តារា​ចម្រៀង Chris Brown ដែល​ត្រូវ​បាន​ តុលាការ​ដក​ការ​​ហាម​ឃាត់​មិន​អោយ​ចូល​ទឹក​ដី​ចក្រភព​អង់គ្លេស​កាល​ពី​ពេល​ កន្លង​មក​នោះ ឥលូវ​បាន​វិល​ត្រលប់​មក​វិញ​ជាមួយ​បទ​ចម្រៀង​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​ លេខ​មួយ​តាម​រយៈ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា “Deuces” នៅ​ក្នុង​តារាង Billboard។

តារា​ចម្រៀង​វ័យ​២១ ​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​បទ​​ចុង​ក្រោយ​របស់​គាត់​​ដែល​ធ្វើ​អោយ​មាន​ការ​កោត​សរសើរ​នៅ​ ក្នុង​សប្ដាហ៍​នេះ។ ចាប់​តាំង​ពី​មាន​រឿង​វាយ​ដំ​លើ​អតីត​មិត្ត​ស្រី​របស់​គាត់​គឺ​តារា​ចម្រៀង Rihanna កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​មុន​មក គាត់​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ទេ​នៅ​ក្នុង​វិស័យ​តន្ត្រី​និង​បទ​ចម្រៀង។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៩ អាល់ប៊ុម​ទី​បី​របស់​គាត់​មាន​ចំណង​ជើង​ថា “Graffiti” បាន​លក់​​ដាច់​ក្នុង​ ចំនួន​ដ៏​តិច​តួច​បំផុត គឺ​មាន​តែ​២​បទ​ប៉ុណ្ណោះ​នៅ​ក្នុង​អាល់ប៊ុម​នេះ​ដែល​មាន​ការ​គាំទ្រ។ អាល់ប៊ុម “Deuces” ត្រូវ​បាន​ច្រៀង​អម​ ដោយ​​តារា​ចម្រៀង Rap ពីរ​នាក់​ទៀត​ដែរ​​គឺ Tyga និង Kevin McCall ។

Brown ក៏​ជា​តារា​ភាពយន្ត​ ផង​ដែរ។ គាត់​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​រឿង Takers ដែល​កំពុង​តែ​ជាប់​ ចំណាត់​ថ្នាក់​លេខ​មួយ​​ជាមួយ​នឹង​ចំណូល​ខ្ពស់​ជាង​គេ​​​នៅ​ក្នុង​សប្ដាហ៍​ នេះ៕

បកប្រែ៖ ចេង វណ្ណា