កាល​ពី​ចុង​ខែ​កុម្ភៈកន្លង​ទៅ​នេះ ប៉ូលិស​​ប្រចាំ​នៅ​ទីក្រុង​សេអ៊ូល បាន​​​ឃាត់​ខ្លួន​​​បុរស​ម្នាក់​ឈ្មោះ Lee ពី​បទ​លួច​ថត​រូបភាព​ស្រីៗ​នៅ​ក្នុង​បន្ទប់​ទឹក

កាមេរ៉ាតូចដែលបំពាក់ក្នុងបន្ទប់ទឹក

លោក Lee ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​ នៅ​ក្នុង​ទីក្រុង​សេអ៊ូល ​ប្រទេស​ កូរ៉េ​ខាង​ត្បូង បាន​លួច​បំពាក់​កាមេរ៉ា​តូច​មួយ​ នៅ​ក្នុង​បន្ទប់​ទឹក​ក្នុង​ហាង​របស់​លោក។ លោក​បាន​លួច​ថត​រូប​ស្រីៗ ​ដែល​ចូល​ក្នុង​បន្ទប់​ទឹក​នោះ បាន​ចំនួន ៩១៧ នាក់ គិត​ចាប់​ពី​ខែ​មីនា កាល​ពី​ឆ្នាំ​មុន រហូត​ដល់​ពេល​ថ្មីៗ​មុន​នេះ​ ទើប​​បែក​ធ្លាយ​រឿង​នេះ។

យោង​តាម​ប៉ូលិស ​បាន​ឲ្យ​ដឹង​ថា កាមេរ៉ា​តូច​ប្រភេទ​នេះ ​ជា​ប្រភេទ​កាមេរ៉ា​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ ហើយ​វា​មាន​ប្រព័ន្ធ sensor ដែល​ថត​វីដេអូ​ចលនា​អ្នក ​ដែល​ចូល​ក្នុង​បន្ទប់​នោះ​ដោយ​ស្វ័យ​ប្រវត្តិ។

វីដេអូ​ឃ្លិប​ជា​ច្រើន​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង folder ​​កុំព្យូទ័រ​របស់​បុរស​ ជា​ម្ចាស់​ហាង​នេះ ដែល​វីដេអូ​ទាំង​នេះ​ បាន​រៀបចំ​តាម​កាល​បរិច្ឆេទ​ តាម​លំដាប់​លំដោយ​ថែម​ទៀត​ផង។ បុរស​នេះ​ធ្លាប់​មាន​កំណត់​ត្រា​ប្រព្រឹត្ត​ល្មើស​ស្រដៀង​គ្នា​នេះ ​ពីរ​លើក​រួច​មក​ហើយ។

កាមេរ៉ា​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​អតិថិជន​ស្ត្រី​ម្នាក់ និង​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​កំហូច​ម្នាក់​នេះ។ អ្នក​នាំ​ពាក្យ​ប៉ូលិស​ម្នាក់​បាន​ប្រាប់​ថា “លោក Lee ពុំ​មាន​បញ្ហា​ខាង​សតិ​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​លោក​ជា​មនុស្ស​ចូល​ចិត្ត​មើល​រឿង​សិច”។ ​ប្រភព​ព័ត៌មាន​ មិន​ទាន់​បាន​បញ្ជាក់​ទេ​ថា ​​បុរស​ម្នាក់​នេះ​ ​ត្រូវ​តុលាការ​កាត់​ទោស​កម្រិត​ណា​នោះ​ទេ៕

ប្រែ​សម្រួល៖ សុផាត
ប្រភព និង​រូបភាព៖ Emirates247