​ខេមរៈ សិរីមន្ត ដែល​មិន​ធ្លាប់​មាន​លេចឮ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​រឿង​រាវ​ស្នេហ៍​ជា​មួយ​តារា​ណា​នោះ ស្រាប់​តែ​ពេល​នេះ​មាន​ព័ត៌មាន​​ក្នុង​ចំណោម​អ្នក​សិល្បៈ និង​ក្រៅ​សិល្បៈ​ថា ​លោក​មាន​ប្រពន្ធ​​រយៈ​ពេល​៤​ឆ្នាំ ហើយ​ថែម​ទាំង​មាន​​កូន​ប្រុស​ម្នាក់​មាន​វ័យ​ជាង​​៣​ខែ​ទៀត​ផង។

ប្រភព​ខ្សឹប​ខ្សៀវ​ពី​អ្នក​សិល្បៈឲ្យ​ដឹង​ថា​ លោក ខេមរៈ សិរីមន្ត មាន​​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នារី​ម្នាក់​ដែល​ជា​កូន​អ្នក​មាន​​ទ្រព្យ​ស្ដុកស្ដម្ភ​ និង​មាន​មុខមាត់​​នៅ​ក្នុង​សង្គម។ មក​ទល់​នឹង​ពេល​នេះ លោក និង​នារី​នោះ​បាន​រស់​នៅ​ជា​មួយ​គ្នា​ថែម​ទាំង​មាន​កូន​ប្រុស​ម្នាក់​ទៀត​ផង ហើយ​​កូន​នោះ​មាន​វ័យ​ទើបតែ​ជាង​បី​ខែ​ប៉ុណ្ណោះ។ មាន​ន័យ​ថា​ ​ពេល​នេះ​ប្រពន្ធ​របស់​គេ​នៅ​មាន​សរសៃ​ខ្ចី​នៅ​ឡើយ កំពុង​សម្រាក​នៅ​ផ្ទះ។ ប្រភព​បាន​បន្ត​ថា​ ខេមរៈ សិរីមន្ត និង​នារី​ជា​ភរិយា ស្រលាញ់​គ្នា​ជាង​បួន​ឆ្នាំ​មក​ហើយ ​ដោយ​ចិត្តនិង​ចិត្ត បើ​ទោះ​ជា​មាន​ការ​រារាំង​ខ្លះៗ​​ពី​សំណាក់​ឪពុក​ម្ដាយ​ខាង​ស្រី​យ៉ាង​ណា​ក៏​ដោយ​​ ក៏​ពួកគេ​ព្យាយាម​ពុះពារ​រាល់​ឧបសគ្គ​រហូត​ដល់​សម្រេច​គោល​ដៅ។

មាត់ចាប​មាត់​ព្រាប​ពី​អ្នក​សិល្បៈ​បន្ត​ថា ពេល​មាន​កម្មវិធី​ច្រៀង​ម្ដងៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នារី​ជា​ភរិយា​តែង​តែ​ទៅ​តាម​ជា​និច្ច ហើយ​នារី​នោះ​មាន​ភាព​ឆ្លាតវៃ​ណាស់ ពោល​គឺ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ចាប់​អារម្មណ៍​ថា ​ជា​ភរិយា​នោះ​ទេ។ គេ​តែង​លើក​ឡើង​ថា​ ជា​បងប្អូន​ជីដូន​មួយ គ្រាន់តែ​មក​កាន់​សំលៀកបំពាក់​ឲ្យ​តែ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​រឿង​ស្នេហា​អ្វី​ឡើយ។ ប៉ុន្តែ​បើ​ដឹង​ឲ្យ​ស៊ី​ជម្រៅ​វិញ​ នារី​នោះ​​​ជា​ភរិយា​ពិតៗ និង​ជា​អ្នក​​រៀប​ចំ​គ្រប់​បែប​យ៉ាង​ឲ្យ លោក​ ខេមរៈ​ សិរីមន្ត​ ក្នុង​ការ​ត្រៀម​ច្រៀង និង​និយាយ​ទៅ​កាន់​សាធារណជន រួម​ទាំង​ស្ទិល​ផ្សេងៗ។ មួយ​វិញ​ទៀត​ការ​មាន​ផ្ទះ​វិឡា​ស្កឹមស្កៃ​រស់​នៅ និង​មាន​ឡាន​ហ៊ឺហា​ជិះ​បែប​នេះ ក៏​មាន​ការ​ជួយ​ទំនុក​បម្រុង​ពី​សំណាក់​ម្ដាយ​ក្មេក​ដែរ​ មិន​មែន​បាន​មក​ដោយ​សារ ខេមរៈ សិរីមន្ត​ តែ​ម្នាក់​នោះ​ទេ។

លោក​ ខេមរៈ សិរីមន្ត​ មិន​លើក​ទូរស័ព្ទ​នោះ​ទេ ដោយ​ម្ដាយ​របស់​លោក​ជា​អ្នក​ទទួល​ជំនួស។ ម្ដាយ​លោកបាន​ឲ្យ​ដឹង​ថា ​​សិរីមន្ត ទៅ​ពេទ្យ​ធ្មេញ​មិន​បាន​ទទួល​ទូរស័ព្ទ​ទេ។ ទាក់ទង​ទៅ​នឹង លោក​ ខេមរៈ សិរីមន្ត មាន​កូន​​ទើប​មាន​វ័យ​ជាង​បី​ខែ និង​មាន​ភរិយា​ជា​កូន​មន្ត្រី​មាន​មុខមាត់ អ្នក​ស្រី​បាន​បដិសេធ​ដាច់​អហង្ការ​ថា​ កូន​របស់​អ្នក​ស្រី​មិន​មាន​​ភរិយា និង​កូន​នោះ​ទេ ព័ត៌មាន​ដែល​បាន​លើក​ឡើង​ជា​ការ​មិន​ពិត​ទាំង​អស់។ “កូន​មីង​មិន​ទាន់​រៀប​ការ​នោះ​ទេ ហើយ​ក៏​គ្មាន​កូន​មក​ពី​ណា​ដូច​ដែល​គេ​បាន​លើក​ឡើង​ឡើយ​។ កូន​មីង​មិន​ទាន់​ទៅ​ស្ដី​ដណ្ដឹង​អ្នក​ណា​ផង មាន​កូន​មក​ពី​ណា!“។

អ្នក​ស្រី​ក៏​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​លើក​ឡើង​ថា​ ពេល​ទៅ​ច្រៀង​តែង​មាន​នារី​ដ៏​ស្រស់​ស្អាត​ដែល​ជា​ភរិយា​ទៅ​តាម។ អ្នក​ស្រី​លើក​ឡើង​ថា ​រាល់​ពេល​ច្រៀង​នៅ​ទី​ណា​ម្ដងៗ ឪពុក​ម្ដាយ​តែង​ទៅ​តាម​ជានិច្ច មិន​មាន​ស្រី​ញី​មក​ពី​ណា​តាម​ឡើយ ហើយ​ប្រសិន​ណា​បើ​មិន​មាន​ឪពុក​ម្ដាយ​តាម​ទេ គឺ​មាន​តែ​បង​ប្អូន​ប៉ុណ្ណោះ ដែល​ទៅ​ជួយ​​មើល​ការ​ខុស​ត្រូវ។

អ្នក​ស្រី​បាន​បន្ត​ថា​ ការ​មាន​ឡាន​ទំនើប​ជិះ ផ្ទះ​វិឡា​ស្នាក់​នៅ​ ជា​ការ​ប្រឹងប្រែង​របស់​កូន​អ្នក​ស្រី​ផ្ទាល់​គ្មាន​អ្នក​​ណា​ជួយ​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​​ឡើយ ហើយ​ការ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​សិល្បៈ​ក៏​ជា​ការ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់​កូន​អ្នក​ផ្ទាល់​ដែរ។

ដោយ​ឡែក​ឪពុក​របស់​លោក ខេមរៈ សិរីមន្ត វិញ​បាន​លើក​ឡើង​ដោយ​​សម្ដី​ខ្លាំងៗ​ថា “អ្នក​ណា​ថា​កូន​របស់​អ៊ំ​មាន​ប្រពន្ធ​មាន​កូន!។ បើ​កូន​របស់​អ៊ំ​រៀប​ការ​ផ្អើល​អស់​ហើយ​អ្នក​សិល្បៈ ជា​ពិសេស​ក្មួយ​ឯង​ជា​អ្នក​កាសែត​ អ៊ំ​ហៅ​ទាំង​អស់​មិន​ឲ្យ​សល់​អ្នក​ណា​ម្នាក់​ទេ។​ បើ​អ្នក​ណា​ថា​កូន​អ៊ំ​មាន​កូន​ មក​ជួប​ខ្ញុំ!”។ លោកបាន​បន្ត​ថា​ មិន​បាច់​ឆ្ងល់​ច្រើន​ទេ ប្រសិន​ណា​បើ​រៀប​ការ​មែន​ផ្អើល​មហាជន​ទូទៅ​ជា​មិន​ខាន។ លោក​សង្កត់​ធ្ងន់​ថា កូន​លោក​កំពុង​មមាញឹក​ក្នុង​ការ​ជួយ​កសាង​ជាតិ មិន​មាន​រឿង​រាវ​ស្នេហា​កូន​ប្រពន្ធ​មក​ពី​ណា​ឡើយ។

​​​​​អ្នក​សិល្បៈ​ខ្មែរ​ភាគ​ច្រើន​តែង​លាក់​បាំង​ប្រវត្តិ​ផ្ទាល់​ខ្លួន​ទាក់​ទង​រឿង​រាវ​ផ្ទាល់​ខ្លួន ជា​ពិសេស​រឿង​ស្នេហា​។ តួ​យ៉ាង​ដូច​ជា លោក ស៊ុក សុភា ថ្មីៗ​បាន​បង្ហាញ​មុខ​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​លោក ដែល​ពី​​មុន​មក​លោក​មិន​ដែល​ប្រាប់​ថា ​មាន​ស្នេហា​ជា​មួយ​តារា​ណា​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​នេះ ជា​សិទ្ធិ​ឯកជន​របស់​អ្នក​សិល្បៈ​ម្នាក់​ៗ។ ចំពោះ​រឿង​របស់​លោក ខេមរៈ សិរីមន្ត​ វិញ​ក៏​មិន​ទាន់​ច្បាស់​ការ​ថា លោក​ពិត​ជា​មាន​ព័ត៌មាន​បែប​នេះ​ប្រាកដ​មែន​ឬ​ក៏​អត់​នោះ​ទេ។ ប៉ុន្តែ ឳពុក​ម្ដាយ​សាមី​ខ្លួន ​បដិសេធ​ទាំង​ស្រុង​ក្នុង​ពេល​ដែល​អ្នក​យក​ព័ត៌មាន​sabayទាក់ទង​តារា​ចម្រៀង​រូប​នេះ​គូស​បញ្ជាក់​ឲ្យ​ច្បាស់​ការ​នោះ។

ខេមរៈ សរីមន្ត ទើប​ទទួល​បាន​មេដៃ​ស្ថាបនិក​ជាតិ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​លើ​ស្នាដៃ​ជួយ​កសាង​ជាតិ​ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​លើកទី១ តារា​រូប​នេះ ទទួល​បាន​ពី​សម្ដេច ហេង សំរិន។ ក្រៅ​ពី​នេះ ​រូប​លោក ក៏​ទើប​ទទួល​បាន​ពាន ជា​តារា​ចម្រៀង​វ័យ​ក្មេង​ច្រៀង​បាន​​ល្អ​បំផុត ពី​កម្មវិធី “​អាណាចក្រ​តារា” ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​Sabay៕

អត្ថបទ៖ អ៊ីង សុឡា
រចនា៖ ជៀប សំណាង