Portsmouth ប្រហែលលេងមិនចប់រដូវកាលព្រោះវិបត្តិហិរញ្ញវត្ថុ Trackback
ក្លិបបាល់ទាត់ Portsmouth ប្រហែលជាមិនអាចបន្តការប្រកួតរបស់ខ្លួននៅក្របខ័ណ្ឌលំដាប់ទី២ The Championship រហូតដល់ចប់រដូវកាលនេះបានទេ ដោយសារក្លិបមួយនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុ។នេះយោងតាមការឲ្យដឹងពីមន្ត្រីគ្រប់គ្រងក្លិប លោក Trevor Birch។
ក្នុងសេចក្ដីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លិបឲ្យដឹងថា ក្របខ័ណ្ឌ Premier League ប្រហែលជាឈប់ផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគេទៀតហើយ។ “ក្រោយការពិភាក្សារបស់យើងជាមួយ Premier League និង Football League ជាង៣ថ្ងៃកន្លងមកនេះ លទ្ធផលបង្ហាញថាក្លិបបាល់ទាត់ Portsmouth ទំនងជាមិនទទួលបានប្រាក់ឧបត្ថម្ភពីក្របខ័ណ្ឌកំពូលឬក្របខ័ណ្ឌដទៃទៀតទេ។ យើងធ្លាប់ប្រកាសលើកមុនរួចហើយថាក្លិបប្រឈមនឹងគ្រោះថ្នាក់នៃការអស់ថវិកាសម្រាប់ចំណាយមុនរដូវកាលចប់។ ហានិភ័យនេះកាន់តែរីកធំទៅៗពេលមន្ត្រីពាក់ព័ន្ធលែងផ្ដល់ប្រាក់ឲ្យយើង”។ លោក Birch បានប្ដេជ្ញាសង្គ្រោះក្លិបដែលកំពុងខ្វះកញ្ចប់ថវិកានេះ តែលោកសារភាពថាស្ថានភាពហាក់ហួសពេលទៅហើយក្នុងការស្វែងរកម្ចាស់ក្លិបថ្មីមកជួយ។

កីឡដ្ឋាន Fratton Park របស់ក្លិប Portsmouth
កាលពីខែកុម្ភៈកន្លងទៅ ក្រុមដែលមានរហស្សនាមថា Pompey នេះត្រូវបានកាត់អស់១០ពិន្ទុបន្ទាប់ពីធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុពីរលើកក្នុងរយៈពេល២ឆ្នាំ។ លើសពីនេះ លោក Birch ត្រូវបង្ខំចិត្តបញ្ចេញខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន Erik Huseklepp ទៅឲ្យក្រុម Birmingham ខ្ចីដើម្បីកាត់បន្ថយការចំណាយលើប្រាក់ខែ និងព្រមទាំងបញ្ចប់ការងារបុគ្គលិកអស់៣០នាក់ទៀតផង។
បច្ចុប្បន្ន Portsmouth កំពុងឈរលេងរៀងទី២រាប់ពីបាតតារាងនិងនៅពីក្រោយតំបន់សុវត្ថិភាពចំនួន៥ពិន្ទុ៕
ប្រែសម្រួល៖យ៉ុង ម៉ុងហាក់
ប្រភព៖skysports
រូបថត៖skysports












