កីឡាករកូនកាត់ទាំងបីទៅប្រកួតនៅវៀតណាម Trackback
កីឡាករវាយកូនបាល់បងប្អូនបង្កើតកូនកាត់ខ្មែរ-អាមេរិកពីររូប ម៉ម បញ្ញារ៉ា និង ម៉ម វិទូ ដែលមកដល់កម្ពុជាសប្ដាហ៍មុន រួមជាមួយ កីឡាករកូនកាត់ខ្មែរ-បារាំង ប៊ុន កេន្នី នឹងទៅចូលរួមប្រកួតក្នុងពានរង្វាន់ ITF Futures នៅប្រទេសវៀតណាមនា ដើមខែ មេសា មុនចេញទៅប្រកួតពានរង្វាន់ Davis Cup នៅថ្ងៃទី ១៣ មេសា ឆ្នាំ ២០១២ ខាងមុខនៅប្រទេស កាតារ។
មុនចេញដំណើរទៅប្រកួតនៅវៀតណាម ម៉ម បញ្ញារ៉ា អាយុ ២៥ ឆ្នាំបានបង្ហាញចំណាប់អារម្មណ៍ថា ”ខ្ញុំចូលចិត្តការរស់នៅទីនេះ បើទោះជាក្ដៅបន្តិចក៏ដោយ ហើយ ខ្ញុំនឹងខំប្រឹងលេងឲ្យបានល្អសម្រាប់កម្ពុជា និង ដើម្បីឆ្ពោះទៅកាន់ពានរង្វាន់ Davis Cup។ ខ្ញុំមានកិត្តិយសធំធេងណាសដែលបានលេងឲ្យប្រទេសកំណើតប៉ារបស់ខ្ញុំ”។

ម៉ម បញ្ញារ៉ា ពេលផ្ដល់បទសម្ភាសន៍(រូបថត៖ ប៉ែន សុផាន់ណា)
ចំណែក ប៊ុន កេន្នី ក៏ប្រាប់ដែរថា “ខ្ញុំទៅប្រកួតនៅក្រៅប្រទេសច្រើនតែចាញ់នៅប្រកួតដំបូង តែបន្ទាប់មកក៏ឈ្នះ ឬ លេងបានល្អវិញ ពីព្រោះខ្ញុំមិនសុំានឹងទីលាន។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងធ្វើបានល្អជាងការប្រកួតនៅឥណ្ឌា កាលដើមខែនេះ ពេលខ្ញុំទៅលេងនៅវៀតណាម”។
ជាមួយគ្នានោះលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក៏បានមានប្រសាសន៍កន្លងមកថា ការដែលទៅប្រកួតលក្ខណៈអន្តរជាតិ ITF Futures នៅប្រទេសវៀតណាមនេះគឺដើម្បីបង្កើនសមត្ថភាព និង កាន់តែធ្វើឲ្យការប្រកួត ពានរង្វាន់វ័យចំណាស់ជាងគេ Davis Cup កាន់តែស្រួចស្រាល់ឡើង។ ក្នុងនោះក៏នឹងជួយឲ្យកីឡាវាយកូនបាល់កម្ពុជាត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកផងដែរ។
ការមកដល់របស់កីឡាករ បងប្អូនបង្កើត ត្រកូល [ម៉ម] ខាងគឺជាលើកទី១ ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជា ដែលជាប្រទេសកំណើតរបស់លោកឳពុករបស់ពួកគេ៕
អត្ថបទ៖ ឆន ទិត្យ











