បាត់​ហើយ ហើយ​ខ្ញុំ​ក៏​មិន​យក​ប្រពន្ធ​លួច​លាក់​ដែរ​»។ ជា​មួយ​នឹង​សំ​នួរ​ថា​​​ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រាក់​ចាយ​ហ៊ឺហាទំាង​មិន​ទទួល​ចេញ​ច្រៀង​នៅ​អា​មេ​រិក​​ក្នុងពេលដែលស្នាដៃ​ក្នុង​សិល្បៈក៏​ធ្លាក់​ចុះនោះ​តារា​​រូប​នេះឆ្លើយ​ថា «គ្រាន់​តែ​ជីវភាព​ប៉ុណ្ណឹង គឺ​មិន​ពិបាក​សម្រាប់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​អត់​ទាន់​មាន​ប្រពន្ធ​កូន​ក្នុង​បន្ទុកហើយ​ខ្ញុំ​ក៏​មិន​ចង់​ទៅ​ច្រៀង​​នៅ​​ក្រៅ​ប្រទេសពិសេស​គឺ​អាមេរិក​ក្នុង​រយៈ​ពេល​នេះ​ដែរ​ព្រោះ​យល់​​ថា​រក​លុយ​មិន​សូវ​បាន​»។

អត្ថបទៈសុវណ្ណរដ្ឋ

កែសំរួលៈម៉ីសន​សុធារី