មើលសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង Trackback
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធយោធាមួយ ដែលជាផ្នែកមួយនៃសមយុទ្ធយោធាធំប្រចាំឆ្នាំ ឈ្មោះថា “Foal Eagle” នៅទីក្រុង Pochoen ភាគឦសានក្រុងសេអ៊ូល។
ក្នុងសមយុទ្ធយោធានេះ មានទាហានកូរ៉េខាងត្បូងប្រមាណ ១០០នាក់ និងទាហានអាមេរិកប្រមាណ ២០០នាក់ បានធ្វើសមយុទ្ធបាញ់គ្រាប់មែនទែន រយៈពេលពីរម៉ោង ដោយប្រើកាំភ្លើងយន្តប្រភេទ K-55 និង M-109A6 Paladin និងកាំភ្លើងដៃ អមដោយរថក្រោះផងដែរ។
តាមការអះអាងពីមន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់ប្រាប់ ទីភ្នាក់ងារព័ត៌មាន Yonhap ថា សមយុទ្ធនេះ គឺជាឱកាសមួយដើម្បីពិនិត្យមើលស្ថានភាពរបស់ភាគីទាំងពីរ និងដើម្បីផ្លាស់ប្ដូរយុទ្ធសាស្ត្រគ្នាទៅវិញទៅមក។
សមយុទ្ធយោធា “Foal Eagle” ត្រូវបានធ្វើឡើងប្រចាំឆ្នាំ ដោយចាប់ផ្ដើមពីថ្ងៃទី ១ ខែ មីនា រហូតដល់ថ្ងៃទី ៣០ ខែ មេសា ដែលមានយោធាកូរ៉េប្រមាណ ២សែននាក់ និងអាមេរិក ១១ពាន់នាក់ ចូលរួម ហើយសមយុទ្ធនេះត្រូវធ្វើឡើងទាំងជើងគោក ជើងអាកាស និងជើងទឹក។
ការធ្វើសមយុទ្ធយោធានេះ ស្របពេលដែលមានភាពតានតឹង ចំពោះការប្រកាសបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នៅពាក់កណ្ដាលខែមេសា ក្រោយនេះ។ សូមមើលទិដ្ឋភាពក្នុងសមយុទ្ធយោធានេះ!








ប្រែសម្រួល៖ យ៉ន សុភារិទ្ធ
ប្រភព និងរូបភាព៖ Xinhua និង ChinaDaily












