នាង ពេជ្រ សិរីរត័្ន បាន​សុំ​ច្បាប់​សម្រាក​ពី​ទូរទស្សន៍​បាយ័ន​តាំង​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​​មុន​ដើម្បី​ចាក​ចេញ​ទៅ​ធ្វើ​ការ​ជា​លក្ខណៈ​ឯកជន​ផង អោយ​ប៉ុស្តិ៍​ដែល​នាង​បម្រើ​ការ​ផង​ ជា​មួយ​ក្រុម​ការងារ​កូរ៉េ​។
លោក​ គង់ វិសាល អ្នក​នាំ​ពាក្យ​និង​ជា​គូ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​សិល្បការិនី​រូប​នេះ​និយាយ​ថា ពេជ្រ សិរី​រត័្ន ​បាន​សុំ​ច្បាប់​ចំនួន​កន្លះ​ខែ ដើម្បី​ចេញ​ទៅ​ថត​កម្មវិធី​មួយ​ជា​មួយ​កូរ៉េ ដែល​ខាង​បាយ័ន​បាន​​ទាក់​ទង​តាំង​ពី​ប៉ុន្មាន​ខែ​មុន។ លោក​និយាយ​ថា នោះ​​ជា​កម្មវិធី​​ថ្មី​របស់​បាយ័ន​ ដែល​បាន​សហការ​ជា​មួយ​ខាង​ទូរទស្សន៍​ល្បី​ល្បាញ​មួយ​របស់​កូរ៉េ​ ដោយ​កម្ម​វិធី​នោះ​នឹង​អាច​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​កូរ៉​ផង។

លោក​បន្ត​​ថា វា​ជា​​​កម្មវិធី​ទេសចរណ៍ ដែល​ខាង​ទូរទស្សន៍​កូរ៉េ ចុះ​មក​ថត​ដល់​ស្រុក​ខ្មែរ ដើម្បី​យក​ទៅ​ចាក់​ផ្សាយ​នៅ​ប្រទេស​នោះ ហើយ​ជ្រើស​​យក​តារា​ខ្មែរ​គឺ​ ​ពេជ្រ សិរី​រ័ត្ន អោយ​​ចូល​រួម​ថត​ជា​មួយ បន្ទាប់​ពី​ទទួល​កិច្ច​សហការ​ជា​មួយ​បាយ័ន ប៉ុន្តែ​មិន​មែន​ជា​កម្មវីធី​ទេសចរណ៏​សមញ្ញៗ​ដូច​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ស្រុក​ទេ គឺ​មាន​លក្ខណៈ​ពិសេស​ជាង​។ លោក​គង់ វិសាល ថ្លែង​ជំនួស​គូ​ស្នេហ៍ ក្នុង​ពេល​ទូរស័ព្ទ​របស់​នាង​ពិបាក​ក្នុង​ការ​ទំនាក់​ទំនងថា «អារ័ត្ន នឹង​បាត់​មុខ​ពី​កម្មវិធី​បន្ត​ផ្ទាល់​ទាំង​អស់​ពីរ​សប្ដាហ៍ ព្រោះ​នាង​ជាប់​ការងារ​ជា​មួយ​ ក្រុម​​​កូរ៉េ​នៅ​បាត់​ដំបង សៀម​រាប ភ្នំពេញ និង​ខេត្ត​ច្រើន​ទៀត​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា នាង​ទៅ​ធ្វើ​អី​ខ្លះ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ទូរស័ព្ទ​នាង​ពិបាក​ទាក់​ទង»។

លោក​គង់ វិសាល​និយាយ​ថា ពេជ្រ សេរី​រ័ត្ន មិន​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​ទេ​ ប៉ុន្តែ​វា​ល្អ​សម្រាប់​បទ​ពិសោធន៍ និង​កិត្តិនាម​ ។ អ្នក​ដឹកនាំ​កម្មវិធី​ដ៏​ល្បី​នេះ​និយាយ​ថា «ការ​ងារ​ហ្នឹង​​ល្អ​ទើប​អារ័ត្ន ទទួល​កុង​ត្រា ហើយ​ពេល​ចប់​ការ​ងារ​កន្លះ​ខែ​ហ្នឹង នឹង​មាន​កិច្ច​កុង​ត្រា​ថត​វគ្គ​ផ្សេងៗ​ច្រើន​ទៀត នៅ​ពេល​ក្រោយ អញ្ចឹង​ហើយ​ទើប​នាង​សប្បាយ​ចិត្ត ព្រោះ​ខាង​កូរ៉េ គេ​ត្រូវ​ការ​កម្មវីធី​បែប​ហ្នឹង​ច្រើន​ទៅ​បញ្ចាំង​នៅ​ប្រទេស​គេ​ដែរ​»។ រយៈ​ពេល​នៃ​ការ​បាត់​មុខ​គូ​ស្នេហ៍​នេះ លោក​បញ្ជាក់​ថា មិន​បារម្ភ​រឿង​នាង​បែក​ចិត្ត​ទេ ព្រោះ​មាន​ការ​យល់​ចិត្ត​គ្នា​ច្បាស់។

អត្ថបទៈសុខ​ឧត្តម
កែសំរួលៈម៉ីសន​​សុធារី