ក្រុម​​ចំណូល​​​ថ្មី​ បឹង​កេត បាន​ផ្ដល់​​លទ្ធផល​​មិន​​រីករាយ​​​​ឲ្យ​​ក្រុម​ជើង​ខ្លាំង ភ្នំពេញ​ក្រោន ដោយ​លទ្ធផល​​​​ ៦-៤ ក្នុង​ជំនួប​មិត្តភាព​​​នៅ RSN Stadium កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៣ ​មីនា​ ២០១២ ​ម្សិល​​មិញ មុន​ប៉ះ​គ្នា​ដើម្បី​​​សន្សំ​​ពិន្ទុ​​ក្នុង​តារាង​ មិត្ត​ហ្វូន​ខេម​បូឌាន​​លីក រដូវ​កាល​​នេះ​​។ ការ​ប្រកួត​ម្សិលមិញ​​មាន​ចំនួន​៣​តង់ ហើយ​មួយ​តង់​ៗ​មាន​រយៈ​ពេល​៤០​នាទី។

លទ្ធផល​​ឈ្នះ​​ប្រកួត​មិត្តភាព​លើ​ក្រុម​ជើង​ឯក​​លីក​កំពូល​កម្ពុជា​​៤​សម័យ​កាល ម្សិល​មិញ​នេះ ​កាន់​តែ​​បង្កើន​ភាព​កក់​ក្ដៅ​​​សម្រាប់ លោក បែ មករា បន្ទាប់​ពី​ក្រុម​​ក្មេង​ខ្ចី​លោក​​​បាន បង្កើត​​ភាព​​ភ្ញាក់​ផ្អើល​ដោយ​ផ្ដួល ៣-១ លើ​គីរីវង់​​សុខ​សែន​ជ័យ ក្នុង​ជំនួប​បើក​ឆាក​កាល​ថ្ងៃ​សៅរ៍​ទី​១០​មីនា​២០១២​ ចុង​សប្ដាហ៍​មុន​នោះ។

បឹង​កេត ​បាន​​ក្លាយ​​ជា​សមាជិក​ក្របខ័ណ្ឌ​​ក្នុង​ស្រុក​​ ដែល​​​ប្រិយមិត្ត​បាល់​ទាត់​​​មួយ​​ចំនួន​​​​សម្ពោធ​​រហស្ស​​​នាម​​ឲ្យ​​​​​​ថា ក្លិប​ចំណាយ​​​លុយ​​មិន​​​​​រា​ដៃ ឬ​ក្លិប​អ្នក​មាន​​ថ្មី​។ ការ​​កាយ​លុយ​ចាយ​​យ៉ាង​​កប់​ៗ​ដៃ​ដើម្បី​ ប្រមូល​ផ្ដុំ​កីឡាករ​ឆ្នើម​ៗ បែប​នេះ ធ្វើ​​ឲ្យ​​អ្នក​ងប់ងុល​នឹង​បាល់​ទាត់​មួយ​ចំនួន​​​​​​​​​ប្រដូច​​​បែប​​លេង​សើច​​ថា​​ បឹង​កេត ​កំពុង​តែ​ដើរ​​តាម​​គន្លង​​នៃ​ការ​ដឹក​នាំ​របស់​លោក​ Mancini ​នៅ​ Etihad Stadium នៃ​ក្រុង​ Manchester ទៀត​ផង​។ ​​ការ​ចាយ​វាយ​​ និង​​​ការ​​ប្រើ​ប្រាស់​ក្រសែ​ភ្នែក​​មុត​​ស្រួច​របស់​អតីត​អ្នក​ចាត់​ការ​​ ក្រោន លោក​​បែ មករា នោះ​​ហាក់​បី​​ដូច​ជា​មិន​ខុស​បំណង​ប៉ុន្មាន​​​នោះ​ទេ​ ដោយសារ​បច្ចុប្បន្ន​ក្រុម​ក្មេង​ខ្ចី​​មួយ​នេះ​កំពុង​​ឡើង​ជើង​​ខ្លាំង។ ម្យ៉ាង​ថែម​ទាំង​មាន​មតិ​សាធារណៈ​​​​រាប់​ភ្លេច​​ ទស្សន៍ទាយ​ទុក​ថា បឹង​កេត ទំនង​នឹង​​គ្រង​ជើង​​ឯក​នា​រដូវ​កាល​ដំបូង​​របស់​ខ្លួន​ទៀត​ផង​។

ឃីម បូរី ស៊ុត​ទម្លុះ​សំណាញ់​ទី​ ប៉េង ប៊ុនឆាយ របស់​បឹងកេត

ខ្សែ​ប្រយុទ្ធ Melvin Tarley ដែល​ ក្រោន ទើប​យក​មក​ពី​អាមេរិក

តាម​ការ​​បង្ហើប​ពី​អ្នក​ចាត់​ការ​ក្លិប​​ និង​​កីឡាករ​ក្នុង​ក្រុម​គឺ​ថា បឹង​កេត មិន​ទាន់​​មាន​ទម្រង់​លេង​ប្រទាក់​ក្រឡា​​ឲ្យ​ឥត​​ខ្ចោះ​​នោះ​​ទេ ត្បិត​​ក្រុម​​ទើប​​តែ​​ហ្វឹក​ហាត់​​​ត្រឹម​ត្រូវ​​ជុំ​គ្នា​​មិន​ទាន់​បាន​​១​ខែ​ពេញ​ផង។ យ៉ាង​ណា​ក្ដី​​អ្នក​​ចាត់​ការ​ទូទៅ​លោក បែ មករា ​ធ្លាប់​ព្រលយ​មាត់​​បែប​លេង​​មិន​លេង​ មែន​មិន​មែន​​​ថា “​​ខ្ញុំ​គិត​​ថា​ បឹង​កេត​​ ប្រាកដ​ជា​មិន​ធ្លាក់​​ក្របខ័ណ្ឌ​​នោះ​ទេ ផ្ទុយ​ទៅ​វិញ​​​​​ខ្ញុំ​​ខ្លាច​​តែ​​ក្លាយ​ជា​ជើងឯក​វិញ​​ផង​មិន​ដឹង​!​ (សើច​)”។

មុន​ឈ្នះ​ម្សិល​មិញ​នេះ ​​កាល​ជួប​​មិត្តភាព​​លើក​​ទី​១​​នៅ កំពង់​ចាម បឹង​កេត​​ចាញ់​​១-២​​ក្រោម​ថ្វី​​ជើង​​ក្រុម ជើង​ឯក​រង​ AFC President’s Cup 2011។ បើ​ងាក​មក​ MCL​ឆ្នាំ​នេះ​​បឹងកេត ត្រូវ​ពាក់​មុខ​ខ្លា​ដាក់ ក្រោន ជើង​ទី​១​​ ថ្ងៃ​ទី​១​មេសា​២០១២  មុន​​បន្ត​ជើង​ទី​២​ថ្ងៃ​ទី​​១៣​មិថុនា​២០១២៕

អត្ថបទ៖ ​ប៉ែន សុផាន់ណា​
រូបថត៖andy brouwer