កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ក្រុមហ៊ុន apple បាន​ប្រកាស​ថា​ខ្លួន​អាច​លក់ tablet ជំនាន់​ទី​៣ (The new iPad) បាន​លើស​ពី​៣លាន​គ្រឿង​ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល tablet នេះ​បាន​ដាក់​លក់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ នេះ​ដោយ​យោង​តាម​គេហទំព័រ bgr។

លោក Philip Schiller នាយក​រង​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Apple បាន​ថ្លែង​ថា៖ “The new iPad គឺ​ជា tablet ដែល​បាន​បំបែក​ឯកត្តកម្ម​លក់​ជាមួយ​នឹង​ចំនួន​៣លាន​គ្រឿង​ដែល​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​តាំង​ពី iPad ចេញ​លក់”។

លោក​បាន​បន្ត​ថា​អតិថិជន​ភាគ​ច្រើន​ស្រឡាញ់​លក្ខណៈ​ពិសេស​ដែល​មិន​គួរ​ឲ្យ​ជឿ​របស់ iPad ស៊េរី​ថ្មី​នេះ​ដែល​មានដូច​ជា៖​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក​ប្រភេទ Retina display, CPU quad-core ប្រភេទA5X, កាមេរ៉ា iSight ទំហំ 5 megapixel, ថ្ម​កាន់​បាន​រយៈ​ពេល ១០​ម៉ោង​និង​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ 4G LTE។

សូម​បញ្ជាក់​ថា​ឥឡូវ​នេះ The new iPad មាន​ដាក់​លក់​នៅ សហរដ្ឋអាមេរិក, អូស្ត្រាលី, កាណាដា, បារំាង, អាល្លឺម៉ង់, ហុងកុង, ជប៉ុន, Puerto Rico, សិង្ហបុរី, Switzerland,  ចក្រភពអង់គ្លេស និង the US Virgin Islands ហើយ​នឹង​ចាប់​ផ្ដើម​ដាក់​លក់​នៅ ២៤​ប្រទេស​បន្ថែម​ទៀត​នៅ​ម៉ោង ៨ព្រឹក​(ម៉ោង​ក្នុង​តំបន់) ថ្ងៃ​សុក្រ​ទី​២៣​ខែ​មិនា​ខាង​មុខ​នេះ​តាម​រយៈ​ហាង​លក់​ទំនិញ​អន​ឡាន​របស់​ក្រុមហ៊ុន Apple (www.apple.com)៕

ប្រែ​សម្រួល៖ សេង សុភ័ក្ត
ប្រភព និង​រូបភាព៖
bgr