ក្រុម​ Athletic Bilbao ដែល​ជា​ក្លិប​ខ្លាំង​មួយ​របស់​អេស្ប៉ាញ​កំពុង​សម្លឹង​រក​ចំណុច​ខ្សោយ​របស់​ក្រុម​មក​ពី​រុស្ស៊ី Lokomotiv Moscow ធ្វើ​យ៉ាង​ណា​វាយ​បក​យក​ឈ្នះ​វិញ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Europa League នៅ​កីឡដ្ឋាន San Mamés របស់​ខ្លួន​នា​ម៉ោង​១:០០​រំលង​អាធ្រាត្រ​នេះ​ដើម្បី​បន្ត​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់ ២-១ នៅ​ជើង​ទី​១។

ព័ត៌មាន​ក្រុម

នេះ​ជា​ការ​ចាប់​ឆ្នោត​ប៉ះ​គ្នា​ជា​លើក​ដំបូង​រវាង​ក្រុម​ទាំង​ពីរ​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប។

ក្រុម Bilbao ​ធ្លាប់​ជួប​គូ​ប្រជែង​មក​ពី​រុស្ស៊ី​តែ​ម្ដង​គត់​កាល​ពី​រដូវ​កាល ១៩៧៣/៧៤ ក្នុង​ជុំ​ដំបូង​នៃ​ក្របខ័ណ្ឌ UEFA Cup Winner’s Cup ដែល​ពេល​នោះ ស្មើ​គ្នា ០-០ នៅ​ទឹក​ដី​ក្រុម FC Torpedo Moscow ក្នុង​ជើង​ទី​១ មុន​យក​ឈ្នះ ២-០ ក្នុង​ការ​ប្រកួត​ជើង​ទី​២​លើ​ទឹក​ដី​ខ្លួន​ឯង។

កំណត់ត្រា​របស់​ក្រុម Lokomotiv ទល់​នឹង​ក្រុម​មក​ពី​អេស្ប៉ាញ​១៣​លើក គឺ ឈ្នះ​២ ស្មើ​៣ ចាញ់​៨។

ប្រវត្តិ​នៃ​ការ​ប្រកួត

បរាជ័យ ៤-២ ក្រោម​ថ្វី​ជើង​ក្រុម Paris Saint Germain ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៃ​​វគ្គ​ជម្រុះ​តាម​ពូល​បាន​បញ្ចប់​កំណត់​ត្រា​មិន​ដែល​ចាញ់​៦​ប្រកួត​របស់ Bilbao នៅ UEFA Europa League នា​រដូវ​កាល​នេះ។

ក្រុម Bilbao ​លេង​នៅ​ទឹក​ដី​ខ្លួន​ឯង​មិន​ដែល​ចាញ់​៥​លើក​ក្នុង​ក្របខ័ណ្ឌ​នៃ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ដោយ​ឈ្នះ​២ ស្មើ​៣ គិត​ត្រឹម​ពេល​ចាញ់ Werder Bremen ៣-០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល UEFA Europa League រដូវ​កាល ២០០៩/១០។

នេះ​ជា​ការ​ឡើង​ដល់​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​លើក​ទី​៣​របស់​ក្រុម Bilbao ខណៈ​ពីរ​លើក​កន្លង​ទៅ​ពួក​គេ​ចាញ់ FK Austria Wien ក្នុង​រដូវ​កាល ២០០៤/០៥ និង​ចាញ់ RSC Anderlecht ក្នុង​រដូវ​កាល ២០០៩/១០ សម្រាប់​វគ្គ​នេះ​ដូច​គ្នា។

ការ​លេង​នៅ​ក្រៅ​ទឹក​ដី​របស់​ក្រុម Lokomotiv មួយ​រយៈ​ចុង​ក្រោយ​នេះ ពួក​គេ​ច្រើន​រក​គ្រាប់​បាល់​បាន​៣​គ្រាប់ តួយ៉ាង ការ​ឈ្នះ ៣-១ នៅ​ទឹក​ដី AEK Athens FC និង ចាញ់ Anderlecht ៥-៣។

ទិដ្ឋភាព​កាល​ជើង​ទី​១​នៅ​ទី​ក្រុងមូស្គូ​រវាង​ក្រុម​ទាំង​២

ការ​ពិត​នៃ​ការ​ប្រកួត

Lokomotive បង្ក​គ្រោះ​ថ្នាក់​បំផុត​ដល់​គូ​ប្រកួត​របស់​ខ្លួន​នៅ​តង់​ទី​ពីរ។ ជាក់​ស្ដែង គ្រាប់​បាល់​១៣​ក្នុង​ចំណោម​១៦​គ្រាប់​ដែល​ពួក​គេ​រក​បាន​នៅ​ក្របខ័ណ្ឌ UEFA Europa League ២០១១/១២ នេះ​សុទ្ធ​តែ​សម្រេច​បាន​នៅ​ក្រោយ​សម្រាក​តង់​ទី​១ ជា​ពិសេស ចន្លោះ​នាទី​៦១​និង​៧៥​ក្រុម​នេះ​រក​គ្រាប់​បាល់​បាន​ចំនួន​៧​គ្រាប់​ហើយ។

រហូត​មក​ទល់​ពេល​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Matías Suárez របស់​ក្រុម Anderlecht ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ ពោល ៧​គ្រាប់ ខណៈ​ Dmitri Sychev របស់ Lokomotiv ឈរ​លេខ​២​មាន​៦​គ្រាប់។

ខ្សែ​ការពារ​សញ្ជាតិ​រុស្ស៊ី Taras Burlak របស់​ក្រុម​ Lokomotiv ​ប្រារព្ធ​ខួប​កំណើត​២២​ឆ្នាំ​ចំ​ថ្ងៃ​នៃ​ការ​ប្រកួត​នេះ​តែ​ម្ដង។

Gorka Iraizoz អ្នក​ចាំ​ទី​របស់ Bilbao ធ្លាប់​ជួប Lokomotiv ម្ដង​ហើយ​ក្នុង​ពាន​រង្វាន់​នេះ​រដូវ​កាល ២០០៥/០៦ ដោយ​ពេល​នោះ​គេ​នៅ​លេង​ឲ្យ​ក្រុម Espanyol ​ហើយ​ជួយ​ឲ្យ Espanyol ឈ្នះ ១-០។

ក្រុម Lokomotiv ​មាន​ខ្សែ​បម្រើ​ម្នាក់​ជា​ជនជាតិ​អេស្ប៉ាញ គឺ Alberto Zapater ដែល​ធ្លាប់​លេង​ទល់​នឹង​ក្លិប Bilbao បាន​៨​លើក​ ពេល​គេ​នៅ​លេង​ឲ្យ Real Zaragoza ​ជាមួយ​កំណត់ត្រា ឈ្នះ​៣ ស្មើ​២ ចាញ់​៣ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ Felipe Caicedo និង Victor Obinna ក៏​ស្គាល់​ជើង​ក្រុម Bilbao ខ្លះ​ដែរ​ពេល​គេ​នៅ​លេង​ឲ្យ​ក្រុម Malaga CF និង Levante UD នៃ​ប្រទេស​អេស្ប៉ាញ។

គ្រូ​បង្វឹក​ក្រុម Lokomotiv គឺ​លោក José Couceiro ជា​ជនជាតិ​ព័រទុយហ្គាល់ វ័យ​៤៩​ឆ្នាំ។ លោក​ធ្លាប់​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម Sporting Lisbon បណ្ដោះ​អាសន្ន​មុន​ពេល​មក​ជំនួស​តំណែង​លោក Yuri Krasnozhan ជា​អ្នក​ចាត់​ការ​ពេញ​សិទ្ធិ​នៅ​ក្លិប Lokomotiv កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១១។ លោក​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​យុវជន​ព័រទុយហ្គាល់​អាយុ​ក្រោម​២១​ឆ្នាំ​ពី​ឆ្នាំ​២០០៦​ដល់​២០០៧ មុន​ពេល​មក​ដឹក​នាំ​ក្លិប FBK Kaunas និង​ក្រុម​ជម្រើស​ជាតិ​លីទុយអានី​។

ចំណែក​គ្រូ​បង្វឹក​ក្រុម Athletic Bilbao វិញ​ជា​អតីត​ខ្សែ​ការពា​ជម្រើស​ជាតិ​អាហ្សង់ទីន គឺ​លោក Marcelo Bielsa វ័យ៥៦​ឆ្នាំ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម Espanyol មួយ​រយៈ​ខ្លី​ក្នុង​ឆ្នាំ​១៩៩៨ មុន​ពេល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ពី​ឆ្នាំ​១៩៩៨​ដល់​២០០៤ និង​ដឹក​នាំ​ជម្រើស​ជាតិ​ឈីលី​ពី​ឆ្នាំ​២០០៧​ដល់​២០១១ មុន​ពេល​ផ្លាស់​មក​ដឹក​នាំ​ក្រុម Bilbao នេះ។

រវាង​ក្រុម​ទាំង​ពីរ បើ​ក្រុម​ណា​ជាប់ ក្រុម​នោះ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ឬ​ Ajax Amsterdam ដែល​ប្រកួត​គ្នា​នៅ​យប់​នេះ​ដែរ។

ព្យាករណ៍៖

Athletic Bilbao 2-2 Lokomotiv Moscow

Valencia 3-0 Stoke City

Sporting Lisbon 3-1 Legia Warszawa

ចុះ​ប្រិយ​មិត្ត​ដែល​និយម​វិស័យ​កីឡា​បាល់​ទាត់​មាន​ទស្សន:​យ៉ាង​ណា​ដែរ​សម្រាប់​ការប្រកួត​នេះ?

ដោយ៖យ៉ុង ម៉ុងហាក់