លោក ​ឆោម​ ឆារី​ គ្រូ​បង្វឹក​ដ៏​ល្បី​​​​​​​មួយ​រូប​ផ្នែក​ប្រដាល់​សាកល​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ប្រាប់​”សប្បាយ”​​ថា ​”គ្រប់​កីឡា​ទាំងអស់​មិនថា​តែ​ប្រដាល់​សាកល​ទេ​សុទ្ធ​តែ​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព ​ប្រាជ្ញា​​ ស្មារតី​ កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​ជូន​ជាតិ​មាតុភូមិ​ផង​ដែរ​”​។

លោក ​ឆោម ឆារី​ និយាយ​បែបនេះ​ដោយ​សារ​តែ​មាន​កូន​សិស្ស​ប្រដាល់​សាកល​ពីរ​រូប​របស់​លោក​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ចូល​រួម​ប្រកួត​កីឡា​អេស៊ាន​ហ្គេម​ដែល​នឹង​ប្រារព្ធ​ធ្វើ​​​នៅ​ប្រទេស​ចិន​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​​ គ្រូ​បង្វឹក​​និង​​ជា​អាជ្ញាកណ្ដាល​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​នានា​ក្នុង​ប្រទេស​រូប​នេះ​​ក៏បាន​បញ្ជាក់​ទៀត​ថា ​ការ​លេង​កីឡា​ ឬ​ហាត់​កីឡា​​​​ធ្វើ​អោយ​កាយ​សម្បទា​រឹង​មាំ​ កាល​ណា​កាយ​សម្បទា​រឹង​មាំ​នាំ​អោយ​យើង​មាន​ប្រាជ្ញា​ស្មារតី​ល្អ​។

មួយ​វិញ​ទៀត​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​​កីឡា​ពិត​ជា​លើក​កម្ពស់​កីឡាករ​ លើក​កម្ពស់​កីឡា​ក្នុង​ស្រុក ​​​និង​លើក​កម្ពស់​ប្រទេស​ជាតិ​ផង​ដែរ​​តាមរយៈ​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ដូចជា​អេស៊ាន​ហ្គេម​លើក​នេះ ពីព្រោះ​វា​អាច​ធ្វើ​អោយ​ភ្ញៀវ​ទេសចរ​ដែល​មិន​ទាន់​ស្គាល់​ស្រុក​ខ្មែរ​រឹតតែ​ចង់​មក​លេង​ ចង់​ដឹង​ ចង់​ឃើញ​ថែម​ទៀត​។

សម្រាប់​កីឡាករ​ដែល​ចេញ​ទៅ​ប្រកួត​គេ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេងៗ​និង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ផង​ដែរ ​។​ កីឡាករ​ដែល​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ចិន​លើក​នេះ​គឺ​ កីឡាករ ​ស្វាយ​ រិទ្ធី ​និង ​ផល សុផាត ​ហើយ​ក៏​ជា​កីឡាករ​ដែល​លោក​ឆោម​ ឆារី​មាន​ទំនុក​ចិត្ត​ខ្ពស់​ដោយ​សារ​គេ​ទាំង​ពីរ​មាន​បទ​ពិសោធន៍ ​និង​ទទួល​បាន​មេដាយ​សំរឹទ្ធ​​និង​​ប្រាក់​​ក្នុង​ការប្រកួត​ស៊ីហ្គេម​កន្លង​មក​នៅ​ប្រទេស​ឡាវ​កាល​ឆ្នាំ​២០០៩​។

ចំពោះ​កីឡាករ​ដែល​មិន​ទាន់​មាន​ឱកាស​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក៏​មាន​ទូរទស្សន៍​ជាច្រើន​អញ្ជើញ​អោយ​ពូក​គេ​ឡើង​សង្វៀន​ជា​រៀង​រាល់​ចុង​សប្ដាហ៍​ផង​ដែរ​ដើម្បី​ជា​ថ្នូរ​លើក​ទឹក​ចិត្ត​​និង​លើក​កម្ពស់​វិស័យ​កីឡា​ប្រដាល់​នៅ​កម្ពុជា​អោយ​រីក​ចំរើន​កាន់​តែ​ឆាប់​រហ័ស​។

អេស៊ានហ្គេម​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទី​ក្រុង​​ក្វាងចូវ​ប្រទេស​ចិន​នា​ខែ​វិច្ឆិកា​នេះ​គឺ​ជា​លើក​ទី​១៦​ មាន​ប្រទេស​ចូលរួម​ចំនួន​៤៥​​ និង​មាន​៤២​ប្រ​ភេទ​កីឡា​។ ​​អំឡុង​ពេល​ការ​ប្រកួត​អេស៊ានហ្គេម​នេះ​ចាប់​ពី​ថ្ងៃ​ទី១២ខែ​វិច្ឆិកា​រហូតដល់២៧ខែវិច្ឆកា​២០១០៕

អត្ថបទៈ​ ឆន ទិត្យ
កែសម្រួលៈ ស្រ៊ុន ម៉េងគាង