យោង​តាម​គេហទំព័រ The Daily Mail ចុះ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​ចិន Zhang Wuyi វ័យ ៣៧ ឆ្នាំ នៅ​ស្រុក Hanyang នៃ​ខេត្ត Hubei ប្រទេស​ចិន បាន​ចាប់​ផ្ដើម​ផលិត​នាវា​មុជទឹក​ធុន​តូច​ម៉ាក DIY

លោក Zhang កំពុងផលិត​នាវាមុជទឹកធុនតូច DIY នៅក្នុងរោងជាងបណ្តោះអាសន្ន

កម្មករ​រោង​ចក្រ​វាយនភណ្ឌ​រូប​នេះ ចាប់​ផ្ដើម​មាន​គំនិត​ច្នៃ​ប្រឌិត​បែប​នេះ បន្ទាប់​ពី​លោក​ត្រូវ​រោង​ចក្រ​បញ្ឈប់​ពី​ការ​ងារ។ លោក​សង្ឃឹម​ថា ជំនួញ​ផលិត​នាវា​បែប​នេះ នឹង​ទទួល​បាន​ជោគជ័យ។

លោក Zhang កំពុងផលិត​នាវាមុជទឹកធុនតូច DIY នៅក្នុងរោងជាងបណ្តោះអាសន្ន

នាវា​មុជ​ទឹក​ទាំង​នេះ ត្រូវ​ផលិត​ឡើង​នៅ​ក្នុង​រោងជាង​បណ្ដោះ​អាសន្ន​របស់​លោក​នៅ​ក្នុង​អគារ​បោះ​បង់​ចោល​មួយ​កន្លែង។ លោក Zhang បាន​ប្រាប់​សារព័ត៌មាន​ចិន​ថា លោក​ទទួល​បាន​បញ្ជា​ទិញ​នាវា​ធុន​នេះ​ចំនួន ៣ គ្រឿង​រួច​ទៅ​ហើយ ដែល​ក្នុង​មួយ​គ្រឿងមាន​តម្លៃ ៣១.០០០ ដុល្លារ​អាមេរិក។

នាវាមុជទឹកទី១ ដែលផលិតរួច

លោក​បាន​បន្ត​រៀប​រាប់​ថា នាវា​ទាំង​នេះ​មាន​កន្លែង​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ពីរ​នាក់​ជិះ និង​អាច​មុជ​ចុះ​ក្នុង​ទឹក​បាន​ជម្រៅ​ដល់​ទៅ ៣០ ម៉ែត្រ​ឯណោះ ដោយ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ២០ គីឡូម៉ែត្រ​ក្នុង​ម៉ោង បាន​រយៈពេល ១០ ម៉ោង។ នៅ​ក្នុង​នាវា​នេះ មាន​បំពាក់​បំពង់​អុកស៊ីហ្សែន និង​កាមេរ៉ា​វីដេអូ​ផង​ដែរ។ លោក​ប្រើ​ពេល ១ ខែ ដើម្បី​ផលិត​នាវា​បែប​នេះ​មួយ​គ្រឿង និង​ជួល​មនុស្ស ១០ នាក់​ឲ្យ​ជួយ​ការងារ​លោក។

នាវាមុជទឹកទី១ ដែលផលិតរួច

បុរស​ម្នាក់​នេះ​ហៅ​ការ​រចនា​របស់​លោក​ថា​ជា​ការ​រចនា​បែប​តូច និង​សាមញ្ញ​បំផុត និង​សង្ឃឹម​ថា អ្នក​នេសាទ​ក្នុង​តំបន់​ទិញ​នាវា​នេះ។

លោក Zhang នៅក្នុងនាវាមុជទឹក

ចំណែក​អតិថិជន​ទី​១​របស់​លោក Zhang គឺ​លោក Cong Zhijie ដែល​ជា​អ្នក​នេសាទ​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ Dalian។ លោក Zhijie ប្រាប់​ថា “ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ដំបូង​ដែល​ប្រើ​ប្រាស់​នាវា​បែប​នេះ ហើយ​នាវា​នេះ​បាន​ជួយ​ខ្ញុំ​ចាប់​បាន​ឈ្លើង​សមុទ្រ​រហូត​ដល់ ៥០ គីឡូមក្នុង​រយៈ​ពេល ៤០ នាទី”។

លោក Zhang ឈរ​លើនាវាមុជទឹក ពេលចេញដំណើរទៅនេសាទឈ្លើងសមុទ្រ

បច្ចុប្បន្ន លោក Zhang កំពុង​ផលិត​នាវា​ទី​២​ហើយ។

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រែ​សម្រួល៖ សុផាត
ប្រភព និង​រូប​ភាព៖ The Daily Mail, Odditycentral