Angelina និង Brad Pitt យល់ព្រមរៀបការហើយ Trackback
បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំច្រើនខែមក គូស្នេហ៍ល្បីល្បាញក្នុងពិភពលោក Angelina និង Brad Pitt បានសម្រេចចិត្តរៀបការនឹងគ្នានៅក្នុងប្រទេសបារាំងនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១២ ខាងមុខនេះ។

គូស្នេហ៍មួយគូនេះគ្រោងរៀបការនៅថ្ងៃទី១១ ខែ សីហាដោយសារតែថ្ងៃនោះគឺចំ នឹងថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់ ៥០ ឆ្នាំ( Golden wedding anniversary) របស់ឪពុកម្ដាយ Brad Pitt លោក Bill និង Jane។
ប្រភពបានប្រាប់ឲ្យដឹងថា Angelina គឺជាអ្នកលើកឡើងនូវគំនិតជួបជុំគ្រួសារដ៏អស្ចារ្យនេះដោយនាងចង់ រៀបចំថ្ងៃពិសេស(ថ្ងៃរៀបអាពាហ៍ពិពាហ៍) របស់នាងនៅចំថ្ងៃខួបអាពាហ៍ពិពាហ៍របស់ឪពុកម្តាយក្មេករបស់នាងតែម្តង។ នៅក្នុងពិធីនោះ កូនៗ របស់តារាសម្ដែងទាំងពីររួមមាន Maddox អាយុ ១០ ឆ្នាំ Pax ៨ ឆ្នាំ Zahara ៧ ឆ្នាំ Shiloh ៦ ឆ្នាំ និង កូនភ្លោះ Knox និង Vivienne អាយុ ៣ ឆ្នាំ នឹងមានតួនាទីផ្សេងៗគ្នាក្នុងពិធីមង្គលរបស់ឪពុកម្ដាយរបស់ពួកគេ។
ភ្ញៀវប្រហែលពី ២០០ ទៅ ៣០០នាក់រួមមាន George Clooney, Matt Damon, Johnny Depp និង Tom Cruise ប្រហែលជាមានវត្តមាននៅក្នុងពិធីដែលប្រារព្ធនៅក្នុងតំបន់ Chateau Miraval ជិតភូមិ Correns ភាគខាងត្បូងតំបន់ផលិតស្រា Aix-en-Provence ប្រទេសបារាំង។
ពាក់ព័ន្ធនឹងពិធីរៀបអាពាហ៍ពិពាហ៍នេះ ប្រភពបានបញ្ជាក់ថា “កូនៗរបស់ Angelina និង Brad Pitt បានសុំឲ្យឪពុកម្ដាយរបស់គេរៀបការជាមួយគ្នាយូរមកហើយ។ ដូច្នេះ វាគឺជាមូលហេតុចម្បងដែលធ្វើឲ្យ Brad និង Angelina យល់ព្រមភ្ជាប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នា។
តារាសម្ដែងវ័យ ៣៦ ឆ្នាំ Angelina ធ្លាប់រៀបការ ២ ដងរួចមកហើយដោយ ស្វាមីដំបូងរបស់នាងគឺតារាសម្ដែង Jonny Lee Miller( ១៩៩៦ ដល់ ១៩៩៩) និង ស្វាមីទី ២ គឺ Billy Bob Thornton ពីឆ្នាំ ២០០០ ដល់២០០៣៕
ប្រែសម្រួល៖ ថារី
ប្រភព & រូបភាព៖ emirates247












