Windows XP ២ឆ្នាំទៀតចូលនិវត្តន៍ហើយ! Trackback
ក្រុមហ៊ុន Microsoft បានប្រកាសកាសពីដើមសប្ដាហ៍នេះថានៅក្នុង ឆ្នាំ២០១៤ ខាងមុខនេះប្រព័ន្ធប្រតិបត្តិការ Windows XP នឹងកាត់ចេញពី extended support ឬបានន័យថាមិនទទួលបានការធ្វើកំណែទម្រង់ដូចមុនទៀតឡើយ។

ក្រុមហ៊ុន Microsoft បានបែងចែកដំណើរវិវត្តន៍របស់ប្រព័ន្ធប្រតិបត្តិការ របស់ខ្លួនជាពីរដំណាក់កាលធំៗដូចជា mainstream support និងextended support។ គ្រប់ប្រព័ន្ធប្រតិបត្តិការដែលស្ថិតនៅក្នុងដំណាក់កាល mainstream support អ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានការ update ប្រព័ន្ធសុវត្ថិភាពដោយឥតគិតថ្លៃ, កំណែប្រែមានស្ថិរភាព , bug fixes និង បន្ថែម feature មួយចំនួនទៀត។ ចំណែកប្រព័ន្ធប្រតិបត្តិការដែលចាត់ចូលក្នុង extended support នឹងទទួលបានការ update ប្រព័ន្ធសុវត្ថិភាពដោយឥតគិតថ្លៃតែមួយមុខគត់ក្រៅពីនេះគឺតម្រូវឲ្យបង់ប្រាក់។
ក្រៅពី Windows XP ក្រុមហ៊ុន Microsoft បានដាស់តឿនអតិថិជនដែលកំពុងប្រើប្រាស់ Office 2003 ទាំងអស់ថាខ្លួននឹងបញ្ឈប់ធ្វើកំណែទម្រង់លើ office 2003 ដូចគ្នានៅក្នុងខែមេសាឆ្នាំ២០១៤ខាងមុខនេះ។ ចំណែក Windows Vista និង Office 2007 នឹងចាត់ចូលក្នុង extended support ចាប់ពីពេលនេះរហូតដល់ខែមេសាឆ្នាំ ២០១៧។
បន្ទាប់ពីផ្តល់ជូនដំណឹងខាងលើហើយ ក្រុមហ៊ុន Microsoft បានណែនាំអតិថិជនរបស់ខ្លួនដែលកំពុងប្រើប្រាស់ Windows XP និង Office 2003 ថា គួរតែប្ដូរមកប្រើ windows 7 និង Office 2010 វិញមុនពេលដែលកំណែទម្រង់ទាំងអស់ត្រូវកាត់ផ្ដាច់ជាស្ថាពរ៕
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភពនិងរូបភាព៖ bgr











