ប្រិយមិត្ត​ជា​ពិសេស​មិត្ត​យុវវ័យ ដែល​ចូលចិត្ត​តាម​ដាន​និង​ចង់​ដឹង​ពី​ម៉ូដែល​រថយន្ត​ទំនើបៗ​ស៊េរី​ថ្មីៗ ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​ពី​ម៉ូដែល​រថយន្ត​មួយ​ចំនួន ដែល Sabay ធ្លាប់​បាន​ចុះផ្សាយ​កន្លង​ទៅ។ ពេល​នេះ Sabay សុំ​នាំ​អារម្មណ៍​មិត្ត​យុវវ័យ​ក្រឡេក​មើល​រថយន្ត​ម៉ូដែល​ផ្សេង​ទៀត​ជា​ស្នាដៃ​ផលិត​របស់​ក្រុមហ៊ុន KIA ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​កូរ៉េ។

មានលក់​នៅ​ក្រុមហ៊ុន Star Motor (Cambodia) Co.,Ltd

Sportage ស៊េរី​ឆ្នាំ​២០១២ ជា​ប្រភេទ​រថយន្ត​ដែល​ត្រូវ​គេ​រចនា​ឡើង​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត​និង​មាន​រូប​រាង​ប្រហាក់ប្រហែល​រថយន្ត Audi របស់​ប្រទេស​អាល្លឺម៉ង់។ រថយន្ត​ប្រភេទ​នេះ​ប្រើ​សាំង​និង​ដំណើរការណ៍​ដោយ ៤ ម៉ាស៊ីន​ដែល​ផ្ដល់​ថាមពល ២.០ រួម​ជាមួយ​ការ​ប្រើ​ប្រព័ន្ធ​បើកបរ AWD ងាយ​ស្រួល​ក្នុង​ការ​បញ្ជា​រថយន្ត​ទោះ​បី​បើកបរ​នៅ​លើ​ផ្លូវ​រាប​ស្មើ ឬ​ផ្លូវ​ដែល​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ និង​រង្វង់​កង់​មាន​ទំហំ​ធំ​រហូត​ដល់​ទៅ ១៧ អ៊ីង។

រថយន្ត​ប្រភេទ​នេះ​ផលិត​ឡើង​ដើម្បី​ផ្ដល់​ការ​ការពារ​និង​សុវត្ថិភាព​ទាំង​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​ដោយ​នៅ​ត្រង់​ចំហៀង​ទ្វារ​នីមួយៗ​ធ្វើ​ពី​ដែក​ខ្វែង​ដ៏​រឹងមាំ ដែល​អាច​ធានា​បាន​រាល់​ការ​ប៉ះទង្គិច​ផ្សេងៗ​យ៉ាង​មាន​ប្រសិទ្ធភាព។ វាក៏​បាន​ភ្ជាប់​មក​ជាមួយ​ការ​បំពាក់​នូវ​ប្រព័ន្ធ​ហ្រ្វាំង​ជំនួយ ABS ពោង​សុវត្ថិភាព​ចំនួន​ពីរ កាមេរ៉ា​សម្រាប់​សម្រួល​ការ​មើល​ក្រោយ និង​ប្រព័ន្ធ​សុវត្ថិភាព​ដទៃ​ផ្សេង​ទៀត​ជា​ច្រើន។

ក្រៅ​ពី​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ច្រើន​នោះ Sportage ស៊េរី​ឆ្នាំ​២០១២​ក៏​រំលេច​មក​ជាមួយ​រូប​រាង​ដ៏​ទាន់​សម័យ​រួម​ជាមួយ​ការ​បំពាក់​គ្រឿង​បច្ចេកវិទ្យា និង​បរិក្ខារ​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​មិន​ចាញ់​រថយន្ត​ម៉ូដែល​ផ្សេង​ទៀត​នោះ​ដែរ។

ចំពោះ​ការ​ប្រើប្រាស់​ថាមពល​វិញ​រថយន្ត​នេះ​ស៊ី​ត្រឹម​តែ ៨ លីត្រ​តែ​ប៉ុណ្ណោះ​ក្នុង​រយៈ​ចម្ងាយ ១០០ គ.ម​ដែល​នេះ​ជា​អត្រា​ស៊ី​ប្រេង​ក្នុង​កម្រិត​​មួយ​យ៉ាង​សមរម្យ​បំផុត។ រថយន្ត​ប្រភេទ​នេះ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ ៤២០០០​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ឌី ប៊ុណ្ណារ៉ា
រូបថត៖ ម៉ៃ វីរៈ
រចនា៖ ជៀប សំណាង