កីឡាករ​វាយ​កូន​បាល់​​បង​ប្អូន​បង្កើត​​កូន​កាត់​​ខ្មែរ-​អាមេរិក​ពីរ​រូប​ ម៉ម បញ្ញារ៉ា​ និង ​ម៉ម វិទូ​ ​ដែល​មក​ដល់​​កម្ពុជា​សប្ដាហ៍​មុន​ រួម​ជា​មួយ​ ​កីឡាករ​​​កូន​កាត់​ខ្មែរ-​បារាំង​ ប៊ុន កេន្នី នឹង​ទៅ​ចូល​រួម​ប្រកួត​​​ក្នុង​ពាន​រង្វាន់​ ITF Futures ​នៅ​ប្រទេស​វៀតណាម​​នា​ ដើម​ខែ​ មេសា​ មុន​ចេញ​​ទៅ​ប្រកួត​​ពាន​រង្វាន់ Davis Cup ​នៅ​ថ្ងៃ​ទី​ ១៣​ មេសា​ ឆ្នាំ​ ២០១២​ ខាង​មុខ​នៅ​ប្រទេស​ កាតារ។

មុន​ចេញ​ដំណើរ​​ទៅ​ប្រកួត​នៅ​វៀតណាម​ ​ម៉ម បញ្ញារ៉ា​ ​អាយុ​ ២៥​ ឆ្នាំ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ​​”ខ្ញុំ​ចូល​ចិត្ត​ការ​រស់​នៅ​ទី​នេះ​ ​បើ​ទោះ​ជា​ក្ដៅ​បន្តិច​ក៏​ដោយ​ ហើយ​ ខ្ញុំ​នឹង​ខំ​ប្រឹង​លេង​​ឲ្យ​បាន​ល្អ​សម្រាប់​កម្ពុជា​ និង​ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ពាន​រង្វាន់ Davis Cup។ ខ្ញុំ​មាន​កិត្តិយសធំធេង​ណាស​​ដែល​បាន​លេង​ឲ្យ​​ប្រទេស​កំណើត​ប៉ា​របស់​ខ្ញុំ”។

ម៉ម បញ្ញារ៉ា​ ពេល​ផ្ដល់​បទ​សម្ភាសន៍(រូបថត៖ ប៉ែន សុផាន់ណា)

ចំណែក​ ប៊ុន កេន្នី​ ក៏​ប្រាប់​ដែរ​ថា​ “​ខ្ញុំ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​តែ​ចាញ់​​​​នៅ​ប្រកួត​ដំបូង តែ​​បន្ទាប់​មក​​​ក៏​ឈ្នះ​ ឬ​ លេង​បាន​ល្អ​វិញ​ ពី​ព្រោះ​ខ្ញុំ​មិន​​សុំា​នឹង​ទីលាន។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ​នឹង​ធ្វើ​បាន​ល្អ​ជាង​​ការ​ប្រកួត​នៅ​ឥណ្ឌា​ កាល​ដើម​ខែ​នេះ ពេល​ខ្ញុំ​ទៅ​លេង​នៅ​វៀតណាម”។

ជា​មួយ​​គ្នា​នោះ​​លោក​ ទេព រិទ្ធីវិទ្ធ​ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​វាយ​កូន​បាល់​កម្ពុជា​ក៏​បាន​មាន​ប្រសាសន៍​កន្លង​មក​ថា​ ​ការ​ដែល​ទៅ​ប្រកួត​​​​លក្ខណៈ​អន្តរជាតិ​ ITF Futures នៅ​ប្រទេស​វៀតណាម​​នេះ​គឺ​ដើម្បី​​បង្កើន​​សមត្ថភាព​ និង​ កាន់​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​ ពាន​រង្វាន់វ័យ​ចំណាស់​ជាង​​គេ​ Davis Cup ​កាន់​តែ​ស្រួចស្រាល់​ឡើង។ ​ក្នុង​នោះ​​ក៏​នឹង​ជួយ​ឲ្យ​​កីឡា​វាយ​កូន​បាល់​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​ផង​ដែរ។

ការ​មក​ដល់​របស់​កីឡាករ​ ​បង​ប្អូន​បង្កើត​ ​ត្រកូល [​ម៉ម] ​ខាង​គឺ​ជា​លើក​ទី១​ ដើម្បី​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ដែល​ជា​ប្រទេស​កំណើត​របស់​​លោក​ឳ​ពុក​របស់​ពួក​គេ៕

អត្ថបទ៖​ ឆន​ ទិត្យ​​