សាំងបន្តឡើងថ្លៃ ខណៈអ្នកចាក់រអ៊ូរទាំ Trackback
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះតម្លៃប្រេងសាំង បានឡើងថ្លៃជាងមុន ជាពិសេសនេះ ម្សិលមិញនិងព្រឹកនេះសាំងស៊ុបពែរនៅតាមស្ថានីយមួយចំនួនមានតម្លៃ៥៨០០រៀលហើយ តម្លៃនេះបានធ្វើឲ្យអ្នកប្រើប្រាស់យានយន្តរអ៊ូរទាំ និងចង់ឲ្យប្រេងសាំងចុះថ្លៃ។

តម្លៃប្រេងសាំងនៅស៊ូគីមិច
យុវជន ណេត ភារ៉ា និស្សិតឆ្នាំទី៣ ផ្នែកគ្រប់គ្រងសាកលវិទ្យាល័យជាតិគ្រប់គ្រង បញ្ជាក់ថា “វាថ្លៃពេកណាស់ហើយបង ព្រោះ៥៨០០រៀលនិង៦០០០រៀលតម្លៃខុសតែ២០០រៀលប៉ុណ្ណោះ នេះជាតម្លៃនឹកស្មានមិនដល់ទាល់តែសោះ។ ភារ៉ា បានបន្តថា “ខ្ញុំជិះម៉ូតូរាល់ថ្ងៃចាក់អស់សាំង ១លីត្រកន្លះ ចំណាយជិត១ម៉ឺនរៀល ចំណែកម៉ាក់ឲ្យតែ១ខែ១០០ដុល្លារប៉ុណ្ណោះ ដូច្នេះគ្រាន់តែចាក់សាំងគឺអស់ហើយ វាប៉ះពាល់មែនទែនសម្រាប់ខ្ញុំជានិស្សិត។ យុវជន ណេត ភារ៉ា បាននិយាយដូច្នេះថា បើតាមភារ៉ាគិត ការកើនឡើងនេះ ប្រហែលជាឡើងមកពីស្រុកគេហើយ គេចង់សំណូមពរតម្លៃសាំងត្រឹម៤០០០រៀលបានហើយទើបសមរម្យ។
ការលំបាកដែលបានជួបប្រទះដោយសារសាំងឡើងថ្លៃ ដូចគ្នានឹង ភារ៉ាដែរ កញ្ញាតេង លីលី និស្សិតឆ្នាំទី១ មកពីសាកលវិទ្យាល័យវ៉ាន់ដា បានឲ្យដឹងថា ពេលឡើងថ្លៃបែបនេះ វាជាការលំបាកមែន ព្រោះកញ្ញាត្រូវត្បិតត្បៀតការចំណាយលើការញ៉ាំអីមកបង្គ្រប់ការចាក់សាំងវិញ។ កញ្ញាបាននិយាយដូច្នេះថា “ម៉ាក់ឲ្យ១ម៉ឺន សម្រាប់១ថ្ងៃ គ្រាន់តែចាក់សាំង ៥៨០០រៀល សល់ប៉ុន្មានទើបញ៉ាំអី ហើយទំនិញគ្រប់មុខក៏ឡើងថ្លៃតាមសាំងដែរ ដូច្នេះត្រឹម៤០០០រៀលល្អបំផុតហើយ”។
មិនខុសនឹងអ្នកទាំងពីរខាងលើប៉ុន្មាន យុវជន មាស ម៉ូលី និស្សិតឆ្នាំទី៣ សាកលវិទ្យាល័យស៊ីតិច ផ្នែករចនា បាននិយាយថា សព្វថ្ងៃនេះ ប្អូនចាក់សាំង៤លីត្រ សម្រាប់១សប្ដាហ៍តែម្ដង បើចង់លំហែចុងសប្ដាហ៍ទើបចាក់ថែម សម្រាប់ការឡើងថ្លៃឥតឈប់នេះ មានថ្ងៃខ្លះ ប្អូនចេញពីផ្ទះហើយតែត្រូវត្រលប់ចូលផ្ទះវិញ ព្រោះត្រូវយកលុយម៉ាក់បន្ថែមទៀតទើបអាចទៅរៀនបាន ដោយសារស្មានតម្លៃសាំងខុសពីផ្ទះមក។ មូលី បានបន្ថែមដូច្នេះថា “ទោះបីឡើងបន្តិចម្ដងក៏ដោយ វាពិតជាការលំបាកណាស់ ដូច្នេះសូមឲ្យតម្លៃសាំងធ្លាក់ត្រឹមក្រោម៤០០០រៀលជាការល្អ”។ បើសាំងបន្តឡើងថ្លៃជាងនេះទៀត មូលីបាននិយាយថា “មានតែសម្រេចចិត្តដើរតែប៉ុណ្ណោះ”។
លោក ប៉ាន់ ឃាង អាយុជាង៤០ឆ្នាំអ្នករត់ម៉ូតូឌុប កំពុងចាក់សាំង មានមុខរបររត់ម៉ូតូឌុបជាង ២០ឆ្នាំហើយ បាននិយាយទាំងអស់សំណើចថា គាត់មិនដឹងថា សាំងនឹងឡើងថ្លៃប៉ុណ្ណាទៀតនោះទេ ព្រោះតាំងពីឆ្នាំ១៩៩១-៩២ សាំងតម្លៃត្រឹមតែ១៥០០រៀលប៉ុណ្ណោះ ក្នុង១លីត្រ តែឥឡូវខ្វះ២០០រៀលទៀត ៦០០០ពាន់ហើយខុសទ្វេជាបួន។ ប៉ុន្តែ លោកអះអាងថា បើឡើងថ្លៃទៀតក៏នៅបន្តចាក់សាំងដែរ ព្រោះមុខរបរគាត់ត្រូវតែចាក់ទើបអាចរកស៊ីកើត។ លោកបានត្អូញត្អែរថា តម្លៃឈ្នួលរត់ ឡើងមិនទាន់ថ្លៃសាំងនោះទេ ហើយអ្នកជិះក៏តថ្លៃស្វិតស្វាញដែរ ដូច្នេះ ចំណេញគ្រាន់តែហូបបាយប៉ុណ្ណោះ។ អ្នករត់ម៉ូតូម្នាក់នេះបានសំណូមពរថា “សូមឲ្យតម្លៃប្រេងសាំងថោកជាងនេះ ត្រឹម៣ពាន់រៀលសមរម្យហើយ”។

តម្លៃប្រេងសាំងនៅ កាល់តិច
បើក្រឡេកមើលទីផ្សារអន្តរជាតិវិញ ប្រេងឆៅបានឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានបើធៀបនឹងថ្លៃក្នុង រយៈពេល៨ខែមកនេះសម្រាប់ទ្វីបអាស៊ី គិតត្រឹមដើមសប្ដាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបញ្ឈប់ការលក់ប្រេងទៅឲ្យប្រទេសអង់គ្លេស និងបារាំង ។ ប្រេង Brent North Sea នៅក្រុងឡុងដ៍ សម្រាប់ចែកចាយនៅខែមេសា បានកើនឡើងពី១,៥២ដុល្លារទៅដល់ ១២១,១០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងនៅផ្សារក្រុងញូវយ៉ក ឡើងដល់១០៤,៩៤ដុល្លារ (១បារ៉ែល=១៥៩លីត្រ)។
តម្លៃសាំងព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ នៅតាមស្ថានីយក្នុងរាជធានីភ្នំពេញ ដូចជា Caltex Sokimex Tela សាំងសូពែរ មានតម្លៃ ៥៨០០រៀល សាំងធម្មតាមានតម្លៃ៥៥០០រៀល ថោកជាងគឺ សាំងរបស់ក្រុមហ៊ុនTotal សាំងស៊ុបពែរតម្លៃ៥៧៥០រៀល សាំងធម្មតា៥៤៥០រៀល៕
អត្ថបទ៖ កង ចាន់បញ្ញា
រូបថត៖ លន ហ្សាឌីណា និង បញ្ញា











នេះសាំងឡើងថ្លៃមួយទំហឹង១ថ្ងៃ១លីតស្ទើតែអត់គ្រាន់ តិចទៀតលែងហ៊ានញ៉ាំបាយហើយទុកលុយចាក់សាំង។
ផ្លូវក៏ស្ទះ តិចដាច់ភ្លើង ភ្លៀងទឹកលិច ដឹងជាទីក្រុងស្អាត់អីទេ
រាល់មតិរបស់ពួកយើងត្រូវឆ្លងកាត់ការត្រួតពិនិតពីSabay ហើយបើមតិណារិះគន់ខ្លាំងពេក និងរិះគន់ចំ
ឈ្មោះបុគ្គល រឺមន្ត្រីសាប័នណាមួយ Sabayគាត់នឹងកែតំរូវមតិនោះភ្លាម ជួនកាលSabayមិនទាំងខ្ចី
Post អោយផង ។ ចុះទំរាំអោយSabay ធ្វើដូចការទាមទារបស់យើង គាត់ម៉េចនឹងហ៊ានទូវ…
បងសប្បាយហេតុអីលុបការបញ្ចេញមតិរបស់ខ្ញុំចោល????? បងដាក់អត្តបទអោយគេបញ្ចេញមតិអី? ធ្វើនេះមិនសមទេ
អត់សប្បាយ។
ស្រុកយើង គឺអញ្ចឹងឯង! យើងទាំងអស់មិនបាច់ឆ្ងល់ច្រើនទេ!ធ្វើដូចជាយកចិត្តទុកដាក់និងប្រជាជនណាស់ តែគ្មានលទ្ឋផលសោះ…..អស់យោបល់