អ៊ីនធឺណិត អាចបំផ្លាញសង្គម? Trackback
“បច្ចេកវិទ្យា ជាកាំបិតមុខពីរ វាអាចហាន់បន្លែបាន ហើយក៏អាចធ្វើឲ្យយើងមុតដៃបានដែរ”។ នេះជាការលើកឡើងរបស់លោក ជា សុវណ្ណៈ ប្រធានគណនេយ្យ រោងភាពយន្តលំដាប់អន្តរជាតិ The Cineplex នៅក្នុងសិក្ខាសាលា ស្ដីពីការគ្រប់គ្រងពេលវេលា ដែលរៀបចំដោយអង្គការ Enrich។ លោកបានប្រៀបធៀបថា អ៊ីនធឺណិតក៏ដូច្នេះដែរ វាអាចជួយសម្រួលដល់កិច្ចការទំនាក់ទំនងឲ្យកាន់តែខិតជិត គ្នា ប៉ុន្តែក៏អាចបង្កជាបញ្ហាមួយចំនួនដល់សង្គមដែរ។

លោក សុវណ្ណៈ បានលើកឡើងថា នៅប្រទេសជឿនលឿនមួយចំនួន កំពុងជួបប្រទះបញ្ហាដែលបង្ករដោយអ៊ីនធឺណិត ដែលយុវវ័យនៅក្នុងប្រទេសទាំងនោះ បានត្រាំត្រែងជាមួយអ៊ីនធឺណិត ម្ដងៗ រហូតអស់រយៈពេល៣ ទៅ៤ថ្ងៃ មិនចេញទៅណា មិនបានមើលឃើញពន្លឺព្រះអាទិត្យ ដោយសារតែជាប់ដៃ និងការលេង Facebook លេង Chat លេងហ្គេម ទៅវិញទៅមក រហូតដល់យប់លែងទៅណាតែម្ដង។
លោកបានលើកឧទាហរណ៍ នៅក្នុងប្រទេសសិង្ហបុរីថា ភាពនៅលីវជាបញ្ហាចោទ នៅក្នុងប្រទេសមួយនេះ ដែលបង្ករឡើងដោយប្រព័ន្ធអ៊ីនធឺណិត។ លោកលើកឡើងបែបនេះដោយសម្អាងថា កម្រិតនៃការទំនាក់ទំនងកាន់តែរួមតូច ព្រោះតែប្រជាជនភាគច្រើន ស្ថិតក្នុងផ្ទះជាមួយកុំព្យូទ័ររហូត លែងចង់បានប្រពន្ធកូន។ នៅក្នុងប្រទេសនេះ ប្រជាជនរវល់ជាប់ចិត្តនឹងការប្រើប្រាស់អ៊ីនធឺណិតពីមួយថ្ងៃទៅមួយថ្ងៃ ហើយការងារក៏អាចធ្វើទៅបាន តាមរយៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទៀត យូរៗទៅនាំឲ្យពួកគាត់កាត់ផ្ដាច់ទំនាក់ទំនងពីសង្គមពិត។ ដូច្នេះនៅកម្ពុជាក៏ដូចគ្នា បើសិនជា មិនមានការគ្រប់គ្រងបានច្បាស់លាស់ទេ ពិតជាអាចវិវឌ្ឍទៅដូចប្រទេសគេអីចឹងដែរ។
ប្រធានគណនេយ្យរូបនេះ បានបន្តទៀតថា បើសិនជាអ្នកប្រើប្រាស់ញៀននឹងអ៊ីនធឺណិតមិនចេញមកខាងក្រៅយូរៗទៅ ពួកគាត់នឹងខ្លាចសង្គមពិត ដោយសារតែក្នុងសង្គមមានរបៀបរបបច្រើនលើសពីសង្គមអ៊ីនធឺណិតដែលម្នាក់ៗមានតែកុំព្យូទ័រមួយគ្រប់គ្រាន់នោះ។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតយ៉ាងសេរីបែបនេះ ពិតជាប៉ះពាល់ដល់សង្គមណាស់ ព្រោះការទំនាក់ទំនងក្នុងសង្គមពិតជាសំខាន់ណាស់។ លោកលើកឡើងបែបនេះ មិនមែនមិនចង់ឲ្យប្រើប្រាស់អ៊ីនធឺណិតនោះទេ តែលោកចង់ឲ្យការប្រើប្រាស់នោះចំទិសដៅ នាំផលប្រយោជន៍សម្រាប់ខ្លួនឯង។
លោក បានទាញមកសង្គមកម្ពុជាថា ប្រសិនបើយុវជនខ្មែរ ប្រើប្រាស់អ៊ីនធឺណិតឲ្យចំទិសដៅដែលប្រកបដោយអត្ថប្រយោជន៍ ដូចជាការប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ និងសម្រាប់ប្រើទំនាក់ទំនងមានប្រយោជន៍ដែលនាំមកនូវការរីកចម្រើនទើបជារឿងល្អ៕
អត្ថបទ៖ កង ចាន់បញ្ញា











