កីឡាករកូនកាត់ខ្មែរ-អាមេរិកមកដល់កម្ពុជាហើយ Trackback
កីឡាករវាយកូនបាល់កូនកាត់ ខ្មែរ- អាមេរិកពីររូបមកដល់កម្ពុជាហើយ កាលព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាដែលស្ថិតនៅក្រុម IV អាស៊ី/អូសេអានី (Group IV Asia Ocean) ក្នុងយុទ្ធនាការ Davis Cup ចាប់ពីថ្ងៃទី ១៦ -២២ ខែមេសា ខាងមុខ នៅទីក្រុង ដូហា ប្រទេស កាតារ។ នេះបើតាមការឲ្យដឹងរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។

លោកទេព រិទ្ធីវិទ្ធ (ស្ដាំ) និង ប៊ុន កេន្នី
កីឡាករកូនកាត់ទាំងពីរនោះគឺ Man Panhara(ម៉ម បញ្ញារ៉ា) និង Mam Vetu (ម៉ម វិទូ)។ កីឡាករទាំងពីរ នឹងហ្វឹកហាត់ជាមួយកីឡាករលំដាប់លេខ១កម្ពុជា ប៊ុន កេន្នី នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិដែលដឹកនាំដោយលោក ជា ពៅ ស្របពេលដែលគ្រូបង្វឹកជម្រើសជាតិ សញ្ជាតិប៉ាណាម៉ា លោក Braen Aneirosជាប់ភារកិច្ចនៅប្រទេស ជប៉ុន។
មុនឈានដល់ពានរង្វាន់ខាងលើ កីឡាករកូនកាត់បងប្អូនបង្កើតទាំងពីរនឹងធ្វើដំណើរជាមួយ ប៊ុន កេន្នី ទៅប្រកួតកម្មវិធីអន្តរជាតិ ITF Futures នៅវៀតណាម នាដើមខែមេសា ដើម្បីបង្កើនសមត្ថភាព មុនពេលក្រុមចេញទៅទីក្រុង ដូហា ប្រទេស កាតារ នៅថ្ងៃទី ១៣ មេសា។
ទន្ទឹមនឹងការមកដល់របស់កីឡាករទាំងពីរ លោក ទេព រិទ្ធីវិទ្ធ បានប្រាប់ថា “ពូកគេជាកីឡាករដែលលេងល្អនៅមហាវិទ្យាល័យរបស់ពួកនៅអាមេរិក។ វាជាការជំរុញឲ្យកីឡាវាយកូនបាល់របស់យើងកាន់តែប្រសើរឡើង និង កសាងទំនុកចិត្តនៅថ្ងៃខាងមុខ”។
នេះជាលើកទី១ ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាខំពុះពារដើម្បីត្រួសត្រាយផ្លូវបានចូលរួមក្នុងព្រឹត្តិការណ៍វ័យចំណាស់ជាងគេ Davis Cup ដែលមានសមាជិកជាង ១៧០ ប្រទេស។ ទង់ជាតិកម្ពុជានឹងត្រូវបានគេស្គាល់តាមរយៈការខិតខំរបស់សហព័ន្ធកីឡាវាយកូនបាល់ដែលមានឯកឧត្ដម ចម ប្រសិទ្ធ ជាប្រធាន។

Mam Panhara (រូបថត TFC)
ប្រទេសកម្ពុជាស្ថិតនៅ ក្រុម Asia Oceania group IV ដែលមានប្រទេស បារ៉ែន អ៊ីរ៉ាក់ ហ្សកដានី មីយ៉ាន់ម៉ា សិង្ហបុរី កាតារ អារ៉ាប៊ីសាអ៊ូឌីត ទួរមេនីស្ថាន និង អារ៉ាប់រួម។ ទាំង១០ក្រុមនឹងត្រូវបែងចែកជាពីរពូលផ្សេងគ្នា(មួយពូល៥ក្រុម)។
រូបថត និង សកម្មភាពហ្វឹកហាត់នឹងត្រូវផ្ដល់ជូននៅអត្ថបទបន្ទាប់។ កុំភ្លេចចូលមកកាន់ Sabay ក្នុងដៃអ្នកក្នុងព្រឹត្តិការណ៍អន្តរជាតិបែបនេះ។
អត្ថបទ៖ ឆន ទិត្យ











