លី ម៉ារីណា ស៊ូអត់ធ្មត់ដើម្បីស្នេហា! Trackback
ខណៈដែលពេលវេលានៃមង្គលការនៅមិនទាន់អាចកំណត់បាន ដោយសាររង់ចាំគូដណ្ដឹងរត់ការធាននាងចេញទៅសហរដ្ឋអាមេរិកនោះ លី ម៉ារីណា ដែលធ្លាប់ជំពប់រឿងខកចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយនិយាយថា នាងនឹងអត់ធ្មត់គ្រប់យ៉ាងជាមួយស្នេហាទីពីរនេះ ដោយមិនអោយធ្លាក់ខ្លួនជាមេម៉ាយពីរភ្លើងឡើយ។
តារារូបស្រស់ លី ម៉ារីណា និយាយប្រាប់”សប្បាយ”ថា តាមគម្រោងដំណើរការនោះស៊ីពេលប្រមាណជា៦ខែទៀត ហើយនៅពេលនាងប្រាកដថាបានចេញទៅអាមេរិកដោយស្របច្បាប់នោះពិធីអាពាហ៍ពិពាហ៍នឹងកើតមានតែបើថាលទ្ធផលមានភាពយឺតយ៉ាវ នោះក៏ពន្យាទៅតាមនោះដែរ។
ក្នុងការរង់ចាំដែលហាក់នៅវែងឆ្ងាយនៅឡើយនេះ ស្រីស្អាតមិនរុះរោយរូបនេះលើកឡើងថា នាងក៏បារម្ភខ្លាចមានរឿងមិនល្អកើតឡើងដែរ ប៉ុន្តែនាងតំាងចិត្តថាអត់ធ្មត់អោយដល់ទីបញ្ចប់ ដោយមិនអោយជួបរឿងបរាជ័យជាលើកទីពីរទៀតទេ។ តារាដែលមានសុភមង្គលផ្លូវចិត្តក្រោយពេលភ្ជាប់ពាក្យរូបនេះនិយាយថា «ត្បិតថាពេលវេលានៅឆ្ងាយ តែខ្ញុំនឹងតស៊ូមិនអោយជួបរឿងប្រេះឆា ក្នុងពេលមានឈ្មោះត្រឹមជាគូដណ្ដឹង ឬក្រោយពេលរៀបការឡើយ ម្យ៉ាងខ្ញុំជឿជាក់លើភាពនឹងន៎ និងនិស្ស័យល្អរបស់គូដណ្ដឹងខ្ញុំ»។

ជាមួយនឹងអំណះអំណាងនេះ លី ម៉ារីណា ប្រាប់ថា អ្នកនាងនឹងតាំងចិត្តខាំមាត់ គ្រប់ព័ត៌មានដែលលេចឮមិនល្អទាំងអស់ មុនពេលចំណងអាពាហ៍ពិពាហ៍មិនទាន់ឈានដល់គោលដៅ។
តារាដែលមានជំនឿចិត្តទាំងស្រុងថានឹងមិនបរាជ័យស្នេហាលើកនេះនិយាយថា «ក្នុងនាមជាតារាខ្ញុំជឿថា រឿងអាស្រូវនឹងបោកបក់ចំពោះស្នេហាខ្ញុំ តែខ្ញុំតែងប្រាប់គូដណ្ដឹងខ្ញុំជានិច្ចថា កុំអោយគាត់គិត ហើយខ្ញុំក៏នឹងខំអត់ធ្មត់គ្រប់យ៉ាង ដើម្បីមិនអោយកើតរឿងអកុសលទាំងនោះដែរ»។
នាងបន្តថា តាំងពីនាងភ្ជាប់ពាក្យមកនាងមិនដែលស្និទ្ធស្នាល ជាមួយបុរសណាទៀតឡើយ សូម្បីតែតារាសិល្បៈដែលធ្លាប់លេងសើចជាមួយគ្នានាគ្រាមុនៗ។ អ្វីដែលនាងបានបំពេញមុខគូដណ្ដឹងបំផុតនោះ គឺថានាងតែងបណ្ដើរលោកគ្រប់សកម្មភាពដែលនាងបង្ហាញមុខទាំងអស់ មិនថាក្នុងកម្មវិធីជួបជុំអ្នកសិល្បករ ឬការងារបង្ហាញម៉ូដឡើយ។
នាងបញ្ជាក់ថា «ទោះជាគូដណ្ដឹងខ្ញុំមិនមែនជាមនុស្សប្រច័ណ្ឌ តែយើងជាស្រីត្រូវតែដឹងខ្លួនថាធ្វើអ្វីសម និងអ្វីមិនសម ហើយខ្ញុំតែងផ្ដល់តម្លៃអោយគាត់ជានិច្ច គ្រប់ពេលដែលខ្ញុំទៅណា ឬធ្វើអីខ្ញុំមិនសម្រេចចិត្តឯងទៀតទេ! ខ្ញុំនឹងខំអត់ធ្មត់គ្រប់រឿងដើម្បីអនាគតពួកយើង»។
តាមរយៈការតាំងចិត្ត និងភាពនឹងន៎ ក្នុងនាមជាតារាល្បីល្បាញមួយរូបដែលមិនបណ្ដោយអោយអំណាចទឹកប្រាក់នៃបុរសទ្រព្យស្ដុកអូសទាញបានក្នុងពេលកន្លងមក មហាជនជឿជាក់ថា ជីវិតស្នេហាចុងក្រោយរបស់លី ម៉ារីណា នឹងមិនជួបវាសនាអកុសលទៀតឡើយ។ ជាមួយគ្នានេះអ្នកគាំទ្រតារារូបនេះម្នាក់ៗប្រាកដក្នុងចិត្តថា អ្នកនាងនឹងមានសំណាងក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយកន្លង់អាមេរិករូបនេះទៀតផង៕
អត្ថបទៈ សុវណ្ណរដ្ឋ
កែសំរួលៈ ម៉ីសនសុធារី










