លេចរូប Google Drive ផ្ដល់ជូនទំហំ 5G Trackback
គេហទំព័រ bgr បានឲ្យដឹងកាលពីពេលថ្មីៗនេះថាពាក្យចចាមអារ៉ាមជុំវិញសេវា cloud storage របស់ក្រុមហ៊ុន Google ឥឡូវនេះបានលេចចេញព័ត៌មានខ្លះៗហើយ។ សេវាថ្មីនេះនឹងមានឈ្មោះថា Google Drive ហើយមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលនឹង Dropbox ដែរ។

Google Driveអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ផ្ទុកឯកសារនៅលើ cloud server និងអាចចូលទៅកាន់ឯកសារទាំងនោះតាមរយៈកុំព្យូទ័រនិងទូរស័ព្ទដៃបាន។ យោងតាមរូបភាព screenshot ដែលបានលេចចេញតាមរយៈគេហទំព័រ TalkAndroid បានបង្ហាញឲ្យដឹងថា Google Drive នឹងផ្ដល់ជូនទំហំផ្ទុកទិន្នន័យដោយឥតគិតថ្លៃ 5GB ដូចទៅនឹងទំហំ iCloud របស់ក្រុមហ៊ុន Apple ដែរ។
រូបភាពដែលលេចចេញនោះបានបញ្ជាក់បន្ថែមថាអ្នកប្រើប្រាស់អាចចូលទៅកាន់ឯកសាររបស់ខ្លួនបានតាមរយៈ កុំព្យូទ័រ ទូរស័ព្ទ tablet និង web browser ហើយថែមទាំងអនុញ្ញាតឲ្យអ្នកប្រើប្រាស់កែឯកសារបាននៅត្រង់ចំណុចណាមួយបន្ទាប់មកឯកសារដែលកែហើយនោះនឹងកែប្រែដោយស្វ័យប្រវត្តិនៅគ្រប់ចំណុចនៅក្នុង Google Drive។
មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាសេវា Google Drive នេះគ្រោងដាក់ឲ្យប្រើជាផ្លូវការនៅថ្ងៃទី១៦ ខែមេសាខាងមុខនេះហើយ។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ Cloud Service កំពុងទទួលបានការពេញនិយមច្រើន ជាក់ស្ដែងដូចជា Cloud drive របស់ Amazon, iCloud របស់ Apple និង AcerCloud របស់ Acer៕
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភពនិងរូបភាព៖ bgr












